Lion Bronze

បន្ទាប់ពីបានដាក់អត្ថបទអំពីរូបបដិមាតោនៅវត្តព្រះកែវមានអ្នកភូមិយើងមួយចំនួនចង់ដឹងថា​តើ​បដិមាតោ​ទាំងនោះពិតជាយកចេញពីអង្គរវត្តមែនឬយ៉ាងណា ?

តាមរយៈសៀវភៅដែលមានចំណងជើងថា ANGKOR AND KHMER CIVILIZATION និពន្ធដោយ លោក Michael D. Coe ត្រង់ទំព័រ ១៣៧ បាននិយាយអំពីរឿងសំណាកតោនេះថា ៖

Michale D. Coe 2005 p137

ក្នុងចំណោមសំណាកតោទាំង១២ដូចដែលលើកឡើងខាងលើហ្នឹង ខ្ញុំឃើញតែ ៥ នៅខាងមុខព្រះវិហារ​ព្រះកែវ ។​បើចង់ដឹងច្បាស់​អំពីរឿងនេះ​ ពិសេសអំពីតម្លៃស្នាដៃដូនតាយើងដ៏កាត់ថ្លៃមិនបាន​នោះ ​ញាតិ​ញោម​ អាច​អាន​សៀវភៅខាងលើបន្ថែម ដែលមានគម្របដូចបានបង្ហាញខាងក្រោម។

316825-LaANGKORaP5100078a

លកញ្ចក់ណូគៀ៖ ការពិត ឬ កាពឹត

អត់មែនជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាទេ ប៉ុន្ដែថ្ងៃនេះ (២៤ ឧសភា ២០១២) ឃើញ​គេ​ផ្សាយរឿងហឹង្សាមួយនៅទូរទស្សន៍ថៃប៉ុស្ដិលេខ៣ ទើបចាប់អារម្មណ៍នឹងរឿងនោះ ។ ខាងទូរទស្សន៍​គេមិនបានប្រាប់ថាតួអង្គអ្នកដែលត្រូវធ្វើទារុណកម្មឈ្មោះអីទេ។ សាកសួរទៅបងយូធូប គេថាគេ​មាន​រឿងហ្នឹងដែរ (Nokia Lumia Screen 900 Hammer Test ) ។ ចឹងហើយទើបទៅរកឃើញហើយយក​មកចែកញាតិមើលលេង ។ មើលហើយជឿមិនជឿក៏ស្រេចទៅតាមការយល់ឃើញទៅចុះ ។ តែបើក្រោយមើលហើយ ចង់សាក សូមអានអក្សរធ្លោជាមុនផងមុននឹងផ្ដើម ។

 

តែសម្រាប់របស់ខ្ញុំវិញ ១០០% មិនធ្វើចឹងទេ ខ្ញុំថ្នមសឹងអីហ្នឹង!!!

រូបបដិមាតោនៅវត្តព្រះកែវ

នៅថ្ងៃទី ១០ ខែឧសភា ២០១២ ម៉ោង ១២ ថ្ងៃត្រង់ យើងបានទៅទស្សនារាជវាំង និង សារមន្ទីជាតិក្នុង ក្រុងបាងកក ។ ទស្សនាចរធ្វើឡើងប្រញាប់ប្រញាល់ ព្រោះយើងបានដើរមើលត្រួសៗ ប៉ុណ្ណោះ ព្រោះ  ពេលវេលាខ្លី ។ ទោះយ៉ាងណាយើងបានចំណាំទុកកន្លែងមួយចំនួនដោយសង្ឃឹម ថាអនាគត​នឹង​មាន​ឱកាសបានមកម្តងទៀតដើម្បីប្រមូលយកចំណេះដឹងស៊ីជម្រៅពីកន្លែងទាំងនោះ ។ ដំណើរ ទស្សនា មិន​មានមគ្គុទ្ទេសអ្វីទេ គឺយើងទស្សនាបែបអ្នកស្រុក គឺទៅមើលរូបសណ្ឋាននៃអគារ និង សំណង់ នានា ប៉ុណ្ណោះ ចំពោះប្រវត្ដិលម្អិត និងអ្វីៗទាក់ទងនឹងទីកន្លែងទាំងនោះយើងមិនបានដឹងទេ ។ ក្នុង​ដំណើរ​ទាំង​ទៅទាំងមកនោះ ក៏សូមអរគុណ លោកអ៊ំចម្រើនជ័យ (ឈ្មោះជាភាសាថៃអានថា ឆ រ៉ើន ឆ័យ) ដែល​ផ្តល់ភាពកក់ក្តៅក្នុងការធ្វើដំណើរដល់ក្រុមគ្រួសារនាងខ្ញុំ ។

ខ្ញុំមិនមានជំនាញអ្វីទាំងទងនឹងប្រវត្ដិសាស្រ្ដ ឬសំណង់សិល្បៈបូរាណទេ ហេតុនេះការដើរកំសាន្ដ នាគ្រា នេះជាការទៅឃើញសំណង់អាគារ ប្រាសាទដែលជាងគេខិតខំឆ្លាក់យ៉ាងវិចិត្រ ។ បានឃើញតែប៉ុណ្ណឹង តែបើសួរថា រាល់ចម្លាក់ទាំងនោះមានប្រយោជន៍យ៉ាងណា មានតម្លៃសិល្បៈយ៉ាងណានោះ សូមមេត្ដា កុំចូលមកជិតហើយសួរអី ព្រោះអត់ដឹងទេ ។ ត្រង់នេះប្រហែលជាមិនខុសពីខ្មែរមួយភាគធំ (ឬក៏មាន ថៃ មួយ​ភាគធំដែរក៏មិនដឹង) ដែលចូលមើលរាជវាំង ឬសំណង់ប្រាសាទរបស់ខ្លួន ឬ ទីកំសាន្ដ ប្រវត្ដិ សាស្រ្ដនានា ហើយបានត្រឹមថតរូប តាមកន្លែងស្អាត ៗ ហើយយកទៅបង្អួតញាតិញោមថាខ្លួនបានទៅ (នឹងគេ)ដែរ ។ និយាយដល់ត្រឹមនេះ ធ្វើឲ្យនឹកឃើញលោកអ៊ំម្នាក់នៅក្បែរផ្ទះ (នៅឯភ្នំពេញ) ។ គាត់ បាននាំក្រុមគ្រួសារ និង អ្នកក្បែរផ្ទះចូលទៅលេងវាំងភ្នំពេញ ។ ពេលត្រឡប់មកវិញ ខ្ញុំសួរគាត់ថា អ៊ំទៅ​លេង​វាំងបានអីខ្លះ ? គាត់ឆ្លើយថា អូ! ឃើញត្រីគេចិញ្ចឹមធំ ៗ ណាស់ ។ មានខ្មែរ​យើង​មិន​តិច​ទេ​រួម​ទាំង​ខ្ញុំ​ផងដែលទៅលេងអង្គរ ហើយបានត្រឹមទៅមើលដំថ្ម ឬទៅដល់ភ្នំគូលេន​ដើម្បី​ទៅ​ងូត​ទឹក​ជ្រោះ​នៅ​ទី​នោះ ។ សារៈប្រយោជន៍ក្រៅពីនេះអំពីកេរតំណែលដ៏អស្ចារ្យអំពីទីនោះទំនងជាមានតិចទេ ។

