ខ្ញុំជាខ្មែរ

ក្រៅពីបានទទួលចំណេះដឹងថ្មីៗទាក់ទងនឹងទីកន្លែងកំសាន្តដែលទៅដល់ ការធ្វើដំណើរជាក្រុមបាន​ពង្រឹង សាមគ្គីភាពរវាងអ្នករួមការងារ​ ត្រូវនឹងភាសិតខ្មែរថា “នៅផ្ទះម្តាយដទៃ ទៅព្រៃម្ដាយ​តែ មួយ” ។ ការ សន្ទនាតាមផ្លូវរវាងអ្នកដំណើរក្នុងរថយន្តជាមួយគ្នាក៏ជាចំណែកមួយនៃការបង្កើត​ភាពស្និទ្ធស្នាល ។ សូម្បីតែធ្វើការក្នុងកន្លែងតែមួយជាមួយគ្នា តែផ្នែកផ្សេងគ្នា មានអ្នកខ្លះដើរជួប​​មុខគ្នានៅ​កន្លែងធ្វើការ ហើយ សួស្ដីគ្នា ពីបីម៉ាត់ ក៏ចៀសគ្នាចូល​បន្ទប់ធ្វើការតែរៀងៗខ្លួន ។

ទៅស្រុកឡាវលើកនេះ តាមរយៈការសន្ទនាលើរថយន្ត ខ្ញុំបានស្គាល់មិត្តភក្តិរួមការងារផ្សេងៗទៀត ដែល​ពីមុនមកស្គាល់តែមុខ តែមិនដែលបាន​ប្រាស្រ័យទាក់ទងគ្នា ។ ផុសចេញពីភាពស្និទ្ធស្នាលនេះ មានរឿងមួយដែលគួរឲ្យកត់សម្គាល់គឺ គ្រូៗរួម​ដំណើរ​ខ្លះបានសួរខ្ញុំអំពី ខ្មែរ និង​ កម្ពុជា ។ ដោយមុន​នឹង​សួរ​ពួកគាត់ មានការសូមអភ័យទោសជាមុន ក្រែងខ្ញុំប្រកាន់ ។ គាត់សួរថា តើឲ្យគាត់ ហៅខ្ញុំថា ខ្មែរ ឬ កម្ពុជា ? ពេលឮសំណួរខ្ញុំប្លែកក្នុងចិត្ត ដោយនេះជារឿងចម្លែក ព្រោះ​គ្រាន់តែ​សួរ​ប៉ុណ្ណឹង​ម៉េចក៏គាត់​ចាំ​បាច់ សុំ ទោសជាមុនខ្លាចខ្ញុំប្រកាន់ដល់ម្លឹង ។ ខ្ញុំក៏ឆ្លើយប្រាប់ថា សូមហៅខ្ញុំថា ខ្មែរ ទៅ ។ ពួកគាត់​បង្ហាញ​​ទឹកមុខភ្ញាក់ ផ្អើលបន្តិច ហើយនិយាយបន្តថា អញ្ចឹងបើមានគេហៅ​អ្នកគ្រូថា ខ្មែរ អ្នកគ្រូមិន​ខឹង​ទេ មែនទេ ? ถ้ามีคุณเรียกอาจารย์ว่า เขมร อาจารย์จะไม่ถือ ใช่ไม่ค่ะ

តើមានអ្វីជ្រាលជ្រៅទៅក្នុងសន្ដានចិត្តមនុស្សថៃ រវាងពាក្យ កម្ពុជា និង ខ្មែរ ? ដើមឡើយ ខ្ញុំមិន​បាន ចាប់អារម្មណ៍ចំពោះរឿងនេះទេ ។ ខ្ញុំធ្លាប់ឮមនុស្សថៃនិយាយថា

  1. …ភាសាកម្ពុជារៀនស្រួល​ទេ ?
  2. ខ្ញុំមិនចេះនិយាយភាសាកម្ពុជាទេ ។…

កាលណោះពេលឮហើយ ខ្ញុំដូចទើសត្រចៀកបន្តិច តែមិនបានចាប់អារម្មណ៍ ។

បើសិនជាមានគេសួរសំណួរខាងលើជាមួយបងប្អូនអ្នកភូមិWordpress យើង ។ តើបងប្អូនឆ្លើយយ៉ាងម៉េចដែរ ?

