Archive for July, 2011

កាត់បន្ថយភាពក្រីក្រ

ខ្ញុំធ្លាប់ស្ដាប់កាសែតកំប្លែងរបស់លោកពូព្រហ្មម៉ាញ (ប្រហែលជាថតនៅទសវត្សឆ្នាំ ៨០) គាត់ថា “…ពេល​​ជិះយន្តហោះ លូកដៃ​ចេញ​ក្រៅ​ស្រាប់តែ​ដៃ​កក ស្រុកហ្នឹងហើយគឺស្រុកសូវៀត តែបើលូកដៃក្រៅ​ស្រាប់តែ​​បាត់​នាឡិកា ស្រុកហ្នឹង​ហើយគឺ​ស្រុក​វៀតណាម” ។ មានន័យថា នៅស្រុកយួនសម្បូរចោរ​សូម្បី​តែនៅលើ​មេឃ​ក៏មាន​ចោរបណ្ដែតខ្លួនចាំលួច​ដែរនាពេល​នោះ។ ទិដ្ឋភាពនេះបានឆ្លងមកស្រុកខ្មែរ ហើយសឹងតែរលៀបបាត់ទៅ​ហើយ​​ពីវៀតណាម  ។ ចលនទ្រព្យដែលយើងមាន​មិន​សូវមាន​​សុវត្ថិភាព​ប៉ុន្មានទេ តែ​ដាក់​ចោលក្រៅផ្ទះ​ឆ្ងាយពីខ្លួន​​ដោយប្រហែស​​បន្តិច យើងនឹងអស់​សិទ្ធិ​ជាម្ចាស់លើវា​ភ្លាម ព្រោះ​គាត់​យក​ទៅ​បាត់ហើយ ។

ភ្ជាប់រឿងសុវត្ថិភាពរបស់ទ្រព្យនេះ ខ្ញុំសូមលើកយករឿង “ការផ្ញើ” មកផ្ញើជូន នោះគឺរឿង​ផ្ញើម៉ូតូ​។ នៅ ក្រៅផ្ទះ ម៉ូតូស្រុក​យើង​ត្រូវតែ​​ផ្ញើដាក់លុយគ្រប់​ពេលដែលយើងឃ្លាតពីវា បើមិនចឹងទេ​របស់ជា​ទី​ស្រឡាញ់​​​​ដែលជិះជាន់គ្រប់ពេលចេញពីផ្ទះនឹងឃ្លាតពីយើងរហូតហើយ ។ ​ពេលទៅផ្សារៗ​ម្តង ៗ ត្រូវ​ផ្ញើ​ម៉ូតូ​អស់ ៥០០រៀលសម្រាប់​ថ្ងៃ​ធម្មតា បើចំថ្ងៃ​សៅរ៍​​អាទិត្យវិញ អាចឡើងថ្លៃ​ដល់​១០០០រៀល​ក៏មាន​ដែរ ព្រោះហាងឆេងនៅស្រុក​យើង​អត់ស្ដង់ដារ៍ទេ ហើយបើមានមួកការពារទៀត (នេះបើខ្ញុំធ្លាប់ជួប​នៅ​ផ្សារ​អូឡាំពិក) គេយក​​៥០០រៀលក្នុងមួកមួយ ។​ នេះគិតបែបលាមកក្តាប់បន្តិច យើងចាយអស់ ១៥០០ បាត់ទៅហើយសម្រាប់​ពឹង​គេ​ឲ្យ​មើលអាសម្លាញ់ក្រោមគូថនិងអាសម្លាញ់លើក្បាល ។  ពេលខ្លះទៀត​ក៏ រកកន្លែង​ផ្ញើរមិនបានទៀត ត្រូវរង់ចាំ​១៥នាទី ឬ ៣០​នាទី​​​ទើប​មាន​អ្នកចេញ​ ហើយយើងមានចន្លោះ​បាន ចូលម្ដង) ។ ចំណែក​សិស្ស​សាលានិងនិស្សិតនៅផ្ទះយើងក៏មិនជាខុសគ្នាពីផ្សារប៉ុន្មានដែរ ។ គេត្រូវ ចាយជាប្រចាំលើសេវាផ្ញើនេះ បើមិនអញ្ចឹងទេ ស្រក់ទឹកភ្នែកមិនខាន ។

