ម៉ោងធ្វើការ៖ ព្រឹកចូលល្ងាចចេញ

អ្នកដែលធ្លាប់ធ្វើការនៅស្រុកថៃ ឬធ្លាប់រៀននៅស្រុកនេះពិតជាបានដឹងអំពីម៉ោង​ការងាររបស់ថៃ ។ ជាធម្មតាការងាររាជការគេចាប់ពីម៉ោង ៨.៣០ ព្រឹក និង ចេញម៉ោង ៤.៣០ ល្ងាច ។ ស្តាប់ទៅ​ដូច​ជាមិនមានម៉ោងត្រឡប់ផ្ទះពេលថ្ងៃទេ ។ ពិតមែនហើយ ! ជាទូទៅក្នុងអំឡុងនៃពេលធ្វើការ គេមានពេលសម្រាកប្រហែលមួយម៉ោងដែរ គឺម៉ោងបាយថ្ងៃត្រង់ ។ ប៉ុន្តែអ្នកខ្លះទិញបាយកញ្ចប់​អង្គុយហូបនៅតុធ្វើការ ឬចេញទៅហូបនៅខ្ទមនៅក្បែរៗកន្លែងធ្វើការក៏មាន ។ កាលពីមុនធ្លាប់​ឃើញ​គេធ្វើអញ្ចឹងក្នុងកុនហុងកុង ពេលនោះគិតថាប្រហែលជារវល់ណាស់ហើយទើប​មិនមាន​ពេលហូបបាយនៅផ្ទះ ដល់មកឥឡូវបានជួបហើយ ។

Lunch at work1Lunch at work2

ជាយោបល់ផ្ទាល់ខ្លួន ចំណុចល្អនៃម៉ោងការងារម៉ៅដាច់ពេញមួយថ្ងៃ គឺ ៖

  1. បន្ថយសេវាធ្វើដំណើរ ៖ ការធ្វើដំណើរទៅធ្វើការ គេមានតែទៅមួយនិងត្រឡប់មួយ ចំណែក​នៅស្រុកយើងគឺ​ទៅពីរត្រឡប់ពីរ ។
  2. បន្ថយបន្ទុកការបោកគក់ ៖ នៅស្រុកគេ ប្រើសម្លៀកបំពាក់មួយកំភ្លេសម្រាប់ការងារមួយថ្ងៃ ផ្ទុយពីស្រុកយើង យើង ត្រូវប្រើសម្លៀកបំពាក់ព្រឹកមួយកំផ្លេ ល្ងាចមួយកំភ្លេ ។ បើមាន​ហិប​អាចប្រើអាពីព្រឹកបាន ព្រោះក្នុងហិបមានម៉ាស៊ីនត្រជាក់និងអត់ប្រឡាក់ដីហុយ តែបើជិះ​តែ​ម៉ូតូត្រូវប្តូរជាចាំបាច់ ។
  3. កាត់បន្ថយការប្រើថាមពល៖ មួយថ្ងៃពេញនៅតែកន្លែងធ្វើការ មានពេលឯណាទៅប្រើភ្លើង​ទឹកនៅផ្ទះ ។
  4. ចំណេញពេល៖ ក្នុងរង្វង់ម៉ោងធ្វើការរបស់គេ បើទៅជួបរាជការគេងាយជាងស្រុកយើង ។ នៅស្រុកយើងបើចង់មានការអីជាមួយអ្នកធំៗហ្នឹងច្រើនមិនជួប ព្រោះគាត់ទៅសម្រាក ឬមករឺតា ។ ចេញសម្រាកម៉ោង ១១.០០ គាត់ទៅមុនម៉ោងក៏មាន ពេលត្រឡប់វិញ ចូលម៉ោង ២.០០ គាត់ធ្វើដំណើរមកយឺតហើយចូលក្រោយម៉ោងក៏ញឹក ។ នៅស្រុកថៃគ្មានលេសនេះទេ ព្រោះគេគ្មានម៉ោងត្រឡប់ទៅសម្រាកនៅផ្ទះផង ។…