នៅ​មុខព្រះវិហារព្រះកែវមរកតមានបដិមាតោបួន តាមឯកសារនានា បដិមាទាំងនោះជារបស់ខ្មែរ​ដែល​ថៃយកមកពីប្រាសាទអង្គរវត្ដ ។ ខ្ញុំហាក់ដូចជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ពេល​ដែល​បាន​ទៅឃើញ​រូប​តោ​ទាំង​នោះ ឈរចាំទទួលភ្ញៀវទេសចរណ៍ រាប់រយនាក់ក្នុងមួយថ្ងៃ ៗ នៅលើទឹកដីគេដូច្នេះ ។ តោទាំង​នោះ​ធ្វើអំពីស្ពាន់ ឬ សំរិទ្ធ (ខ្ញុំក៏មិនច្បាស់ដែរ បើសិនជាមានបងប្អូនណាដឹងជួយប្រាប់ផង) លោក​ទាំង​បួន​ឈរជង្រ្គឹងនៅមុខវិហារព្រះកែវមរកត ។ អត់មានគំនិតអាក្រក់អ្វីទេ តែនេះរលក​រញ្ជួយ​ចិត្ដ​វា​ផុស​ចេញ​ពីក្រឱបេះដូងរបស់អនុជនដែលបុព្វបុរសខ្លួនបានសាងវត្ថុនេះឡើង ។ ខ្ញុំបានថតរូបតោទាំងនេះ និងបានទៅស្ទាបអង្អែលដោយរំជួលចិត្ដ ។ អ្នកផងប្រហែលជាមិនដឹងអំពីអារម្មណ៍ខ្ញុំនាពេលនេះទេ ឬក៏គេគិតថា ខ្ញុំអង្អែលខ្នងតោសុំលេខផងក៏មិនដឹង ។ មនុស្សស្រុកថៃមួយ​ភាគធំដែល​ចូល​ចិត្ដ​លេង​ឆ្នោត​គេនិយមសុំលេខដូចមនុស្សស្រុកយើងដែរ គឺយកម្សៅ ឬ ដៃទៅអង្អែល​លើវត្វុអ្វីមួយ​ដែល​គេ​​ជឿថា​សក្តិសិទ្ធ ហើយ​ផ្ទៀងមើលលេខ នៅលើនោះ។ ខ្ញុំលើកដៃបួង​សួង​នៅ​ចំពោះ​មុខ​តោទាំង​នោះ​ទាំង​​អារម្មណ៍ក្តុកក្តួល ហើយក៏ដើរចេញទៅកាន់កន្លែងផ្សេងទៀតជាបន្ត សូមបញ្ជាក់ថាភ្ញៀវទេសចរណ៍ ស្ទើរតែទាំងអស់​គេនាំគ្នាចូលទៅបួងសួងក្នង​ព្រះវិហារព្រះកែវ​ដើម្បីសុំសេចក្តីសុខ និង សុំពរផ្សេង ៗ ។ ​ពេលនោះខ្ញុំហាក់ដូចជាបានជួបដូនតាយើងដែលបានបែកគ្នា ជាច្រើនរយឆ្នាំដូច្នោះដែរ ខ្ញុំគិត​លោក​ក៏​នឹក​កូនខ្មែរគ្រប់រូប នឹកស្រុកកំណើតលោកដូចជាពួកយើងដែរ (អារម្មណ៍មនុស្ស​ដែលឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ពិតជាមិនខុសគ្នាប៉ុន្មាននោះទេ) ប្រសិនជាលោកអាចនិយាយបាន លោកពិត​ជារៀប​រាប់​អំពី​ទុក្ខ​សោកក្នុងរយៈពេលដែលរស់នៅទីនេះច្រើនជាង​ភាពសប្បាយរីករាយជាមិនខាន ។ នេះគ្រា​ន់​តែជា​គំនិត​ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ។

នៅមានវត្ថុប្រើប្រាស់ រូបចម្លាក់ និង ឧបករណ៍ជាច្រើនទៀតដែលនាំយកមកពីស្រុកខ្មែរ យើង ។ ចាំមាន​ឱកាស​ខ្ញុំនិងលើកយកបង្ហាញជាបន្តទៀត តែមិនដឹងពេលណា នោះទេ ព្រោះមួយ​រយៈនេះ​ក៏មិន​សូវ​បាន​អើតផ្ទះប៉ុន្មានដែរ ។

P5100072aP510007aP5100082aP5100083a

គុណប្រយោជន៍នៃបាយ

បួនឆ្នាំមុននេះកូនៗធ្លាប់បានទៅរៀននៅសាលាឯកជននៅស្រុកយើង ។ ប៉ុន្ដែខ្ញុំមិនដែលឮគេ​សូត្រ​ឬ និយាយ ពីទម្លាប់មុនការទទួលទាន ឬ គុណប្រយោជន៍​នៃបាយម្តងណាឡើយ ។ តែនៅពេលនេះ​ខ្ញុំក៏ មិនបានដឹងថា តើ ក្មេងៗនៅស្រុកយើងគេមានទម្លាប់ឲ្យរំឭកគុណបាយមុននឹងញ៉ាំបាយហើយ​ឬនៅ ? ពីមុនធ្លាប់ឃើញជនបរទេស មួយចំនួនអង្គុយទ្រឹងមួយស្របក់មុននឹងគេចាប់ផ្ដើមទទួល​ទាន​​អាហារ(ជា​ពិសេសក្នុងភាពយន្ត​អាមេរិកាំងអ្នកដែលកាន់សាសនាគ្រឹស្ត)។ មុនដំបូង​ក៏នឹកឆ្ងល់​ដែរថា​តើ​គេ​​​ធ្វើ​អ្វី​ហ្នឹង ?