​ ពេល​​នេះប្រហែលជាមានអ្នកខ្លះគិតថា មកពីស្រុកគេអត់មានចោរទេដឹង ? តែសូម​បញ្ជាក់​​ថា​​​នៅ​​​ស្រុក ណាក៏ដូចស្រុកណាដែរ គឺមាន​​​​ចោរមានសោ​ដូចតែគ្នាទេ គ្រាន់តែចោរស្រុកយើង​ឧស្សាហ៍​ជាងចោរ​ស្រុក​គេ ។ នៅកន្លែងចតម៉ូតូ ម្ចាស់​​ហាង​​ធំ ៗ តែង​សរសេរ​ស្លាក​​ថា ប្រយ័ត្ន​ចោរលួចម៉ូតូដូច​ស្រុកយើង​អញ្ចឹងដែរ ។ តែអ្នកជិះតែចត​ចោល​តែពាសទៅ ដោយ​មិន​សូវ​ជាប្រុងប្រយ័ត្ននោះទេ ។ នៅស្រុក​យើង​ពេល​​ចុះ​ពី​លើ​ម៉ូតូ​ម្ចាស់ម៉ូតូត្រូវ​ចាក់​សោ.​​ក និងបើទៅយូរបន្តិច​អាច​ចាក់​ទាំង​សោ​ជន្ទល់​ទៀត​ផង បែបនេះហើយកុំថា​អារម្មណ៍ស្ងប់ឲ្យ​សោះ ត្រូវរវៀសចេញមកមើល ក្រែងវាលែងអាល័យយើង ។ ចំណែ​ក​​នៅកន្លែង​ដែល​ខ្ញុំ​នៅ​ឯណេះវិញ ពេល​ដែល​គេ ចុះ​ទៅណា​មួយ​ភ្លែត ៗ ទៅទិញនេះ​ទិញនោះ​ក្បែរ​ផ្លូវ មាន​អ្នក​ខ្លះ​ចុះ​ទៅ​មិនទាំងដកសោម៉ូតូ ឬ មិនចាក់​សោកទៀតផង ។ ​​

P7230867 1 20110727164728_11[1]

ទិដ្ឋភាពម៉ូតូចតនៅចិញ្ចើមផ្លូវដោយមិនបាច់ផ្ញើ (ស្រុកថៃ)

…ការផ្ញើនៅស្រុកខ្មែរ គឺសុំឲ្យជួយមើលក្រែងចោរលូច ឯការផ្ញើនៅស្រុកនេះ ផ្ញើដោយឥតកន្លែងចត តែបើមានកន្លែងចត ប្រហែលជាគេមិនផ្ញើទេ ។…

ប្រយោជន៍នៃការផ្ញើគឺអស់លុយ ត្រូវតម្រង់ជួរចូលចត … ។ ទេមិនមែនតម្រង់ជួរទេ ព្រោះស្រុកយើង​ក្នុង​ស្ថាន​ភាព​បែប​ហ្នឹងគ្មាន​ជួរអីទេ គឺប្រជ្រៀតគ្នាចូលទីសំចត ។ បើចង់ដឹងទិដ្ឋភាពរញ៉េរញ៉ាយនេះ ខ្ចីម៉ូតូ​គេ ឬជិះម៉ូតូខ្លួន​ឯងទៅផ្ញើនៅសុរិយា, សុវណ្ណា, ឬកន្លែងណា​ដែលមានមនុស្សកកកុញផ្ញើម៉ូតូ បើមិនចេះ​ជ្រែទេ ញាតិមិន​ឲ្យចូលទេ គេជ្រែចូលមុនហើយ ។

ទាំងនេះគ្រាន់តែចង់បញ្ជាក់​ថា ការ​ដែល​​ស្រុកគេមានសន្តិសុខល្អបែបនេះក៏ជាការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​រាស្រ្ត​គេ​បាន​មួយកម្រិតដែរ ព្រោះមិនចាំបាច់អស់លុយផ្ញើរម៉ូតូ ។