ជាយោបល់ផ្ទាល់ខ្លួនដែរ ចំណុចមិនសូវល្អនៃម៉ោងការងារម៉ៅដាច់ពេញមួយថ្ងៃ គឺ ៖

  1. មិនបានដេកថ្ងៃឲ្យពេញភ្នែក៖ ការធ្វើការមិនមានពេលត្រឡប់ផ្ទះដើម្បីសម្រាកនេះ​ ធ្វើឲ្យ​ពិបាក​សម្រាប់អ្នកដែលធ្លាប់ដេកថ្ងៃ ពិសេសសម្រាប់ខ្មែរ វៀតណាម ឡាវ ចិន… ដែល​សាសន៍​ក្រុមនេះ​ច្រើនមានប្រព័ន្ធការងារសម្រាកពេលថ្ងៃយូរប្រហាក់ប្រហែលគ្នា ។ កាល​មក​ធ្វើការដំបូង ខ្ញុំពិបាកទ្រាំណាស់ដែរ ព្រោះក្រោយអាហារឆ្ងាញ់ថ្ងៃត្រង់រួច ជាទម្លាប់ខ្ញុំ​ត្រូវមាន​អាហារមួយមុខទៀត គឺដេកថ្ងៃ ។ តែឥឡូវធ្លាប់ហើយ តែមានពេលខ្លះងងុយបន្តិចៗដែរ ។
  2. គម្លាតមនុស្សក្នុងគ្រួសារ ៖ ក្រៅពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក ក្រុមគ្រួសារ​បានជួបគ្នាតែពេលយប់ ។ គឺក្រុមគ្រួសារមិនសូវមានពេលច្រើនជាមួយគ្នា​ ។…

20 responses to this post.

  1. រាល់ថ្ងៃខ្ញុំជីះម៉ូតូទៅមកធ្វើការ 4x6km=24km/day ក្នុងមួយជើងខ្ញុំចំណាយពេល ១៥ទៅ២០នាទី។ ដូចបងរៀបរាប់អញ្ចឹងវាមានគុណសម្បត្តិ និងគុណវិប្បត្តិម្យ៉ាងម្នាក់។

    Reply

  2. ចេញពេលថ្ងៃត្រង់ពិតជាក្តៅណាស់ តែក៏មិនអីដែរព្រោះបានគេងថ្ងៃ ។ នៅទីនេះក្តៅខ្លាំងណាស់ តើនៅស្រុក​យើងក្តៅទេ ?

    Reply

  3. ក្តៅដូចគ្នា

    Reply

  4. មិនដូចគ្នាទេដឹង ព្រោះឃើញនៅកណ្តាលសមុទ្រ(ឈរលើស្ពានពស់)ប្រហែលជា​ត្រជាក់​ជាង​នៅលើគោក ។

    Reply

  5. ស្រុកយើងក្តៅមកពីមានម៉ូតូឡានច្រើនបញ្ចេញកម្តៅទេដឹង? ខ្ញុំផ្តោតលើការចំណាយ។ នៅស្រុកយើង ទៅ មក ធ្វើការ​បួនលើក ដូច្នេះលោកបុរិន្ទគណនាទៅឃើញថាចំណាយច្រើន បើមានការវាស់កម្តៅ​បញ្ចេញដោយ​ម៉ូតូឡាន​ទៀត… ពេលជាប់ស្តុបខ្ញុំពន្លត់ម៉ាស៊ីន…
    តែពេញចិត្តតែត្រង់ថានៅស្រុកយើង បានសម្រាកថ្ងៃត្រង់មួយទំហឹង(ទោះអត់បាយថ្ងៃក៏បាន​ឱ្យតែបានសម្រាក)។ ខ្ញុំដូចបងដែរ តែអត់បានគេងថ្ងៃធ្វើការមិនសូវបានផលល្អទេ។

    Reply

  6. ពីមុន​បងក៏គិតដូចកល្យាណ​ដែរ តែដល់ទៅនៅយូរ​ៗ ទៅ​ ឃើញថា​ទម្លាប់របស់គេ​ល្អជា​ង​ស្រុកយើង ។ មែនហើយការធ្វើដំណើរទៅវិញទៅមក​ដូច្នេះ វាធ្វើឲ្យយើងត្រូវ​ចំណាយច្រើន តែចំណេញ​តែ​ម្យ៉ាងគត់គឺគេងថ្ងៃ ។ ខ្ញុំគិតបើនៅកន្លែងធ្វើការស្រុកយើង​ដូចជាស្រុកគេនោះ​ក៏គ្មាននរណា​ចង់​ត្រឡប់ទៅផ្ទះនាពេលថ្ងៃត្រង់ដែរ ។​ នៅស្រុកគេនេះមាន ហាងលក់បាយ មីនីម៉ាតនៅ​ក្បែរ ៗ កន្លែង​ធ្វើការតែម្តង ដូច្នេះកម្រមានអ្នកត្រឡប់ទៅវិញណាស់ព្រោះ​មេឃ​ក្តៅ បើស្រី ៗ វិញ​រិតតែមិនចង់ទៅ​ ព្រោះខ្លាចខ្មៅនោះអី ។ អរគុណកល្យាណ​ដែលឆ្លៀត​ពេល​មកលេង ។