Advertisements

15 responses to this post.

  1. ចុះបងស្រីឆ្លើយបកស្រាយយ៉ាងមិច ចំពោះពាក្យថា ខ្មែរ ឬកម្ពុជា?
    គេអាចហៅយើងថា យ៉ាងមេចក៏បានដែរ វាមិនដូចពាក្យថា ថៃ ឬសៀមឡើយមែនទេ?

    Reply

  2. បងឆ្លើយប្រាប់គេថា បងពេញចិត្ត និង សប្បាយចិត្តឲ្យគេហៅថាខ្មែរជាង កម្ពុជា ព្រោះពាក្យថា​ខ្មែរនេះគឺសំដៅទៅលើ ជនជាតិ និង ភាសា ចំណែកឯពាក្យថា កម្ពុជាគឺសំដៅទៅលើប្រទេស​តែប៉ុណ្ណោះ ។ ជាក់ស្តែងបងប្អូនយើងដែលរស់នៅក្នុងខេត្តសុរិន្ទ គាត់តែងតែហៅខ្លួនឯងថា​ ខ្មែរ​សុរិន្ទជានិច្ច ទោះបីជាគាត់មានសញ្ជាតិជាថៃក៏ដោយ ។ ដោយឡែកក៏មានបងប្អូន​ខ្មែរមួយចំនួន​ដែល​រស់នៅបរទេស ដែលបានបង្កើតសមាគមនានាដោយមានប្រើពាក្យ ខ្មែរ មិនមែនកម្ពុជាទេ ។ ​ដោយឡែកពាក្យថាសៀម ឬ ថៃ បងក៏មិនហ៊ានបកស្រាយយ៉ាងណាដែរ តែសម្រាប់បងប្អូន​ខ្មែរ​សុរិន្ទ បុរីរ៉ាគាត់តែងតែហៅថា សៀម មិនដែលហៅថាថៃទេ ។

    Reply

  3. តាមតែខ្ញុំធ្លាប់ដឹងនិងប្រើ ខ្មែរ ក៏សំដៅដល់ឈ្មោះប្រទេស(ស្រុក)ដែរ
    ឧ. ខ្ញុំជាខ្មែរនិយាយខ្មែរសរសេរខ្មែរ ចាយលុយខ្មែរ ចូលចិត្តម្ហូបខ្មែរ
    ម៉ូតផ្ទះខ្មែរ សំលៀបំពាក់ខ្មែរ ក្បាច់ខ្មែរ រៀនសាលាខ្មែរ កើតនៅស្រុកខ្មែរ
    ដែលនៅចន្លោះស្រុកសៀម យួន និង​លាវ ។ គឺហៅឈ្មោះប្រទេស
    ទាំងបីបួននេះត្រង់ៗបែបភាសានិយាយសាមញ្ញដោយគ្មានបង្កប់ន័យ
    មើលងាយប្រមាថគ្នាទេ ។ ទើបតែថ្មីៗនេះ ស្រាប់តែចេញរបៀបនិយាយ
    ប្លែកៗពាក្យក៏រាងប្លែកៗដូចជា ស្រីស្អាត ប្រុសស្អាត មុខសញ្ញា ស្រីស្នេហ៍
    និងពាក្យច្រើនទៀត-ទំនងបើកវចនានុក្រមឃើញថាយកបណ្ដោយ-ដែលខ្ញុំ
    មិនដែលលឺទេកាលពីមុនយួនចូល​ស្រុកកាល៧៩ ជាមួយគ្នាដែរពាក្យប្លែក
    ត្រចៀកថា ភាសាកម្ពុជា ជនជាតិកម្ពុជា​ លុយកម្ពុជា..។ ពួកសៀមខ្លះខំ
    ជជីករឹសគល់ពន្យែពន្យល់គ្នាគេថា ខ្មែរ មានន័យអីចេះអីចុះមិនល្អ ហើយ
    ខាងខ្មែរយើងក៏មិនណយដែរថា សៀម មានន័យមិនពិរោះពិសារដូចគ្នា
    តាមបារាំងនោះថា បារាំងនេះស្រាវជ្រាវឃើញ សុទ្ធតែរឿងនិយាយទៅត្រូវ
    ខឹងគ្នា ចងគំនុំបង្ករសំអប់រវាងគ្នាកាន់តែខ្លាំង ត្រូវទិញកាំភ្លើងដំឡើងធ្មុងដាក់គ្នា
    ច្បាំងគ្នាបំរើផលប្រយោជន៍អោយប្រទេសអ្នកធ្វើគ្រឿងអាវុធលក់ដូរដោយមិន
    ដឹងខ្លួន..ដដែលៗម្ដងហើយម្ដងទៀតៗៗៗៗបាន…នេះបើតាមខ្ញុំគិតឃើញ។