ទើបមកប៉ុន្មានឆ្នាំមុននេះ ក្រោយពីកូនៗបានចុះឈ្មោះចូលរៀននៅសាលាថៃ ខ្ញុំបាន​ឮពួក​គេសូត្រ​បទ​ដែល​មានខ្លឹមសារទាក់ទងនឹងបាយ គេសូត្រមុនពេលទទួលទាន  ។ ខ្ញុំចាប់អារម្មណ៍នឹងរឿងនេះ ហើយ​គិត​ថានេះ​ជាវិធីល្អ​មួយដែល​អប់រំ​កុមារឲ្យដឹងអំពីគុណប្រយោជន៍នៃគ្រាប់បាយ​ ។​ ខ្ញុំបានប្រែ​ខ្លឹម​សារ​នៃ​បទ​សូត្រនេះ​ជាភាសា​ខ្មែរ​ផ្ទាប់​ដោយភាសាថៃ មានចុងចួនខ្លះមិនមានខ្លះ ព្រោះមិនពូកែ​ខាង​កំណាព្យ​ផង ។ ហេតុនេះបើបងប្អូន ញាតិញោម​ណាចាប់អារម្មណ៍មេត្តាជួយសម្រួលតាមការគួរផង ។

ខ្លឹមសារ​នៃអត្ថបទសូត្រ​នោះមាន​ដូចតទៅ ៖

បាយអើយ ៗ បាយ ข้าวเอ๋ยข้าวสุก

ជនរាល់រូបកាយ ត្រូវមានបាយជាអាហារ เราต้องกินทุกบ้านทุกฐานถิ่น

មុននឹងបានអ្នកមកពិសា กว่าจะได้ข้าวมาให้เรากิน

អ្នកស្រែធ្វើការ នឿយស្ទើរវាល់ឆ្នាំ ชาวนาสิ้นกำลังเกือบทั้งปี…
លោកត្រូវទ្រាំក្ដៅ ទ្រាំភ្លៀងរងារព្យុះ ต้องทนแดด ทนฝน ทนลมหนาว

ទម្រាំបានបាយនោះមកនេះណា กว่าจะได้ข้าวจากนามาถึงนี่
ហេតុនេះគួរចាំរាល់រូបា คนกินข้าวควรจำไว้ให้จงดี
គុណកសិករមហាត្រាមិនបាន ។ ชาวนามีคุณแก่เราไม่เบาเลย..
បាយគ្រប់ចានអាហារគ្រប់យ៉ាង ข้าวทุกจานอาหารทุกอย่าง
ដួសហើយហូបកុំខាន សល់ចោលអសារ อย่ากินทิ้งขว้างเป็นของมีค่า
អ្នកក្រអ្នកក្សត់ច្រើនក្រាស់ណាស់ណា ผู้คนอดอยากมีมากหนักหนา
អាសូរនេត្រាកុមារទុរគត ។ สงสารบรรดาเด็กตาดำ ๆ

បើស្រុកយើងមានកម្មវិធីនេះដែរជាការប្រសើរមួយ ។ ព្រោះយ៉ាងតិចបំផុត ក៏អាចជួយឲ្យក្មេង ៗ មាន​គំនិត​​សន្សំសំចៃ យល់អំពីតម្លៃ និង ការលំបាកក្នុងការធ្វើស្រែដើម្បីបានស្រូវនេះដែរ ។

“នៅពេលដែលអ្នកពិសាសល់ មានមនុស្សជាច្រើនលាននាក់កំពុងតែស្រេកឃ្លាន”។

US_long_grain_ricea16012012349a

Koeh-232a21112011313a

Library Summer Camp 2012

Library Summer Camp គឺជាកម្មវិធីមួយដែលលើកទឹកចិត្តឲ្យកុមារស្ថិត​ក្នុងថ្នាក់បឋមសិក្សា ចូលចិត្ត​ចាប់អារម្មណ៍ និង ស្រឡាញ់​ការអានកាន់​តែខ្លាំងឡើង ៗ ។ ដោយ​កម្មវិធីនេះជម្រុញឲ្យពួកគេ​ប្រើប្រាស់​ពេលវេលា​ឲ្យមានប្រយោជន៍ជៀសវាងយកពេលវេលា​ទៅ​ដើរលេងជាមួយ​មិត្តភក្តិ ឬ ទៅ លេងហ្គេម។​Library Summer Camp បានរៀបចំឡើង​ ក្នុង​រយៈពេល ៣ថ្ងៃគឺចាប់តាំងពីថ្ងៃទី២៥-២៧ មេសា ឆ្នាំ ២០១២ ស្ថិតនៅ​ក្នុង បណ្ណាល័យ(អាគារ A)​របស់​សាកល​វិទ្យា​ល័យ​​មហា​សារ​ខាម ។

នៅរយៈពេលបីថ្ងៃនេះគេមានបញ្ចូល​នូវ​ កម្មវិធី​ជា​ច្រើន​ដូចជា ការនិទាន​រឿងដោយមានតួអង្គ​មកសម្តែង ការអានសៀវភៅ​ និង ការនិពន្ធរឿង​ខ្លី​ ៗរបស់ក្មេង ៗ ដែលចូលរួម​ដោយបង្ហាញពីអារម្មណ៍ស្រមើ ស្រម័យ​របស់ពួកគេផ្ទាល់ ។ បង្រៀនពីការសរសេរកំណត់​ហេតុ​ប្រចាំ​​ថ្ងៃ វិធីសាស្រ្តផាត់ព័ណ៌ ការស្វែង រក​សៀវភៅតាមរយៈអ៊ីនធើណែត និង​ វិធីស្វែងរក​សៀវភៅ​នៅក្នុង​បណ្ណាល័យ​តាមរយៈ​កុំព្យូទ័រ … ។

កូន ៗ គេសប្បាយ​ចិត្ត​ណាស់ ព្រោះម្សិលមិញគេទទួលបានរង្វាន់ពីអ្នកគ្រូ កូននេត្របានសៀវភៅ ចំណែក​​នីតា​​បានប៊ិច ថ្ងៃនេះ​ជាថ្ងៃចុងក្រោយ​ គេប្រាប់ថា នឹងយកឈ្នះ​មិត្រភក្តិថៃរបស់គេក្នុងការសរសេរ​រឿង​និទានឲ្យបាន ! ពេលបានឮកូននិយាយដូច្នោះ អារម្មណ៍យើងជាឪពុកម្តាយរំភើបណាស់ ហើយ​ពិត​ជា​សប្បាយចិត្តណាស់​ដែលកូន ៗ មានការតាំងចិត្តបែបនេះ ។