    Reply

  7. អត់និយាយរឿងម៉ោងការងារ តែសុំនិយាយរឿងត្រីអាំង ។ អើ!! បើបានទឹកត្រីក្ដិបអំពិលខ្ចីហឹរតិចៗផង មិនដឹងឆ្ងាញ់ប៉ុណ្ណាទែ ។ ចូលចិត្ត ។ នៅក្បែរហ្នុង ស្វាយខ្ចីទឹកត្រីមែនទេ? អាហ្នុងក៏ឆ្ងាញ់មិនណយដែរ ។

    Reply

  8. ច៎ាស​មិនមែនទេផ្អកកំពិសទេតើ ទិញមកពីខេត្តសុរិន្រ្ទណា ! រសជាតិដូចអ្នកនៅស្រុកខ្មែរ​ធ្វើអញ្ចឹង ស្នាដៃខ្មែរពិតជាឆ្ងាញ់មែន ។

    Reply

  9. មើលទៅឆ្ងាញ់ឥតទាស់ បើមានត្រីអាំងចឹង មិនខ្ជឹលធ្វើការទេ ! ហើយអានផ្អកមកពីស្រុក សុរិន្ទ្រទៀត ពេញចិត្តប៊ឹប !

    Reply

  10. ពិតជាឆ្ងាញ់ខ្លាំងណាំស់លោកពូ ! សូមអញ្ជើញលោកពូ និង បងប្អុនអ្នកភូមិ​wordpress មកពិសារបាយជាមួយគ្នា ។

    Reply

  11. អរគុណ ដែលបានអញ្ជើញ មើលទៅដូចជាចូលរួម មិនទាន់ទេពេលនេះ ចាំពេលក្រោយចុះ !
    សូមសួរតិច ខ្មែរសុរិន្ទ្រ នៅស្រុកថៃច្រើន ប៉ុណ្ណាទៅ ហើយការរស់នៅ របស់ពួកគាត់ យ៉ាង ណាដែរ ដូចខ្មែរយើងស្រុកខ្មែរដែរ ឬយ៉ាងណា ? កាលពីដើមមិញ កាលនៅស្រុកខ្មែរ ចូលចិត្តស្តាប់វិទ្យុនិងចំរៀង ខ្មែរសុរិន្ទ្រណាស់ ហើយធ្លាប់ដឹងថា ខ្មែរសុរិន្ទ្រច្រើនមានអាយុ វែងៗណាស់ ចឹងមែនឬយ៉ាងណា ? ពីព្រោះមានលោកយាយ ខ្មែរសុរិន្ទ្រនៅក្បែរភូមិ ខ្ញុំនៅ គាត់មានាយុ ១១៥ ឆ្នាំហើយ នៅដើរហូបស្រាធ្វើព្រងើយ កាលណោះកូនគាត់អាយុ ៨៩ ស្លាប់មុនម្តាយ ខ្ញុំទើបតែបួសបានប្រហែល២-៣អាទិត្យ ត្រូវបាននិមន្តទៅសូត្រពិធីបុណ្យ ដែរទើបដឹងរឿងនោះ ។

    Reply

  12. បើតាមខ្ញុំដឹងគឺប្រហែលជាង ៣លាននាក់ ការរស់នៅរបស់ពួកគាត់ បើធៀបជាមួយនឹង​ខ្មែរ ស្រុកខ្មែរ គឺកម្រិតជីវភាពរបស់ពួកគាត់គ្រាន់បើជាង ។ បទចម្រៀងរបស់​ពួកគាត់ពិតជា​ពិរោះ​ខ្លាំង​ណាស់ ហើយបទមួយចំនួនត្រូវបានខ្មែរស្រុកខ្មែរ កូពីយកទៅច្រៀងទាំងដុលតែម្តង ហើយក៏ល្បីឈ្មោះដោយសារបទទាំងនេះដែរ ។ ដោយពួកអ្នកម្ចាស់បទ​មែន​ទែន​មិន​ទទួល​បាន​ផលអ្វីទេ ។ បើនិយាយពីរឿងស្រាវិញ អ្នកសុរិន្ទពិតជាពូកែផឹកស្រាខ្លាំងណាស់ មានបទ​ចម្រៀងមួយបទដែលនិយាយរៀបរាប់ពីអ្នកសុរិន្រ្ទ ក្នុងនោះខ្ញុំចាំបានថា អ្នកទៅ​សុរិន្រ្ទបើ​មិន​ចេះ​​ផឹកស្រា គឺគេចាំត់ទុកថាជាទេវតាប្រចាំសុរិន្ទ្រ ។ ​​សូមស្តាប់ចម្រៀងមួយបទនេះ ជាការកំសាន្ត http://www.baanmaha.com/community/thread41986.html