Advertisements

ផ្កាលឿងរាជ

ថ្ងៃនេះ(២០ កក្កដា ២០១១)ឃើញកាសែតកោះសន្តិភាពចុះអំពីការដាំកូនឈើលម្អទីក្រុងនៅខេត្តកំពង់​ឆ្នាំង ។ កូនឈើនោះគឺ ដើមលឿងរាជ និង ដើមរំដួល ។ ដោយអត្ថបទមិនបាននិយាយអ្វី ក្រៅពី សកម្ម ភាពនៃការដាំ ហេតុនេះខ្ញុំសូមលើកយកលក្ខណៈខ្លះៗអំពីដើមលឿងរាជមកចែកជូន ។ តាមពិតខ្ញុំទើប តែស្គាល់ដើមនេះមិនទាន់ដល់ ១០ ឆ្នាំនៅឡើយទេ ។ នៅស្រុកថៃគេហៅដើមនេះថា រាជព្រឹក្ស ។ កាល ឃើញផ្លែវាដំបូងស្មានថាជាផ្លែអូញម៉ូញ (នៅប្លក់របស់កល្យាណសរសេរថា អូយម៉ូយ) តែតាមពិតដើម ឈើទាំងពីនេះជាដើមឈើផ្សេងគ្នាទៅវិញទេ ។ នារដូវផ្កាលឿងរាជរីក មើលទៅស្រស់ស្អាតណាស់ សម្រាប់អ្នកចូលចិត្តព័ណ៌លឿង (តែមិនមែនពណ៌លឿងដូចស្បង់លោកទេ)។ ទន្ទឹម នឹង ភាព ស្រស់ ស្អាតនៃស្លឹក និងផ្កា ដើមលឿងរាជក៏បានផ្ដល់នូវសម្រាមសន្ធឹកបានពីផ្កានិងផ្លែដែលជ្រុះ ។

ដើមនេះមានប្រភពមកពីប្រទេសអាស៊ីភាគខាងត្បូងរាប់តាំងពី ប៉ាគិស្ថាន ឥណ្ឌា ស្រីលង្កា ភូមា ជាដើម ។ លឿងរាជជារុក្ខជាតិខ្នាតមធ្យម មានកម្ពស់ ១០ ទៅ ២០ ម៉ែត្រ មានផ្កាព័ណ៌លឿងជាចង្កោម ។

នៅ ភ្នំពេញក៏មានដាំដើមនេះដែរ ខ្ញុំធ្លាប់ឃើញនៅតាមដងផ្លូវពីស្តុបផ្សារទួលទំពូងឡើងមកផ្លូវ ២៧១ (ផ្លូវពេទ្យរុស្ស៊ី) ។