សូមបញ្ជាក់ផងដែរ​ថានេះជាលើកទី ២របស់កម្មវិធី Library Summer Camp

Library Summer Camp 2011

library Summer Camp 2012

 20120427154742_2alibrarysummercamp1aP4250012aP4250028aP4270066a

ប៉ម ឬ ប៉ោម

ខ្ញុំធ្លាប់តែហៅផ្លែឈើម្យ៉ាងដែលត្រូវនឹងពាក្យភាសាអង់គ្លេសថា​ apple ឬបារាំងថា​ pomme ថា “ប៉ោម” ។ ទើបមកប្លែកត្រចៀកដោយមានអ្នកខ្លះហៅផ្លែឈើខាងលើថា ប៉ម ។

កាលពីនៅក្មេង ៗ មិនធ្លាប់បានញ៉ាំផ្លែប៉ោមទេ ផ្លែឈើដែលពេញនិយមសម្រាប់​ពួកក្មេង ៗ ជំនាន់ខ្ញុំគឺជាផ្លែឈើ​ប្រចាំភូមិស្រុករបស់យើង មានដូចជា ផ្លែក្រខុប ក្ងោក អំពិលទឹក កន្ធំថេត អំពិលខ្ចី ទុំ អូញម៉ូញជាដើម ។ កាលពីថ្ងៃចូលឆ្នាំរៀបរណ្តាប់ទទួលទេវតាមានផ្លែឈើជាច្រើនមុខដើម្បីទទួលទេវតា​ឆ្នាំថ្មី ។ ក្រោយពីទទួលទេវតាចប់សព្វ គ្រប់ហើយ ក៏យក​ផ្លែឈើ​ទាំងនោះ​មក​ចិត​ញ៉ាំ​ក្នុង​នោះ​មាន​ផ្លែប៉ោមផងដែរ ។ ចិត​ដាក់ចាន​រួចរាល់ហើយក៏បបួលក្មួយៗ ឲ្យមកញ៉ាំជាមួយគ្នា ។ ស្រាប់​តែ​ពេលនោះគេ​ឆ្លើយ​បែប​ស្រុះ​គ្នាមកថា “មីង អាមួយ​ហ្នឹងគេហៅថា​ផ្លែ​ប៉ម មិនមែនប៉ោមទេ សង្ស័យ​តែមីង​ភ្លេច​ខ្មែរ​អស់​ហើយ​មើលទៅ ?” ក្មួយ​ខ្ញុំ​និយាយបណ្តើរសើច​បណ្តើរ​តាម​និស្ស័យ​របស់​ក្មេង ៗ ។ មិនបង្អង់យូរ ស្ទុះភ្លែតទៅបើកគម្ពីរមើល ហ្អាស់! ហ្អា ក្មួយៗ ចាញ់មីងហើយ លើក​គម្ពីរ​មក​ហើយ​អាន​ឲ្យពួកគេសា្តប់ ពេលនេះ​ដល់ វេន មីងសើចម្តងវិញហើយ ។

ខ្ញុំបានព្យាយាមសួរក្មេង ៗ និង ចាស់ៗ ជាច្រើននាក់ទៀត ប៉ុន្តែចម្លើយរបស់ពួកគាត់គឺ “ប៉ម” ​ចុះបងប្អូនអ្នកភូមិយើងវិញហៅ “ប៉ម ឬ ប៉ោម” តាមទម្លាប់ភាសានិយាយណា៎?

clip_image002clip_image004imageimage

ជីវិតកម្មករឆ្លងដែន

បន្ទាប់ពីថ្ងៃចូលឆ្នាំបានបញ្ចប់ទៅម្នាក់ ៗហាក់ដូចជាធូរហោប៉ៅ មិនសូវ ហ៊ាន ចាយ វាយ សេរី ដូច ជាថ្ងៃ ចូល ឆ្នាំ នោះ ទេ ។ ដោយគិតថាចូលឆ្នាំហើយភ្លាម ៗ ពិតជាមនុស្សច្រើនណាស់ ព្រោះម្នាក់ ៗ សម្រុក ចេញ ពីទីក្រុងទៅកាន់ខេត្តនានាដែលជាគោលដៅកន្លែងការងាររបស់ខ្លួន ចំណែក ឯ កម្មករ កម្មការី វិញក៏ត្រូវនាំគ្នាត្រឡប់មកទីក្រុងវិញដែរ ដូច្នេះទាំងទៅទាំងមកគឺមនុស្សពេញដូចគ្នា ។ ការធ្វើដំណើរ ទៅមក ណែន តាន់ តាប់ បែបនេះ មិនមែនមានតែនៅក្នុងទីក្រុងភ្នំពេញ ឬ តាមបណ្តាខេត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ច្រកទ្វារអន្តរជាតិប៉យប៉ែតវិញ កម្មករកម្មការីចំណាកស្រុកជាច្រើនពាន់នាក់កំពុងតម្រៀបជួរគ្នាដើម្បីចូលទៅធ្វើ ការនៅប្រទេសថៃ ។

ការចេញចូលរបស់ពួកគាត់ត្រូវបានទទួលស្គាល់ពីក្រសួងកាងារ និង មន្រ្តីអន្តោប្រវេសន្ត៍ ពោលគឺពួក គាត់ទៅមកដោយស្របច្បាប់ ។ តែអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅពេលនេះគឺមន្រ្តីអន្តោប្រវេសន្ត៍នៅច្រកប៉យប៉ែតគាត់សប្បាយនឹងកើបលុយពីកម្មករទាំងអស់នោះណាស់ ហើយវិធីរបស់គាត់ស្របច្បាប់ទៀតផង ។ គាត់មានវិធីកៀបស៊ីលុយអ្នកក្រីក្រ អ្នកដែលមានចំណេះដឹងតិចតួចដោយធម៌ត្រជាក់ដោយមុននឹងចាកចេញពីប្រទេសយើងគេតម្រូវឲ្យសរសេរលិខិតចេញពីប្រទេសមួយសន្លឹកជាភាសាអង់គ្លេសដើម្បីភ្ជាប់ជាមួយប៉ាស្ព័រ គេយកថ្លៃសរសេរឲ្យ៤០បាត្រ និង ១០០ បាត្រទៀតសម្រាប់ថ្លៃវាយត្រាលើប៉ាស្ព័រនិងបានចេញទៅភ្លាមៗដោយមិនបាច់តម្រង់ជួរជាមួយគេឯង ។ សូមបញ្ជាក់ថាតម្លៃ១៤០បាត្រឬ៥ដុល្លា បើគ្មានលុយបាត្រ ឬ ដុល្លាទេនោះ គេយកលុយខ្មែរក្នុងម្នាក់ ២០០០០រៀលនេះជាសេវាកម្មដែលមិនមានការបង្ខិតបង្ខំ តែបើគិតយូរៗ ទៅវាប្រៀបបីដូចជា អារកខ្ចងហុតឈាមដូច្នោះដែរ។

