Archive for February, 2011

មធ្យោបាយធ្វើដំណើរ

ការមករស់នៅតែងតែមានការលំបាក និង ស្រណុកដែលកើតមកព្រមគ្នាដោយមិន អាច​​​ខ្វះណាមួយបាន ។ ការមកដល់ស្រុកគេនេះដំបូងគិតថាពិបាកណាស់ ព្រោះចង់ ទៅ​​​ណាមកណាត្រូវដើរពីកន្លែងស្នាក់ទៅរកឡាន(ឈ្នួល)ជិះបើគិតទៅដូចជាមិន ឆ្ងាយ​ទេ ប៉ុន្តែមនុស្សមិនធ្លាប់ដើរនោះមានអារម្មណ៏ថា ដូចជាពិបាកបន្តិច (ហត់)តែ​បើ​ត្រឡប់​​មកវិញ ប្រាប់គេឲ្យជូនមកដល់កន្លែងស្នាក់តែម្តង ព្រោះខ្ជិលដើរ ។ តែដល់​មក​នៅ​យូរទៅដូចជាធម្មតាព្រោះវាជាទម្លាប់ទៅហើយ ។ ការធ្វើ​ដំណើរ​នៅ​ទី​នេះ​​គឺ​ថោក​ជាង​ស្រុកយើងឆ្ងាយណាស់ ព្រោះចម្ងាយផ្លូវ ៨គីឡូម៉ែត្រ អស់តែ ៨បាទ​តែប៉ុណ្ណោះ ។ បើនៅផ្ទះវិញថ្លៃម៉ូតូឌុបពីផ្ទះខ្ញុំទៅផ្សារចម្ងាយប្រហែល ៥០០ម៉ែត្រ​ប៉ុណ្ណោះថ្លៃដល់ទៅ ១០០០រៀលឯណោះ ។ ឡាននៅស្រុកគេនេះ​ស្រួល​រក​ជិះ​ណាស់ ព្រោះបើខកឡាន នេះមិនបានទៅ នៅចាំតែ៥នាទីមានឡាន​មួយ​ទៀត​មក​ដល់​ហើយ ។ មិនដឹងថាថ្លៃម៉ូតូ​ឌុបឥឡូវនេះ​ឡើងថ្លៃប៉ុន្មានទៅហើយទេ បើសាំង​ឡើង​ថ្លៃ​រហូតអញ្ចឹង ?

Advertisements

វិធីរក្សាសុខភាព

លោក អ្នកដែលមានបំណងចង់ឲ្យបានរូបរាងស្រស់ស្អាត និង មានសុខភាពល្អ សូមអនុវត្តន៍ តាមវិធីសាស្រ្តងាយ ៗ ដូចខាងក្រោមនេះ ៖
– ញ៉ាំបាយពេលព្រឹក និងថ្ងៃត្រង់ឲ្យឆ្អែត
– សម្រាប់បាយពេលល្ងាច ញ៉ាំបន្តិច ឬ អត់ញ៉ាំក៏បានដែរ បើទ្រាំមិនបានគួរញ៉ាំផ្លែឈើ
– ជៀសវាងអាហារដែលមានជាតិម្សៅ ឬ ខ្លាញ់
– ក្រោកពីគេងត្រូវញ៉ាំទឹកឲ្យបាន១កែវ ឬ ២​ កែវ
-ញ៉ាំទឹកឲ្យបានច្រើន
– ហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ
បើលោកអ្នកធ្វើបានពិតជាទទួលបាននូវរូបរាងស្រស់ស្អាតជាមិនខាន