    Reply

  13. នេះជាបទទំនើប មិនដូចបទចាស់ៗទេ តែបទនេះសំដៅទៅលើថា ទៅសុរិន្ទ្រ ទៅផឹកស្រា ? នេះជាបញ្ហាមួយធំ សំរាប់ខ្មែរសុរិន្ទ្រ ពីព្រោះថា បើនាំគ្នាផឹកច្រើនពេកទៅ នាំអោយវង្វែង ស្មារតី ភ្លេចគិតនូវអ្វីៗទាំងអស់ ជាពិសេស ទឹកដីខ្មែរនៅថៃហ្នឹងតែម្តង នេះជាល្បិចរបស់ថៃ គេរិតតែជំរុញ អោយរិតផឹកខ្លាំងឡើង មិនខុសគ្នាលាវ ឬឡាវដែរទេ នៅអមេរិកផឹកខ្លាំង ណាស់ សូម្បីតែធ្វើបុណ្យក្នុងវត្ត ក៏ផឹកដែរ ។ នៅពេលនោះ មានបុណ្យមួយធំ នៅវត្តមួយ ហើយគេជួលពួកខ្ញុំអោយទៅយាម ។ គ្រាន់តែទៅដល់វត្ត ចង់ព្រឺក្បាល បៀយារទាំងកែសៗ ស្មើក្បាល ខ្ញុំថា អុញ! កុនបណ្តោយ ! ធ្វើការម៉េចទៅ បើគេផឹកច្រើនចឹង ហើយនៅក្នុង វត្តទៀត គ្នាខ្ញូម៤-៥ នាក់ដែរ តែគណៈកម្មការគេថា មិនអីទេ ចាំពួកគេជួយមើល សហការណ៍គ្នាអត់អីដែរ យប់នោះ មានវាយគ្នាដែរ តិចតួច អាចទប់ទលបាន ។ ហើយពួក ជនជាតិដើមឥណ្ឌា ដែលនៅទឹកដីអាមេរិកាំងមុនគេ ក៏ផឹកខ្លាំងចឹងដែរ ដេកដួលក្បែរទៀម ស្រាច្រើនណាស់ ។ នៅស្រុកខ្មែរយើងក៏មិនណយដែរ តាមជបទ សុទ្ធស្រា ស ហើយគេថា មានលាយអង់ទ្រីនផង ចឹងបានកាត់ដាច់ពោះវៀនអស់ ស្លាប់ច្រើនណាស់ បើស្រាណាផឹក មិនស្រវឹង មិនល្អទេ ចឹងឃើញថា ឆ្កួតច្រើនណាស់ខ្មែរយើង ។
    ចំណែកខ្ញុំក៏ធ្លាប់នឹងគេដែរ កាលនៅជំរុំ ០០៧ ប្រុំដែនខ្មែរ-ថៃ មកពីចាស់ៗនាំផឹក បើមិនផឹកមិនបាន ពីព្រោះគេជប់លៀងពិសេផងថ្ងៃនោះ បន្ទាប់ពីអូសទ័ព ពិស្រុកខ្មែរបាន ប្រហែល ៦០០ នាក់ នៅពេលនោះ គេអោយញាំនិងផឹកមួយសេរី គេបានរៀបអោយម្នាក់ អាម៉ៃខូងថៃ ១ ដប បៀយារអាធុន រាជសី ១ ដប មានគុយទាវ និងរបស់ក្លែមផង ។ ខ្ញុំមិនដែលផឹកសោះ បៀយារក៏មិនចេះ អត់ទាំងអស់ មានអីចាស់ៗ ចាក់ដាក់កែវ ចាប់អោយផឹក អស់មួយថែមមួយ អស់ទំាងអស់ អូយក្តៅខ្លាំងណាស់ ! តែមិនដួលទេ អត់ស្រវឹងទេ គ្រាន់តែក្តៅ ។ ហើយចាស់ៗដួលអស់ហើយ ទាហានមកគ្រាយកទៅកន្លែង ខ្ញុំអត់បាច់គ្រាទេ តែក្តៅណាស់ ។ តើគាត់មានដឹងថា ស្រាម៉ៃខូងថៃហ្នឹង មានកំដៅប៉ុន្មាន អង្សាដែរ ? អត់ភ្លេចទេរហូតដល់ឥឡូវ ! ក្តៅអស់ប្រហែលជា បីថ្ងៃ ទើបបាត់ ។ បន្ទាប់មក ពួកថៃគេយកឥវ៉ាន់មកលក់ ពួកនោះក៏យកអាស្រាហ្នឹងទៀត គេចាក់អោយផឹក ក៏ផឹកទៀត ចឹងអត់មានព្រួយបារម្ភអីទេ នៅពេលនោះ ។ តែក្រោយៗមក មិនផឹកអីទៀតទេ ស្រាក៏មិន បៀយាក៏មិន ខ្លាចខូចសុខភាព បារីក៏មិន អត់ទាំងអស់ ស្អាតឆេញ ! ចប់ ។