ក្រុមគ្រួសារយើងបោះត្រាលើលិខិតឆ្លងដែនខាងស្រុកយើងរួចរាល់ហើយក៏នាំគ្នាដើរឆ្លងចូលទឹកដីថៃ ពេលនោះក្មេងដែលអូសឥវ៉ាន់ឲ្យយើងបានប្រាប់ថា ថ្ងៃនេះមនុស្សច្រើនណាស់តាំងពីព្រឹកដល់ពេលនេះ(ម៉ោងប្រហែល ៥ល្ងាច)ហើយមនុស្សនៅកកកុញខាងមុខការិយាល័យត្រួតពិនិត្យលិខិតឆ្លងដែនរបស់ថៃ ។ យើងឃើញថាកម្មករដែលឆ្លងផុតពីដំណាក់កាល១៤០បាត្រអម្បាញ់មិញនេះ កំពុងជួលគេឲ្យសរសេរលិខិតមួយទៀតដើម្បីចូលក្នុងទឹកដីថៃ ជាភាសាអង់គ្លេសដូចគ្នា និង ខាងខ្មែរយើងដែរ តម្លៃ ៤០បាត្រ ។ អ្នកដែលកំពុងអង្គុយសរសេរនោះជាជនជាតិខ្មែរគ្នាឯងដដែល ។ មិនទាន់បានចូលទឹកដីថៃផងអស់១៨០បាត្រទៅហើយ ។ ពេលនោះក្មេងអូសរទេះនោះលួចខ្សិបទៀតថា មនុស្សច្រើនអញ្ចឹង បើចង់ឆាប់បានចេញទាល់តែឲ្យគេ ៣០០បាត្រទើបបានចេញ ។ ខ្ញុំនិងស្វាមីខ្ញុំមើលមុខគ្នាបែបឆ្ងល់ ព្រោះមិនដែលជួបបែបហ្នឹង(តាមពិតវាគ្រាន់តែជាពាក្យដែលគេនិយាយបង្អើលកម្មករខ្មែរយើងប៉ុណ្ណោះ ព្រោះម្នាក់ ៗ ប្រញាប់ខ្លាចខកឡាន និង ខ្លាចហួសថ្ងៃចូលធ្វើការ) ពោលគឺកម្មករខ្មែរយើងភាគច្រើនជាមនុស្សឆាប់ជឿគេណាស់ នេះមកពីចំណេះដឹងរបស់ពួកគាត់នៅមានកម្រិតទាបនៅឡើយ ។

មកដល់ខាងក្នុងកន្លែងពិនិត្យលិខិតឆ្លងដែនខាងថៃ មន្រ្តីអន្តោប្រវេសន្ត៍ខាងថៃគាត់និយាយថា ថ្ងៃនេះមនុស្សច្រើនតាំងពីព្រលឹមរហូតមកដល់ពេលនេះនៅតែច្រើនទៀត គាត់រអ៊ូដោយបង្ហាញទឹកមុខហត់នឿយដែលខុសប្លែកពីខាងខ្មែរយើង ធ្វើការដោយភាពញញឹមប្រិមប្រិយ ដោយមិនខ្លាចនឿយហត់ (សាកគិតលេងសិន ម្នាក់ ១៤០បាត្រ ឬ ៥ ដុល្លា ចុះបើមនុស្សចូលទៅទឹកដីថៃ ថ្ងៃនេះ ៨០០០-១០០០០នាក់ តើគាត់បានប៉ុន្មានហើយ ឱ! ពុទ្ធោមួយថ្ងៃសោះគាត់អាចរកលុយបាន ៤០០០០-៥០០០០ដុល្លា ពិតជាលុយបានមកដោយធម៌មែន!) ។ ដោយចាំសម្តីក្មេងអូសឥវ៉ាន់ប្រាប់ខ្ញុំក៏ព្យាយាមតាមដានសកម្មភាពនានារបស់មន្រ្តីអន្តោប្រវេសន្ត៍ខាងថៃ តែមិនឃើញមានអ្វីខុសប្លែកសោះ គឺតម្រង់ជួរនិងឆែកប៉ាស្ព័រតាមធម្មតា មិនដូចជាពាក្យដែលក្មេងនោះនិយាយសោះ។ ចេញផុតពីព្រំដែនយើងក៏ឡានជិះមកកាន់គោលដៅរបស់យើង ដោយមានខ្មែរជាច្រើននាក់ជិះលើនោះ អ្នកបើកឡានក៏បើកចូលប៉ុស្តិ៍ប៉ូលីសម្តងទៀត ដើម្បីឆែកឆេរលិខិតឆ្លងដែនជាលើកទី២ ។ នៅលើឡានមានខ្មែរបីនាក់ មិនដឹងថាគាត់មានបញ្ហាអីនោះទេ ប៉ូលីសក៏បានហៅគាត់ចុះហើយនាំចូលបន្ទប់ មួយសន្ទុះក្រោយមកក៏ចេញមកវិញ ។

សរុបមកខាងគេរបៀបស៊ីលើស៊ីក្រោមមានដូចគ្នាតែមិនមែនលាតត្រដាង ឬ ស្រែកកោកៗដូចខាងយើងនោះទេ គេមានរបៀបស៊ីថ្លៃថ្នូរជាងខាងយើង ។

រឿងប្រហែលៗ

  1. អាជ្ញាធរថៃតម្រូវ…

ក្រតែចាយច្រើន ?