ប្តូរមេ

បន្ទាប់ពីមានការបោះឆ្នោត​ជ្រើសតាំង ប្រធាន​ថ្មី​មក​ថ្ងៃនេះនៅកន្លែង​ធ្វើការ​មាន​រៀប​ចំពិធីប្រគល់តំណែងឲ្យប្រធានថ្មី  (មនុស្សម្នាក់​អាច​កាន់​តំណែង​បានតែ​ ៥ ឆ្នាំប៉ុណ្ណោះ) ។ មិនដឹងថាប្រធានថ្មីនេះ គាត់ស្រួល​ដូច​ជាប្រធានចាស់ឬអត់ទេនែក !!! តែបើមើលពីពាក្យសម្តី កាយវិការ​ និង​អត្តចរិក​របស់ប្រធានថ្មីដូចជា… ពិបាកនិយាយណាស់ ហ្អាពេលនេះមានតែរង់ចាំមើលសិនហើយ ។

ភាសាខ្មែរ

ប្រទេសថៃគឺជាប្រទេស​ដែលសម្បូរទៅ​ដោយ​​​រោងចក្រឧស្សាហកម្ម​​តែ​ខ្វះ​កម្លាំង​ពលកម្ម​ ។ ដោយសារតែកង្វះខាតផ្នែក​កម្លាំងពលកម្ម ដូច្នេះ​ហើយ​​ទើបតម្រូវឲ្យ​​ ក្រុមហ៊ុនជាច្រើនទៅជ្រើសរើសកម្មករ​នៅប្រទេស​ខ្មែ​រឲ្យមកធ្វើការ​នៅក្នុង​ប្រទេស​ថៃ ។ ការទទួលយកកម្មករមកធ្វើការនេះបានបណ្តាលឲ្យអ្នកគ្រប់គ្រង​កម្មករ​​ជួប​ប្រទះនៅការលំបាកស្មុគស្មាញជាច្រើនដូចជាភាសា ទាំង​ការ​និយាយ​ និង​សរសេរ (ពិបាកក្នុងការណែនាំ​កម្មករ​ឲ្យ​ធ្វើ​តាម​ភារកិច្ច ឬ តួនាទី ពេលមានជម្ងឺឈឺថ្កាត់ ពិបាកក្នុងការទៅរកពេទ្យ …)។
ដោយសារបញ្ហាទាំងនេះហើយទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនមកទំនាក់ទំនងសាខាភាសាខ្មែរ ដែលមានទីតាំង​នៅសាកលវិទ្យាល័យមហាសារខាម (Mahasakam University www.msu.ac.th ។ ចំពោះនិស្សិតដែលរៀនចប់​បរិញ្ញា ប័ត្រ​ភាសា​ខ្មែរ ខ្លះ​បាន​​ទៅបំពេញការងារនៅតាម​ក្រុមហ៊ុនឯកជន និង ក្នុងក្របខណ្ឌរដ្ឋ​នានា​ដូចជា បង្រៀនភាសាខ្មែរនៅតាមជាយដែន​ក្រោមការ​ឧបត្ថម្ភ ពី​អាស៊ានជាដើម ។ ចំណែកនិស្សិត​ដែល​មិនទាន់ចប់​ខាងក្រុមហ៊ុន​បានកក់ទុកជាមុន គឺបន្ទាប់ពីចប់ភ្លាម​អាចទៅធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ​បានភា្លម ៗ ផងដែរ ។
​នេះជាទីផ្សារដ៏ល្អ សម្រាប់និស្សិត​ដែលជ្រើសរើស​យក​ឯកទេស​ភាសា​ខ្មែរ ។

អរគុណ www.ពូជអង្គរPucAngkor ដែលបានផ្តល់រូបថត

អួត

ពាក្យថាអួត បើតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត​ឲ្យនិយមន័យ​ថា​ និយាយលើកសរសើរ​, ប្រកាសគុណ ប្រកាសសេចក្តី​ល្អឲ្យអ្នក​ដទៃ​ស្តាប់ ឬ និយាយបំផ្លើសលើស​ហេតុ​ឲ្យគេ​ស្ងើច ។