    Reply

  14. លោកពូតាមបទចម្រៀងដែលគេច្រៀងនោះ តាមពិតគា្រន់តែជាបទដែលគេដៀមដាម​ឲ្យគ្នាទោវិញទៅមកប៉ុណ្ណោះ ហើយបទដែលគេថាអ្នកមិនចេះផឹកជាទេវតានោះ ចាំខ្ញុំតាម​រក​ឲ្យ​​​ម្តងទៀត សុំទោសដែលដាក់បទចម្រៀងខុស ។ សូមសរសើរលោកពូ ដែលមិន​យក​ខ្លួន​ទៅ​ក្បែរគ្រឿងស្រវឹងទាំងនោះ ។ ខ្ញុំធ្លាប់ឃើញអ្នកផឹកខ្លះ ឲ្យតែផឹកស្រវឹងគឺឆ្កួតហើយ ចាប់​ផ្តើមរករឿងគេ រករឿងឯង​វាយគេវាយឯង ទីបំផុតដេកគុក​ដោយសារតែអារឿង​អបាយ​មុខ​អស់​ហ្នឹង ឥតប្រយោជន៍ ជាពិសេសក្មេងសម័យឥឡូវនេះតែម្តង ។

    Reply

  15. អ្នកសិក្សាស្រាវជ្រាវអំពីភាសាខ្មែរក្នុងដីថៃកាលជិត ១០ ឆ្នាំមុនថា មានថៃដើមកំណើតខ្មែរនៅចំនៀរព្រំដែនខ្មែរ ថៃប្រហែលជិត ១.៤០០.000 ប៉ុណ្ណោះ ហើយចំនួនេះនឹងថយចុះជាលំដាប់ បើសិនមិនមានការអភិរក្ស ។

    Reply

    • ម៉េចបានជាមានតិចទៅវិញ khmerling ? វាត្រូវមានច្រើនជាងទ្វេ មកពីអ្វីដែរ?

      Reply

  16. មែនហើយលោកខ្មែរលីង ខ្មែរសុរិន្រ្ទមាននៅច្រើនខេត្តណាស់ ហេតុអីបានជាមានមនុស្សតិច​ម្លេះ ។ ខ្ញុំនិយាយនេះសំដៅទៅលើខ្មែរសុរិន្រ្ទ មិនមែនអ្នកនិយាយភាសាខ្មែរទេណា​ ? បើកាលពីជាងដប់ឆ្នាំមុនមាន ១៤០០០០០នាក់ពេលនេះគួរតែមានច្រើនជាងនេះ ព្រោះជា​ការ​បន្តពូជពង្សវង្សត្រកូលនោះអី ។ អរគុណលោក​ខ្មែរលីង​ដែលបានចូលរួមចែករំលែក​ចំណេះ​ដឹងដល់អ្នកភូមិ ហើយសង្ឃឹមថា​លោកនឹងបង្ហាញខ្លួន​បកស្រាយចម្ងល់នេះម្តងទៀត ។

    Reply

Leave a comment