    Reply

  4. តាមឡាគេធឺ​ [… ថៃឬសៀមហ្នឹងបង្រៀនកូនចៅគេថាពួកខ្មែរហ្នឹងបានដាច់ពូជអំបូរអស់ហើយ ដោយពួក​កម្ពុជា​សម្លាប់ ។ ហេតុនេះមរតកដែលនៅសេសសល់ទាំងអស់ទាំងភាសា​ ទាំង វប្បធម៌ប្រពៃណីជាដើម ដែលកម្ពុជាមានបច្ចុប្បន្ន​ ជារបស់ខ្មែរដែលដាច់ពូជទៅ…]។​ សូមបញ្ជាក់ថា នេះគ្រាន់តែឡាគេធឺ ហើយសូមឲ្យអ្នក​ដែល​មានជំនាញខាងនេះជួយបំភ្លឺផង ។ តែបើដូចអ្វីដែលគេថាខាងលើនេះមែន អាចមកពីថៃហ្នឹងចង់ប្រាប់កូនចៅគេថា កម្ពុជា ក៏មិនមែន​ជា​ម្ចាស់​ដើមនៃមរតកវប្បធម៌នៃដែនដីសុវណ្ណភូមិនេះ ដូចពួកគេដែរ ហេតុនេះ​ការដណ្តើម​ហែក​ហួរគ្នាដើម្បីដណ្តើមអ្វីដែលជារបស់ខ្មែរដោយអ្នកចំណូលថ្មី (កម្ពុជា សៀម លាវ យួន) ខណៈដែលខ្មែរដែលជាម្ចាស់កំណប់អស់វត្តមានហើយ ជារឿងធម្មតា។

    ចំណុចមួយដែល Achhiria និយាយដល់រឿងថា ពាក្យ កម្ពុជានេះទើបតែប្រើក្រោយសម័យ ៧៩ យួនចូលស្រុកនេះ ក៏ទំនងម្យ៉ាងដែរ ។ ពាក្យ កម្ពុជា នេះទៀតសោត ឃើញប្រើតែក្នុង​រង្វង់អ្នករាជការនិងអ្នករៀនសូត្រ​មួយចំនួនប៉ុណ្ណឹង បើចូលទៅតំបន់ចុងកាត់មាត់ញក ហើយ​សួរអ្នកស្រុកថា គាត់ជានរណា? គាត់នឹងឆ្លើយថា គាត់ជាខ្មែរ ។ ខ្ញុំធ្លាប់ឡាគេធឺ មានខ្មែរមួយ​ចំនួនដែលទៅរៀននៅស្រុកក្រៅ ពិសេសស្រុកថៃ មិនចង់ឲ្យគេហៅខ្លួនថាជាខ្មែរទេ ព្រោះខ្មាស​គេ … ហើយបង្គាប់ឲ្យគេហៅខ្លួនថា កម្ពុជា ទៀតផង ។

    អរគុណ Vsthea ដែលលើកយករឿងនេះមកចែករំលែកជូន ។ ចប់ការងារហើយកុំភ្លេចមក​បម្រើស្រុកយើងផងណា ។