ប្រទេសអ្នកមានគេចេះចាយ ប្រទេសអ្នកក្រដឹងតែពីចាយ ។ ត្រង់នេះខ្ញុំចង់និយាយដល់ រឿងដែលស្រុក យើងនិងស្រុកគេមានវិធីផ្សេងគ្នាក្នុងការកាត់បន្ថយការចំណាយរបស់រាស្ដ្រ ។ និយាយឲ្យរួមតូច មកទៀត គឺការចាយវាយលើការធ្វើដំណើរ ។ នៅរាល់បុណ្យទាន ស្រុកគេគេមានវិធានការបង្កើនជើងរត់របស់ឡាន ប៉ុន្ដែតម្លៃសេវាមិនបានឡើងទេ ។ ដោយឡែកនៅស្រុកយើងមិនខុសគ្នាទេរឿងជើងរត់របស់ឡាន តែតម្លៃ បានកើនឡើងទ្វេដង ហើយគេគិត ពី ចំនួនកៅអី ពោលគឺកៅអីមួយតម្លៃប៉ុន្មាន ប៉ុន្តែសម្រាប់ស្រុកគេវិញ គេគិតពីអាយុ បើសិន ជា ក្មេងតម្លៃផ្សេងពីមនុស្សចាស់ តែអង្គុយកៅអីមួយដូចគ្នា ។ នៅថ្ងៃធម្មតា តម្លៃសំបុត្រឡានពីភ្នំពេញទៅប៉ោយប៉ែតស្ថិតក្នុងរង្វង់ ៣០០០០ រៀល ។ ពេលបុណ្យទាន គេតម្លើង យ៉ាង គំហុកដល់ទៅ ៦០០០០រៀល ។ រាស្ដ្រគេនិងរាស្រ្ដយើងក្រដូចគ្នា ប៉ុន្ដែភាពក្រីក្ររបស់ គេបានទទួល ការ គាំពារពីអ្នកដឹកនាំច្រើនជាងស្រុកយើង ។ ពេលបុណ្យទានម្ដងៗ រាស្ដ្រយើងសប្បាយចាយលុយ អ្នកឆ្លៀត ឱកាសសប្បាយនឹងតម្លើងថ្លៃទំនិញ ។ តែបន្ទាប់ពីរដូវបុណ្យ ទានបានបញ្ចប់អ្នកសប្បាយចាយ ត្រូវធ្វើ ការ ដើម្បីរស់តទៅទៀត ដោយឡែកអ្នកសប្បាយរាប់លុយ គេចេះតែមានទៅ ៗ ។

សូមភ្ជាប់សាច់រឿងទៅនឹងទិដ្ឋភាពជាក់ស្ដែងដែលខ្ញុំបានជួបក្រោយចូលឆ្នាំខ្មែរ ។ មុននឹងត្រឡប់មក ធ្វើការវិញ  យើងបានស្វះស្វែងរកទិញសំបុត្រឡានទុកឲ្យហើយ ព្រោះជាធម្មតា ការទិញសំបុត្រ ទុកឲ្យ ហើយយើងមានឱកាសបានកន្លែងអង្គុយស្រួល ព្រោះការធ្វើដំណើររបស់យើងមានក្មេងៗ ។ ខ្ញុំចូលចិត្ដប្រើ សេវាដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរ ព្រោះជិតផ្ទះ ។ ដឹងអីថ្ងៃទៅទិញសំបុត្រ គេមិនលក់ឲ្យទេ ខ្ញុំក៏បានសាកសួរគេពីម៉ោងចេញដំណើររបស់រថយន្តក្រុងទៅកាន់ប៉យប៉ែត តែបុគ្គលិករបស់ក្រុមហ៊ុននោះបែរជាឲ្យនាមប័ណ្ណជំនួសវិញហើយប្រាប់ថាចាំតេមកកក់ក៏បានដែរ ។ ឆ្ងល់ថាមនុស្សមកដល់ហើយ ចាំ បាច់អីត្រូវតេកក់សំបុត្រវិញ ។ ព្រឹកទៅម្ដង ល្ងាចទៅម្ដង ទៅទាំងពីរលើកទិញមិនបានទាំងពីរលើក ។ តម្លៃសំបុត្រមួយ គឺ ៥០០០០ រៀល អាចថាថោកជាថ្ងៃមុន ៥០០០ រៀល ។ អ្នកលក់វាយឫក មិនសូវ រួសរាយ ព្រោះលក់សំបុត្រហត់ពេកក៏មិនដឹង ។ ឬមួយក៏ក្រុមហ៊ុនសំចៃប្រាក់ក្នុងការជួលបុគ្គលិកក៏មិនដឹង មិនឲ្យគ្នាឈប់ថ្ងៃចូលឆ្នាំបានជាគាត់មួម៉ៅសួរអ្វីក៏មិនបានបែបនោះ ។

មួយយប់ពេញដេកគិត បើកន្លែង កន្លុកកន្លៀត កូនៗពិតជាពិបាកហើយ ។ ស្អែកឡើង ប្អូនបើកឡានជូនមកចំណតឡាន យើងដូចជារារែក និងសូមបែកចិត្ដពីពន្លឺអង្គរហើយថ្ងៃនេះ ។ យើងក៏ហួសទៅក្រុមហ៊ុនកាពីតូល ។ អ្នកដំណើរត្រៀប ត្រា ដូចនៅបេនពន្លឺអង្គរដែរ ។ យើងចូលទៅសាកសួរព័ត៌មាននិងទិញសំបុត្រ ។ នៅទីនេះសំបុត្រថ្លៃ ៤០០០០ រៀល គឺថោកជាងពន្លឺអង្គរ ១០០០០ រៀល ។ ចឹងយើងសន្សំបាន ៤០០០០ រៀលមួយពព្រិចភ្នែក ។ រៀប ចំឥវ៉ាន់រួចរាល់ យើងបានឡើងទៅរកកន្លែងអង្គុយដែលបានកំណត់ ។ ជាលើកទីមួយហើយដែលយើង ជិះកន្ទុយឡាន គឺកៅអីចុងប៉ូច ។ មានអីស្រួលដែរព្រោះកៅអីក្រោយវែងហើយកាត់បន្ថយការរំខាន ពីអ្នកផងដើរកាត់ ។

  ឱ! ខ្មែរអើយខ្មែរនៅក្បែរខាងយើងគេទៅមុខអស់ហើយម៉េចយើងមិនធ្វើខ្លួនឲ្យដូចគេខ្លះទៅ ខុសគេតែឯងបែបនេះវាពិបាកណាស់ អាណិតអ្នកក្រផង !

នៅមានរឿងជាច្រើនទៀតដែលចង់និយាយនៅទីនេះ តែសូមស្លេះត្រឹមនេះសិនចាំមានពេលខ្ញុំនឹងលើក យកមកបើកកកាយជម្រាបជូនតទៅទៀត ។

សួស្តីឆ្នាំថ្មី ២០១២

នាឱកាសបុណ្យចូលឆ្នាំថ្មី​នេះ សូមទេវតាឆ្នាំថ្មីជួយថែរក្សាបងប្អូនខ្មែរឲ្យជួបប្រទះ​តែសេចក្តីសុខ សេចក្តីចម្រើន​រកស៊ីមានបាន សុខទាំងកាយសប្បាយទាំងចិត្ត ធ្វើដំណើរទៅណាមកណា​មាន​សុវត្ថិ​ភាព​ជានិច្ច ។

ថ្ងៃនេះ​ដើររកផ្ទះមេភូមិវើដប្រេស​មិនឃើញសោះ មិនដឹង​ជាគាត់លើកផ្ទះ​យកទៅទុក​នៅឯណា​ទេ មាន​បង​ប្អូន​ណាស្គាល់ទេជួយប្រាប់ផង ! តែបើមិនស្គាល់ក៏មិនអីដែរ ជួយប្រាប់តគ្នាក៏បានដែរ កុំឲ្យគាត់ថា​ បាត់​សមាជិកក្នុង​ភូមិ មិនដឹងទៅណា​មកណា​មិនឲ្យដំណឹងសោះអញ្ចឹងនោះ !

សម្រាប់​ផ្ទះខ្ញុំ​ខែនេះ​ប្រហែលជាត្រូវ​បិទទ្វារមួយរយៈមួយរយៈហើយ បើមានបងប្អូន​ណា​ឆ្លងកាត់​ទីនេះ​​សូមចូលមកជួយ​បោសកណ្តៀរឲ្យផង ក្រែងលោវាស៊ី​ផ្ទះ​មួយនេះ​ពុកផុយអស់ ចំណែកទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ប្រមូលយកទៅខ្លះ​ទុកខ្លះ (យកទៅទាំងអស់អត់បាន បើយកទៅបានយកទាំងអស់​មិនទុកទេ សូម្បី​តែកន្លាត​ក៏មិនចង់ទុកដែរ ព្រោះគ្នានៅជាមួយយើង​ប្រៀបដូចជាបងប្អូនទៅហើយ) ។

ចំណែកនៅខាងក្រៅផ្ទះ​គ្មានដើមឈើដើមផ្កាអីដូចផ្ទះកល្យាណនោះទេ ព្រោះនៅតែក្នុងបន្ទប់មួយ​ប៉ុណ្ណោះ​ (កន្លែងស៊ី ដេកជាមួយគ្នា) តែខាងមុខផ្ទះ​មានអំពូលពីរដែរ បើបងប្អូនណាត្រូវការ​យកទៅប្រើ​ចុះកុំខ្លាចចិត្តអី ។

ជាចុងក្រោយនេះ​សូមជម្រាបលាអ្នកភូមិ​យើង​មួយរយៈសិន ។ សូមឲ្យអ្នកភូមិ​យើង​ជួបតែសំណាងល្អ និង សេចក្តីសុខនាឱកាសឆ្នាំថ្មីនេះ  ! bye bye ….

ការកម្តៅម្ហូបដោយម៉ៃក្រូវ៉េវ

វិទ្យាសាស្ដ្រពិតជាមានការវិវត្ដមិនឈប់ឈរ ។ ការវិវត្ដនេះចេញដំណើរពីការបំពេញតម្រូវការរបស់ មនុស្ស និង ឆ្ពោះទៅរកការប្រកួតប្រជែង ។ ទីនេះសូមលើកយកពីការរីកចម្រីនមួយទាក់ទងនឹងការ ចម្អិនអាហារ ហើយក៏មិន បូរ បាច់ ទៅគ្រប់ រឿង របស់កិច្ចការនេះដែរ គឺសូមនិយាយពីការកម្ដៅម្ហូប ។ កាលពីដើមរាល់ការចម្អិនត្រូវឧស ឡើងកូតបន្ដិចធ្យូង ផុតដល់សម័យនេះរបស់អស់ទាំង នោះលែង សូវមានហាង លក់ឧសធ្យូងបានដូរមកលក់គ្រឿងចម្អិនដើរដោយហ្គាស និង អគ្គសនីស្ទើរអស់ទៅ ហើយ  ។ ប៉ុន្តែសម្រាប់អ្នកផ្ទះខ្ញុំ(ប្រទេសខ្មែរ ជាពិសេសម្តាយរបស់ខ្ញុំទោះបីជាមាន វត្ថុប្រើប្រាស់ទំនើប យ៉ាងណាក៏ដោយក៏គាត់មិនចូលចិត្តប្រើដែរ ព្រោះគាត់ គិត ថាវា មិន ឆ្ងាញ់ មិនឈ្ងុយដូច ជាការប្រើ ឧស ឬ ធ្យូងនោះទេ ។ តែក៏មិនមែនថាមិនទទួលយកសម្ភារៈទំនើបៗទាំងនោះដែរ គឺគាត់ ប្រើបា្រស់វានៅពេលដែលប្រញាប់ ឬ ក្នុងករណី បន្ទាន់តែប៉ុណ្ណោះ តែសម្រាប់កូន ៗ ការប្រើប្រាស់ វិធីដាំស្លដោយសម្ភារៈទំនើប ៗ វិញប្រើប្រាស់ញឺកញាប់ណាស់ ជាពិសេស នៅពេល ដែលជម្ងឺ ខ្ជិល ចូលខ្លួន ។

មកដល់ស្រុកគេនេះធ្យូងក៏មានដែរប៉ុន្ដែរោគខ្ជិលវាយលុកពេញទីហើយម្យ៉ាងទៀតដោយគ្មានទីកន្លែង សម្រាប់ប្រើប្រាស់ចង្រ្កានធ្យូងផង ព្រោះផ្ទះបាយគេប្រើប្រាស់ សុទ្ធតែគ្រឿងអគ្គីសនីអញ្ចឹង ហើយគ្រប់ យ៉ាងបើមិនទិញគេស្រាប់ គឺត្រូវធ្វើខ្លួនឯង ។ ឯ ការធ្វើខ្លួនឯងទៀតសោតសុទ្ធសឹងប្រើប្រាស់អគ្គីសនី តែអណ្ដាត នៅតែមិនទាន់ស៊ាំ នឹង ផលិតផលអាហារពីអគ្គិសនីនៅឡើយដែរ នេះប្រហែលជា អណ្តាតខ្ញុំស៊ាំ នឹងឧសធ្យូងហើយមើលទៅ ដូច្នោះអាហារដែលប្រើប្រាស់ដោយអគ្គីសនី មិនត្រូវចិត្ត ខ្ញុំ ដូចជាធ្យូង ឬ ឧសទេ (សង្ស័យតែកាត់ទៅរកម្តាយខ្ញុំហើយមើលទៅពេលនេះ) ។

ពេលនេះចូលដល់សាច់រឿងធំវិញម្តងនោះគឺការកម្ដៅម្ហូបសល់ នៅទីនេះយើង ប្រើ ទូទឹកកសម្រាប់ទុក ម្ហូបអាហារសម្រាប់ថ្ងៃស្អែក ឬ ម្ហូបសល់ (ហៅថាសល់ដូចមិនសូវ សម គួរហៅថាម្ហូបចាប់ទុក ឬ ម្ហូបកក ហើយពេលណាចង់ញ៉ាំក៏យកវាទៅកម្តៅ) ។ ការ កម្ដៅ ម្ហូបសព្វថ្ងៃនេះគេប្រើម៉ាយក្រូវេវអូវិនច្រើនបំផុត ។ ការដែល មាន ឧបករណ៍ ប្រភេទ នេះ នាំឲ្យពួកជ្រូកនិងសត្វចិញ្ចឹមមួយចំនួនលែងសូវមានលាភ ព្រោះអាងអីគេ ទុកក្នុងទូទឹកកក ហើយយកមកកម្ដៅហូបបានទៀត ។ កាលពីមុនល្មម ៗ ប្រោក ទៅ ក្នុងធុងបាយជ្រូកហើយ ឬ ចាក់ឲ្យសម្លាញ់ ពីរបី ក្បាលដែលនៅចាំក្រោមតុ ចែកគ្នាឆ្ងាញ់ ។ ពេលមក ដល់ ដំបូងខ្ញុំមិនដែលធ្វើអញ្ចឹងទេ ព្រោះកាលនៅផ្ទះ សូម្បីតែសម្លកកក៏ខ្ញុំកម្រនឹងញ៉ាំដែរ តែដោយសារ តែមកទីនេះខ្ជិលឡើងចុះផ្សារ ក៏ប្រើ ប្រាស់ទូទឹកកក និង ម៉ៃក្រូវ៉េវជាមិត្តសម្លាញ់ គឺទៅផ្សារម្តង អាចញ៉ាំ បានពី ៣ ទៅ ៤ ថ្ងៃ ឯណោះ ។

អាហារដែលកម្ដៅដោយម៉ៃក្រូវេវក្ដៅដូចប្រើធ្យូងឧសដែរ ប៉ុន្ដែដូចលើកឡើងខាង ដើមចឹង គឺអត់សូវ ឆ្ងាញ់ទេ (សម្រាប់ខ្ញុំ) ។ រាល់ថ្ងៃនេះហូបម្ហូបកកស្ទើររាល់ថ្ងៃ ។ តើមាន ផល វិបាកអ្វីដែរទេចំពោះការប្រើ អគ្គិសនីក្នុងការចម្អិន ពិសេសការ កម្ដៅ តាមរយៈទូ ម៉ៃក្រូវេវ ?

រាវនេះរាវនោះ ទៅប៉ះអត្ថបទមួយនិយាយអំពីរឿងនេះ ។ គេមានការ ពិសោធន៍មួយ យកបង្ហាញ ។ គេ យកដើមឈើលម្អពីរដើមដាំក្នុងផើង ។ ទាំងពីរដើមនេះមាន សុខភាពល្អដូចគ្នា ។ កូនឈើ ទាំងពីរ ត្រូវ បានគេស្រោចទឹកដូចដើមឈើទូទៅដែរ ។ ប្លែកត្រង់ថាដើមឈើទីមួយគេយកទឹកដែល ឆ្លងការដាំ ធម្មតាមកស្រោច និង មួយដើមទៀតឆ្លងការកម្ដៅដោយម៉ៃក្រូវេវ ។ មិនមែនស្រោចទាំងពុះទេ!!! គឺទុក ឲ្យកម្ដៅ ចុះត្រជាក់មកតាមសីតុណ្ហភាពធម្មតា ។ លទ្ធផលបង្ហាញថា មួយអាទិត្យ ក្រោយមក ដើម ឈើដែលប្រើទឹកពីម៉ៃក្រូវ៉េវចាប់ផ្ដើមប្រែប្រួល ចំណែកដើមឈើដែលប្រើទឹក ដាំដោយវិធីទូទៅស្ថិតនៅ លក្ខណៈដើម ។

ការពិសោធន៍ខាងលើនេះមិនមានការបកស្រាយតាមបែបវិទ្យាសាស្ដ្រនោះទេ គឺយកសភាពដែល ភ្នែក ទទេមើលឃើញ ។ យ៉ាងណាក្ដី លទ្ធផលនេះជាព័ត៌ មាន គួរឲ្យចាប់អារម្មណ៍និង បារម្មណ៍ ពិសេស ចំពោះអ្នកដែលកំពុង ស្ថិតក្នុង គន្លង អាហារ កម្ដៅដោយម៉ៃក្រូវ៉េវ នោះរួមទាំងក្រុមគ្រួសារខ្ញុំផងដែរ ។ វាស់ដោយភ្នែកទទេ ដើម ឈើមួយដើមប្រើទឹកពីម៉ៃក្រូវ៉េវតែមួយសប្ដាហ៍ប្រែសភាព ចុះបើបញ្ហា បែបនេះ កើតមាន ចំពោះមនុស្សយើងវិញ ។ ពេលនេះយើងមើលមិនទាន់ឃើញ តែផលអវិជ្ជមានវា កំពុងរួមកម្លាំងគ្នាជារៀងរាល់ថ្ងៃ ហើយវានឹងផ្ទុះឡើងនាថ្ងៃណាមួយក៏មិនដឹង ។

ការរង់ចាំការសិក្សាស្រាវជ្រាវអំពីរឿងនេះហាក់ដូចជានៅឆ្ងាយនៅឡើយ ឬ ក៏ត្រូវចាំដល់ក្រុមហ៊ុន ផលិតរបស់អស់ទាំងនេះរលំ ឬ លក់អស់ពីស្ដុកសិន ទើបគេចេញមកប្រកាស ?

សូមស្លេះត្រឹមនេះសិនចុះ ព្រោះដល់ម៉ោងកម្ដៅម្ហូបទៀតហើយ !

អត្ថបទទាក់ទង ការប្រែប្រួលរបស់រុក្ខជាតិដោយម៉ាក្រូវ៉េវ

plant2_smallplant6_small

imagesMicrowave

Follow

Get every new post delivered to your Inbox.