ប្រយោជន៍ក្រៅពីជារុក្ខជាតិលម្អ លឿងរាជ ក៏ជា…(សូមជួយបន្ថែមផង ចាស)…

Loeung Reach6Loeung Reach5Loeung Reach all in ones

បោកកូនជ្រូក

ថ្ងៃនេះទំនេរ សូមជីកកកាយ៖

របបប្រចាំថ្ងៃសម្រាប់ទៅរៀននៅសាលាមួយថ្ងៃ ៣០ បាត ឬ ៤០០០ រៀល ។ នៅទីនេះក្មេង​ៗ ទៅ​រៀន​គេ​មិនត្រឡប់មកញ៉ាំបាយផ្ទះវិញទេ គឺតាំងពីម៉ោង ៨.០០ព្រឹក រហូត​ដល់ល្ងាច ម៉ោង ៤.០០​ទើបចេញ ។ តែកូន ៗ ខ្ញុំត្រូវទៅនៅម៉ោង ៧.៣០ ហើយត្រឡប់មកដល់ផ្ទះនៅម៉ោង ៦.០០ល្ងាច ។ ប្រាក់នេះតិច​ទេ បើ​ធៀបនឹងកូនគេអ្នកធូរធារជាងយើង ។ ចំនួនប៉ុណ្ណេះ ជួនក៏ចាយអស់ ជួននៅសល់ ពេល​ខ្លះកូនចាយ​មិន​អស់ ។ ជាប្រយោជន៍នៃការណែនាំអំពីការចាយវាយ សន្សំសំចៃ (មិនមែនខ្មេះ) គ្រួសារ​មាន​វិធី​ឲ្យ​កូន​ចេះប្រើលុយ និងចេះសន្សំ ។ ការសន្សំនេះ គឺសន្យាថា នឹងឳពុកម្ដាយថែម ៥០ ភាគរយលើលុយ​ដែល​ស​ន្សំបាន ។ មកដល់ថ្ងៃនេះកូនជ្រូក (ធ្វើអំពីកែវប្លាស្ទិកច្នៃ) ពេញ​ហើយ ។ ពិធីបោក​កូន​ជ្រូក​បាន​មក​ដល់ ។ ទិដ្ឋភាពផ្ទៃមុខកូនពេលឃើញលុយ​ដែលជាលទ្ធផល​នៃការសន្សំរបស់ខ្លួន គឺពោរពេញ​ដោយ​ក្តី​រំភើបរកទីបំផុតគ្មាន ។ ខ្លះយកប៊ិចក្រដាស​មកកត់​ចំនួន​កាក់ និង លុយក្រដាសដែលសន្សំបាន ។ ​សរុបមក​ កូនបងសន្សំបាន ១២៦២ បាត កូនប្អូនសន្សំ​បាន ១១៦៥ បាត ។ បន្ថែមទឹកប្រាក់ ៥០ ភាគ​រយ​ពីហោប៉ៅគ្រួសារដែលសន្យាទៀត កូនបង​មានលុយសរុប ១៨៩៦ បាត ឬ ២៤៦៤៨០ រៀល និង​កូន​ប្អូនមាន ១៧៤៧ បាត ឬ ២២៧១៧៥ រៀល ។ កូនៗនៅមិនទាន់ចង់ថានឹងទិញអីទេនៅពេលនេះ ហេតុ​នេះ​សុំដាក់ឲ្យនៅ​ក្នុងកូន​ជ្រូក​សិន ។

Bok koun crok1Bok koun crok2

Bok koun crok3

ចំណុចមួយក្នុងគ្រួសារ៖ ការសន្យា បើយើងសន្យានឹងកូនយ៉ាងណា ត្រូវធ្វើតាមសន្យានោះ គឺ​មិន​មែន​សន្យា​ខ្យល់ទេ សន្យាហើយត្រូវតែធ្វើ ។ ប៉ុន្តែអ្វីដែលសន្យាមិនមែនរឿងហួស​សមត្ថភាព មិនមែន​ផ្ដល់​ផល​មិ​នល្អដល់កូន ។ គឺសន្យាតាមអ្វីដែលយើងគិតថាយើងអាចធ្វើបាន ។ គឺ​មិនមែនសន្យាចោល ទេ បើ​សន្យាចោល គេហៅថា បោកប្រាស់ ។

ម៉ោងធ្វើការ៖ ព្រឹកចូលល្ងាចចេញ

អ្នកដែលធ្លាប់ធ្វើការនៅស្រុកថៃ ឬធ្លាប់រៀននៅស្រុកនេះពិតជាបានដឹងអំពីម៉ោង​ការងាររបស់ថៃ ។ ជាធម្មតាការងាររាជការគេចាប់ពីម៉ោង ៨.៣០ ព្រឹក និង ចេញម៉ោង ៤.៣០ ល្ងាច ។ ស្តាប់ទៅ​ដូច​ជាមិនមានម៉ោងត្រឡប់ផ្ទះពេលថ្ងៃទេ ។ ពិតមែនហើយ ! ជាទូទៅក្នុងអំឡុងនៃពេលធ្វើការ គេមានពេលសម្រាកប្រហែលមួយម៉ោងដែរ គឺម៉ោងបាយថ្ងៃត្រង់ ។ ប៉ុន្តែអ្នកខ្លះទិញបាយកញ្ចប់​អង្គុយហូបនៅតុធ្វើការ ឬចេញទៅហូបនៅខ្ទមនៅក្បែរៗកន្លែងធ្វើការក៏មាន ។ កាលពីមុនធ្លាប់​ឃើញ​គេធ្វើអញ្ចឹងក្នុងកុនហុងកុង ពេលនោះគិតថាប្រហែលជារវល់ណាស់ហើយទើប​មិនមាន​ពេលហូបបាយនៅផ្ទះ ដល់មកឥឡូវបានជួបហើយ ។