    Reply

    • David !
      មិនមែនពាក្យ កម្ពុជា តែមួយពាក្យតែអែងទេ ខ្ញុំចង់និយាយពី
      ពាក្យដែលធ្លាប់តែផ្សំនឹងពាក្យ ខ្មែរ ជាគុណនាមដែលធ្លាប់ប្រើ
      ជាយូរមកហើយដូចជា ទំនៀមទំលាប់ខ្មែរ វាទៅជា ទំនៀមទំលាប់កម្ពុជា
      សំលៀកបំពាក់ខ្មែរ ទៅជា សំលៀកបំពាក់កម្ពុជា
      អក្សរខ្មែរ ទៅជា អក្សរកម្ពុជា …។ល។
      នេះមិននិយាយដល់ពាក្យ សំលម្ជូរយួន ទៅជា ម្ជូរវៀតណាម ផង ។
      ខ្លះរួញក្រាបខ្លាចស្ទើរស្បថផ្ដាំកូនផ្ដាំចៅមិនហ៊ានប្រើពាក្យ យួន នេះ
      ទៀតផងដែរ ។
      ចាកប្រធានដែលត្រូវនិយាយអំពី ខ្មែរ បន្តិចហើយ សូមអធ្យាស្រ័យ ។

      Reply

      • អរគុណណាស់លោក achharia អ្វីដែលលោកបានលើកឡើងនាពេលនេះ ធ្វើឲ្យខ្ញុំ​នឹកឃើញរឿងមួយគឺ មាននិស្សិតដែលរៀននៅក្រៅប្រទេសបានដាក់ឈ្មោះក្រុមរបស់គេ​ថាសមាគមនិស្សិតកម្ពុជា ។ តើលោក និង​បងប្អូនអ្នកភូមិ wordpressមានយោបល់ យ៉ាង ណាដែរចំពោះឈ្មោះសមាគម​ខាងលើនេះ ?

  5. អរគុណលោកchharia និង David ដែលបានចូលមកជួយបញ្ចេញយោបល់ ។ ខ្ញុំគិតថាការដែលហៅ​ខ្លួន​​ឯងជាខ្មែរនេះពិតជាមានមោទនភាពខ្លាំងណាស់ សូម្បីតែទៅលេងស្រុកកំណើតម្តង ៗ សួរចាស់​ៗពីរឿងនេះ គាត់ក៏ឆ្លើយថាគាត់គឺជាខ្មែរ មិនដែលលឺថាគាត់និយាយថា គាត់ជាកម្ពុជាទេ ។

    Reply

    • .
      ខ្ញុំមិនមានចេតនាជំទាស់នឹងការប្រើពាក្យកម្ពុជានេះទេ
      ស្រុកខ្មែរយើងពីដើមក៏ហៅថា ព្រះរាជាណាចក្រកម្ពុជា ដែរ
      ពួកបញ្ញវន្តសម័យប៉ុលពតក៏បានដាក់ឈ្មោះស្រុកខ្មែរយើងម្ដងថា
      កម្ពុជាប្រជាធិបតេយ្យ ដែរ ។ រឿងឈ្មោះជាសមាគម ជាស្ថាប័នថ្នាក់ជាតិ
      ដែលមានខ្លឹមសារតំណាងអោយជាតិខ្មែរ ការប្រើពាក្យកម្ពុជាក៏ស្ដាប់ទៅវាស៊ី
      នឹងពាក្យ វៀតណាម ថៃ ឡាវ នេះដែរ ខ្ញុំគ្មានអារម្មណ៍ប្លែកទេ ។ ជាដដែល
      គឺខ្ញុំចង់សំដៅតែទៅដល់ពាក្យដែលធ្លាប់ប្រើពីដូនតាយូរមកហើយ ដូចជាធ្លាប់តែ
      និយាយថាស្រុកខ្មែរៗ ជនជាតិខ្មែរ ដល់ដូរមកហៅស្រុកកម្ពុជា ជនជាតិកម្ពុជា
      ទោះមិនជាការខុសច្បាប់អោយដល់ចាប់ទោសទ័ណ្ឌបានក៏គ្រាន់តែរាងរងាន់ចិត្ត
      រំខានអារម្មណ៍នឹកចំលែកក្នុងចិត្តថា នៅសុខៗម៉េចបានជាដូរទៅអញ្ចឹងអស់ទៅ ។

      យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថាអ្នកដែលរឺក្រុមដែលចូលចិត្តយកពាក្យកម្ពុជារឺខ្មែរទៅប្រើ
      ផ្សំបាននៅជាប់ជាមួយឈ្មោះ ក្លឹប ក្រុម ក្រុមហ៊ុន កាសែត សមាគម ប្លក វេបសៃថ៍
      អង្កការ ស្ថាប័ន….របស់ខ្លូនជាឯកជនដែលមិនទាន់ចូលដល់កំរិតតំណាងអោយជាតិខ្មែរ
      ជាផ្លូវការនោះនឹងរក្សាតំលៃក៏ដូចគុណភាពខ្ពស់សមនឹងផ្ដល់កិត្តិយសដល់ជាតិខ្មែរបាន
      សមតាមឈ្មោះជាតិនោះមិនខាន និងដូចគ្នាដែរក្នុងការយករូបទង់ជាតិខ្មែរយើងទៅប្រើ
      ប្រាសជាដើម មុខជានឹងមានការពិចារណាជាមុនហើយដែរ ។
      ឧទាហរណ៍ កូនខ្មែរ ទំព័រខ្មែរ សំលេងខ្មែរ មនសិកាខ្មែរ ភូមិខ្មែរ សហគមន៍ខ្មែរ
      ឧត្តមគតិខ្មែរ ភូមិខ្មែរ សាលាខ្មែរ ស្រីខ្មែរ ប្រុសខ្មែរ សមាគម…កម្ពុជា
      ក្រុម…កម្ពុជា រសជាតិខ្មែរ ជ្រុងខ្មែរ ស្នាដៃខ្មែរ……។ល។
      .

      Reply

  6. ខ្ញុំឆ្លើយប្រាប់ថាសូមហៅខ្ញុំថា ខ្មែរ ទៅ ។

    Reply

  7. អគុណហើយបងដែលបានលើករឿងដែលបងបានជួបមកចែករំលែកអោយអ្នកភូមិយើងបានដឹង

    Reply

    • បងក៏រីករាយដែរ ដែលមានអ្នកភូមិយើងជួយជាគំនិតយោបល់ផ្សេង ៗ ។ អរគុណណាស់ដែលមកលេងផ្ទះបង ។

      Reply

  8. មានរឿងដូចខ្ញុំដែរ ។​ ខ្ញុំចង់ឲ្យគេហៅខ្ញុំថា ខ្មែរ ព្រោះខ្ញុំជាខ្មែរ ។

    Reply

  9. ពាក្យ ​ខ្មែរ និង កម្ពុជា មិនមានទំនាស់អ្វីនឹងគ្នាទេ ប៉ុន្តែក្នុងបរិបទនៃការប្រើប្រាស់ទាមទារឲ្យមានការពិនិត្យ​ដើម្បីរកភាពសមហេតុសមផលមួយដែលអ្នកស្រុកទូទៅ ពោលគឺម្ចាស់ភាសាអាចយល់បាននិងទទួលយក​បាន ។ ឫសគល់នៃពាក្យទាំងពីរសុទ្ធសឹងត្រូវបានអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រខាងភាសាសាស្ត្របានធ្វើ​ការសិក្សាថ្លឹងថ្ងែងថាមានឫសគល់យ៉ាងណារួចមកហើយ ។ ស្តិតនៅក្នុងការសន្និដ្ឋាននៅឡើយ ពាក្យ ខ្មែរ អាចមកពីកាលសម័យបូរាណខ្មែរយើងប្រកាន់យករបបមាតាធិបតេយ្យ ដែលកាលនោះយើងចាត់ទុកស្រ្តី (មេ)​ជាធំ (មេភូមិ, មេស្រុក, មេក្រុម, មេទ្វា, មេដៃ…) ។ ចំណែកពាក្យ កម្ពុជា មកពីឥសី កម្ពុជ និងអប្សរ មេរ៉ា ។ ផ្អែកតាមសំណល់នៃការប្រើភាសា ទំនោរនៃការប្រើពាក្យ ខ្មែរ មានកម្រិតខ្ពស់ជាងការប្រើពាក្យ កម្ពុជា ទាំងការប្រើប្រាស់ក្ក្នុង​លក្ខណៈធម្មតា ការមើលងាយ និងទាំងការលើកតម្កើង ។
    ខ្មែរចេះតែកិន ចិនចេះតែកត់ ។ ចិនដេញខ្មែរ ខ្មែរដេញខ្មោច (ទិសស្លោកសម័យលក់ផ្ទះក្នុងក្រុង) ។
    បើអ្នកជាម្ចាស់ភាសាខ្មែរ អ្នកនឹងទើសត្រចៀក ឆ្គងត្រចៀក កាលបើមានគេនិយាយថា ភាសាកម្ពុជា, ស្រុកកម្ពុជា, វចនានុក្រមកម្ពុជា, ម្ហូបកម្ពុជា ។ ខ្មែរភាគច្រើននឹងមិនយល់ស្របនឹងការនិយាយបែបនេះទេ តែ​បើជជីកសួរថា ហេតុអ្វីបានជាមិនយល់ស្រប ? ចម្លើយនឹងពិបាករកបន្តិច ព្រោះការវិនិច្ឆ័យនេះ​កើតពី​អព្ភន្តរញាណនៃម្ចាស់ភាសា ។ គួររំឭកថា នៅក្នុងការប្រាស់ក្នុងជីវិតប្រចាំថ្ងៃ​ម្ចាស់ភាសាមិនដែលបារម្មណ៍​ទៅនឹងការរៀបចំសំណង់ឃ្លាប្រយោគអ្វីទេ ព្រោះគេមានវេយ្យាករណ៍ស្វ័យប្រវត្តិនៅក្នុងខួក្បាល ត្រង់នេះប្លែកពីអ្នករៀនភាសាទីពីរ ។