កាលពីសម័យនៅរៀន​មានគ្រូ​ពីរនាក់គឺគ្រូមុខវិជ្ជាភាសាខ្មែរថ្នាក់ទី១២  ម្នាក់ជាគ្រូរបស់ខ្ញុំ និង ម្នាក់ទៀត​ជាគ្រូដែលខ្ញុំទៅរៀនគួរជាមួយ (ព្រោះ​ខ្ញុំ​មិន​ចូលចិត្តគ្រូប្រចាំថ្នាក់ ខ្ញុំក៏ទៅរៀនគួរ​ជា​មួយ​គ្រូផ្សេង) ។  នៅពេល​ដែលគ្រូប្រចាំថ្នាក់របស់ខ្ញុំ​​ដឹងថា​ ខ្ញុំទៅរៀនជាមួយ​អ្នកផ្សេង​ដូច្នេះ គាត់​ក៏ចាប់ផ្តើមនិយាយ​អាក្រក់ពីគ្រូម្នាក់ទៀត… ។ ពេលដែលគាត់និយាយ​បណ្តើរ​គាត់​មាន​បញ្ចូល​ពាក្យ​ថា គាត់មិនអួតទេណា៎…. ។

ខ្ញុំឆ្ងល់ថាពាក្យដែលគាត់និយាយថា គាត់មិនអួតនេះ… មិនមែនជាពាក្យ​អួត​ទេ​ឬ ? ចង់ស្ងល់!!!!!!

ផ្កាប្រចាំប្រទេសក្នុងតំបន់អាស៊ាន

១. ព្រះរាជាណាចក្រកម្ពុជា ផ្ការំដួល២. ព្រះរាជាណាចក្រថៃ ផ្ការាជព្រឹក

៣. ប្រទេសឡាវ ផ្កាចំប៉ី៤. ប្រទេសវៀតណាម ផ្កាឈូក ៥. ប្រទេសម៉ាឡេស៊ី ផ្ការំយោល ៦. ប្រទេសភូមា ផ្កា Padauk ៧. ប្រទេសហ្វីលីពីន ផ្កាម្លិះ  ៨. ប្រទេស​ឥណ្ឌូនេស៊ី ផ្កាអ័រគីដ៩. ប្រទេសសឹង្ហបុរី ផ្កាអ័រគីដេ  (Vanda Miss Joaquim) ១០. ប្រទេសប្រុយណេ ផ្កាSimpor​             

ប្រភព akitia.com

សុភមង្គលក្នុងគ្រួសារ

ម្សិលមិញនេះគឺជាទិវានៃ​​ក្តី​​ស្រឡាញ់ ក្រុមគ្រួសាររបស់​ខ្ញុំមិន​បាន​ទៅ​ដើរ​​លេងទេ ព្រោះចំថ្ងៃច័ន្ទ ខ្ញុំត្រូវ​ធ្វើការ កូនៗទាំងពីររបស់ខ្ញុំត្រូវទៅរៀន​ ឯស្វាមីវិញត្រូវ​ត្រៀម​ប្រឡងបញ្ចប់ថា្នក់បណិ្ឌត ។ ដូច្នេះពួកយើង​បាន​នាំ​​​គ្នា​ទៅ​ញ៉ាំ​អាហារឆ្ងាញ់​ៗ ខាងក្រៅផ្ទះនៅល្ងាចថ្ងៃទីអាទិត្យ ទី ១៣ ។ ព្រឹកឡើងក៏បានទទួលនូវ​ បាច់ផ្កាដ៏ស្រស់ស្អាតពីស្វាមី ។​ហើយ​ក៏មាន​រង្វាន់​ពិសេស​​សំខាន់​បំផុត​សម្រាប់រូបអូនគឺ ក្តីស្រឡាញ់ ​និង ភាពកក់​ក្តៅ​ ដែល​បង​តែង​តែប្រគល់ឲ្យអូន និង គ្រួសារ ជារៀងរហូតមកនេះ ។ អរគុណប្តីសម្លាញ់ ។