Lunch at work1Lunch at work2

ជាយោបល់ផ្ទាល់ខ្លួន ចំណុចល្អនៃម៉ោងការងារម៉ៅដាច់ពេញមួយថ្ងៃ គឺ ៖

  1. បន្ថយសេវាធ្វើដំណើរ ៖ ការធ្វើដំណើរទៅធ្វើការ គេមានតែទៅមួយនិងត្រឡប់មួយ ចំណែក​នៅស្រុកយើងគឺ​ទៅពីរត្រឡប់ពីរ ។
  2. បន្ថយបន្ទុកការបោកគក់ ៖ នៅស្រុកគេ ប្រើសម្លៀកបំពាក់មួយកំភ្លេសម្រាប់ការងារមួយថ្ងៃ ផ្ទុយពីស្រុកយើង យើង ត្រូវប្រើសម្លៀកបំពាក់ព្រឹកមួយកំផ្លេ ល្ងាចមួយកំភ្លេ ។ បើមាន​ហិប​អាចប្រើអាពីព្រឹកបាន ព្រោះក្នុងហិបមានម៉ាស៊ីនត្រជាក់និងអត់ប្រឡាក់ដីហុយ តែបើជិះ​តែ​ម៉ូតូត្រូវប្តូរជាចាំបាច់ ។
  3. កាត់បន្ថយការប្រើថាមពល៖ មួយថ្ងៃពេញនៅតែកន្លែងធ្វើការ មានពេលឯណាទៅប្រើភ្លើង​ទឹកនៅផ្ទះ ។
  4. ចំណេញពេល៖ ក្នុងរង្វង់ម៉ោងធ្វើការរបស់គេ បើទៅជួបរាជការគេងាយជាងស្រុកយើង ។ នៅស្រុកយើងបើចង់មានការអីជាមួយអ្នកធំៗហ្នឹងច្រើនមិនជួប ព្រោះគាត់ទៅសម្រាក ឬមករឺតា ។ ចេញសម្រាកម៉ោង ១១.០០ គាត់ទៅមុនម៉ោងក៏មាន ពេលត្រឡប់វិញ ចូលម៉ោង ២.០០ គាត់ធ្វើដំណើរមកយឺតហើយចូលក្រោយម៉ោងក៏ញឹក ។ នៅស្រុកថៃគ្មានលេសនេះទេ ព្រោះគេគ្មានម៉ោងត្រឡប់ទៅសម្រាកនៅផ្ទះផង ។…

ជាយោបល់ផ្ទាល់ខ្លួនដែរ ចំណុចមិនសូវល្អនៃម៉ោងការងារម៉ៅដាច់ពេញមួយថ្ងៃ គឺ ៖

  1. មិនបានដេកថ្ងៃឲ្យពេញភ្នែក៖ ការធ្វើការមិនមានពេលត្រឡប់ផ្ទះដើម្បីសម្រាកនេះ​ ធ្វើឲ្យ​ពិបាក​សម្រាប់អ្នកដែលធ្លាប់ដេកថ្ងៃ ពិសេសសម្រាប់ខ្មែរ វៀតណាម ឡាវ ចិន… ដែល​សាសន៍​ក្រុមនេះ​ច្រើនមានប្រព័ន្ធការងារសម្រាកពេលថ្ងៃយូរប្រហាក់ប្រហែលគ្នា ។ កាល​មក​ធ្វើការដំបូង ខ្ញុំពិបាកទ្រាំណាស់ដែរ ព្រោះក្រោយអាហារឆ្ងាញ់ថ្ងៃត្រង់រួច ជាទម្លាប់ខ្ញុំ​ត្រូវមាន​អាហារមួយមុខទៀត គឺដេកថ្ងៃ ។ តែឥឡូវធ្លាប់ហើយ តែមានពេលខ្លះងងុយបន្តិចៗដែរ ។
  2. គម្លាតមនុស្សក្នុងគ្រួសារ ៖ ក្រៅពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក ក្រុមគ្រួសារ​បានជួបគ្នាតែពេលយប់ ។ គឺក្រុមគ្រួសារមិនសូវមានពេលច្រើនជាមួយគ្នា​ ។…