    ត្រឡប់មករឿងដើម៖ មានមតិខ្លះថា ការដែលមិនប្រើពាក្យ ខ្មែរ សម្រាប់ជាឈ្មោះនៃសមាគម ឬស្ថាប័នខ្លួន… ព្រោះបរទេសគេមិន​សូវស្គាល់ខ្មែរ បរទេសគេស្គាល់តែពាក្យ កម្ពុជា ច្រើនជាង ហេតុនេះត្រូវប្រើពាក្យ កម្ពុជា វិញ ។ ជាយោបល់​ផ្ទាល់​ខ្លួនខ្ញុំ អ្វីដែលយើង​ស្គាល់ច្បាស់​អំពីខ្លួនហើយ យើងគួរនាំអ្វីនោះទៅឲ្យលោកខាងក្រៅបានស្គាល់ផង ។ បើគេមិនស្គាល់ខ្មែរ យើងត្រូវប្រើពាក្យខ្មែរឲ្យញឹកញាប់ ។ តើយើងធ្វើដើម្បីយកចិត្តបរទេស ឬរក្សាតម្លៃ​ជាតិខ្លួន​ ?

    ជាមតិផ្ទាល់ខ្លួន៖ កម្ពុជា សំដៅដល់អ្វីដែលទាក់ទងនឹង(ឈ្មោះ)ប្រទេស ហើយខ្មែរសំដៅដល់អ្វីដែលទាក់ទងនឹង​មនុស្សឬស្នាដៃដែលបានមកពីមនុស្សនៃ​ប្រទេស​នេះទាំងគ្រប់សម័យកាល ។ ខ្ញុំសូមមិន​កំណត់ថាពាក្យ កម្ពុជា ជានាម ចំណែក ខ្មែរ ជាគុណនាមនោះទេ ។

    Reply

  10. អរគុណលោកខ្មែរលីង ដែលបានចូលរួមបញ្ចេញយោបល់ក្នុងប្លករបស់ខ្ញុំ ។ ពិតមែនហើយខ្ញុំគិតថាខ្មែរ​យើង​ដែលរស់នៅបរទេស ពិតជាជួបរឿងប្រហាក់ប្រហែលនេះ ច្រើននាក់ណាស់ ។ តែទោះជាយ៉ាងណាសម្រាប់​ខ្ញុំ ខ្ញុំពេញចិត្ត និង មានមោទនភាពណាស់ដែលបានកើតមកជាខ្មែរ ទោះបិជាមានអ្នកខ្លះ​គិតថា ពាក្យខ្មែរ​នេះ​គឺជាពាក្យដែលជនជាតិដទៃបង្អាប់ ឲ្យតម្លៃទាប ឬ មើលងាយយើងក៏ដោយ ។
    ជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនអ្នកភូមិទាំងអស់ ដែលតែងតែផ្តល់ជាគំនិតយោបល់​ផ្សេង​ ព្រមទាំងបទពិសោធន៍ថ្មី ៗ មកចែកជូនអ្នកភូមិយើង ។
    សូមសំណាងល្អ និង ជ័យជំនះកើតមាន​ជានិច្ចចំពោះបងប្អូនអ្នកភូមិ wordpress .

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: