កាត់បន្ថយភាពក្រីក្រ

ខ្ញុំធ្លាប់ស្ដាប់កាសែតកំប្លែងរបស់លោកពូព្រហ្មម៉ាញ (ប្រហែលជាថតនៅទសវត្សឆ្នាំ ៨០) គាត់ថា “…ពេល​​ជិះយន្តហោះ លូកដៃ​ចេញ​ក្រៅ​ស្រាប់តែ​ដៃ​កក ស្រុកហ្នឹងហើយគឺស្រុកសូវៀត តែបើលូកដៃក្រៅ​ស្រាប់តែ​​បាត់​នាឡិកា ស្រុកហ្នឹង​ហើយគឺ​ស្រុក​វៀតណាម” ។ មានន័យថា នៅស្រុកយួនសម្បូរចោរ​សូម្បី​តែនៅលើ​មេឃ​ក៏មាន​ចោរបណ្ដែតខ្លួនចាំលួច​ដែរនាពេល​នោះ។ ទិដ្ឋភាពនេះបានឆ្លងមកស្រុកខ្មែរ ហើយសឹងតែរលៀបបាត់ទៅ​ហើយ​​ពីវៀតណាម  ។ ចលនទ្រព្យដែលយើងមាន​មិន​សូវមាន​​សុវត្ថិភាព​ប៉ុន្មានទេ តែ​ដាក់​ចោលក្រៅផ្ទះ​ឆ្ងាយពីខ្លួន​​ដោយប្រហែស​​បន្តិច យើងនឹងអស់​សិទ្ធិ​ជាម្ចាស់លើវា​ភ្លាម ព្រោះ​គាត់​យក​ទៅ​បាត់ហើយ ។

ភ្ជាប់រឿងសុវត្ថិភាពរបស់ទ្រព្យនេះ ខ្ញុំសូមលើកយករឿង “ការផ្ញើ” មកផ្ញើជូន នោះគឺរឿង​ផ្ញើម៉ូតូ​។ នៅ ក្រៅផ្ទះ ម៉ូតូស្រុក​យើង​ត្រូវតែ​​ផ្ញើដាក់លុយគ្រប់​ពេលដែលយើងឃ្លាតពីវា បើមិនចឹងទេ​របស់ជា​ទី​ស្រឡាញ់​​​​ដែលជិះជាន់គ្រប់ពេលចេញពីផ្ទះនឹងឃ្លាតពីយើងរហូតហើយ ។ ​ពេលទៅផ្សារៗ​ម្តង ៗ ត្រូវ​ផ្ញើ​ម៉ូតូ​អស់ ៥០០រៀលសម្រាប់​ថ្ងៃ​ធម្មតា បើចំថ្ងៃ​សៅរ៍​​អាទិត្យវិញ អាចឡើងថ្លៃ​ដល់​១០០០រៀល​ក៏មាន​ដែរ ព្រោះហាងឆេងនៅស្រុក​យើង​អត់ស្ដង់ដារ៍ទេ ហើយបើមានមួកការពារទៀត (នេះបើខ្ញុំធ្លាប់ជួប​នៅ​ផ្សារ​អូឡាំពិក) គេយក​​៥០០រៀលក្នុងមួកមួយ ។​ នេះគិតបែបលាមកក្តាប់បន្តិច យើងចាយអស់ ១៥០០ បាត់ទៅហើយសម្រាប់​ពឹង​គេ​ឲ្យ​មើលអាសម្លាញ់ក្រោមគូថនិងអាសម្លាញ់លើក្បាល ។  ពេលខ្លះទៀត​ក៏ រកកន្លែង​ផ្ញើរមិនបានទៀត ត្រូវរង់ចាំ​១៥នាទី ឬ ៣០​នាទី​​​ទើប​មាន​អ្នកចេញ​ ហើយយើងមានចន្លោះ​បាន ចូលម្ដង) ។ ចំណែក​សិស្ស​សាលានិងនិស្សិតនៅផ្ទះយើងក៏មិនជាខុសគ្នាពីផ្សារប៉ុន្មានដែរ ។ គេត្រូវ ចាយជាប្រចាំលើសេវាផ្ញើនេះ បើមិនអញ្ចឹងទេ ស្រក់ទឹកភ្នែកមិនខាន ។

​ ពេល​​នេះប្រហែលជាមានអ្នកខ្លះគិតថា មកពីស្រុកគេអត់មានចោរទេដឹង ? តែសូម​បញ្ជាក់​​ថា​​​នៅ​​​ស្រុក ណាក៏ដូចស្រុកណាដែរ គឺមាន​​​​ចោរមានសោ​ដូចតែគ្នាទេ គ្រាន់តែចោរស្រុកយើង​ឧស្សាហ៍​ជាងចោរ​ស្រុក​គេ ។ នៅកន្លែងចតម៉ូតូ ម្ចាស់​​ហាង​​ធំ ៗ តែង​សរសេរ​ស្លាក​​ថា ប្រយ័ត្ន​ចោរលួចម៉ូតូដូច​ស្រុកយើង​អញ្ចឹងដែរ ។ តែអ្នកជិះតែចត​ចោល​តែពាសទៅ ដោយ​មិន​សូវ​ជាប្រុងប្រយ័ត្ននោះទេ ។ នៅស្រុក​យើង​ពេល​​ចុះ​ពី​លើ​ម៉ូតូ​ម្ចាស់ម៉ូតូត្រូវ​ចាក់​សោ.​​ក និងបើទៅយូរបន្តិច​អាច​ចាក់​ទាំង​សោ​ជន្ទល់​ទៀត​ផង បែបនេះហើយកុំថា​អារម្មណ៍ស្ងប់ឲ្យ​សោះ ត្រូវរវៀសចេញមកមើល ក្រែងវាលែងអាល័យយើង ។ ចំណែ​ក​​នៅកន្លែង​ដែល​ខ្ញុំ​នៅ​ឯណេះវិញ ពេល​ដែល​គេ ចុះ​ទៅណា​មួយ​ភ្លែត ៗ ទៅទិញនេះ​ទិញនោះ​ក្បែរ​ផ្លូវ មាន​អ្នក​ខ្លះ​ចុះ​ទៅ​មិនទាំងដកសោម៉ូតូ ឬ មិនចាក់​សោកទៀតផង ។ ​​

P7230867 1 20110727164728_11[1]

ទិដ្ឋភាពម៉ូតូចតនៅចិញ្ចើមផ្លូវដោយមិនបាច់ផ្ញើ (ស្រុកថៃ)

…ការផ្ញើនៅស្រុកខ្មែរ គឺសុំឲ្យជួយមើលក្រែងចោរលូច ឯការផ្ញើនៅស្រុកនេះ ផ្ញើដោយឥតកន្លែងចត តែបើមានកន្លែងចត ប្រហែលជាគេមិនផ្ញើទេ ។…

ប្រយោជន៍នៃការផ្ញើគឺអស់លុយ ត្រូវតម្រង់ជួរចូលចត … ។ ទេមិនមែនតម្រង់ជួរទេ ព្រោះស្រុកយើង​ក្នុង​ស្ថាន​ភាព​បែប​ហ្នឹងគ្មាន​ជួរអីទេ គឺប្រជ្រៀតគ្នាចូលទីសំចត ។ បើចង់ដឹងទិដ្ឋភាពរញ៉េរញ៉ាយនេះ ខ្ចីម៉ូតូ​គេ ឬជិះម៉ូតូខ្លួន​ឯងទៅផ្ញើនៅសុរិយា, សុវណ្ណា, ឬកន្លែងណា​ដែលមានមនុស្សកកកុញផ្ញើម៉ូតូ បើមិនចេះ​ជ្រែទេ ញាតិមិន​ឲ្យចូលទេ គេជ្រែចូលមុនហើយ ។

ទាំងនេះគ្រាន់តែចង់បញ្ជាក់​ថា ការ​ដែល​​ស្រុកគេមានសន្តិសុខល្អបែបនេះក៏ជាការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​រាស្រ្ត​គេ​បាន​មួយកម្រិតដែរ ព្រោះមិនចាំបាច់អស់លុយផ្ញើរម៉ូតូ ។

Advertisements

15 responses to this post.

  1. ភាពក្រីក្រនៅស្រុកខ្មែរគេកាត់បន្ថយតាមរយៈទៅខ្ចីលុយគេមកអភិវឌ្ឍ (មាននៅក្នុងប្លក់…ខ្ញុំចាស់មែនទែន 😦 …)
    ចំណុចមួយទៀតនោះគឺបើបាត់របស់ហើយ គ្មានសង្ឃឹមរកឃើញវិញទេ! ដូច្នេះហើយចោរវាប្រមាថយើងណាស់ព្រោះវាមិនខ្លាចអ្នករក្សាសន្តិសុខស្រុកយើងទេបង។
    សុំនិយាយតិចម៉ោ!
    ចឹងបានជាអ្នកស្រុកខ្មែរចង់ទៅនៅស្រុកគេ ស្រុកគេវាស្រួលចឹងហ្ន៎!

    Reply

  2. ឃើញមានអង់ការជួយច្រើនក្នុងការជួយកាត់បន់ថយភាពក្រីក្រ ។ ក្នុងនោះមាន​អង់ការ(អារកង់)ខ្លះ​គេប្រើរូបភាពហ្នឹងក្នុងការរកស៊ីក៏មានដែរ ។ ហេតុហ្នឹងកាត់អត់ថយទេ ។ យ៉ាងណាសូម​សរសើរអង្គការមួយចំនួន​ធំដែលមានឆន្ទៈពិតប្រាកដក្នុងការងារនេះ ហើយអ្នកក្រីក្រមួយចំនួនបានទទួលផលពីការខឹតខំប្រឹងប្រែងនេះដែរ ។

    សុខតែកាយ ចិត្តមិនសូវសប្បាយ ព្រោះឃ្លាតពីញាតិមិត្ដបងប្អូន ណូវែឡៃកហ៊ូម!!! អ្នកស្រុកថា ឃ្លាតឆ្ងាយណាយចិត្ដ ។ ថាបែបនេះមិនចំជាត្រូវទេសម្រាប់បង ព្រោះបងកាន់តែ​ឃ្លាតកាន់តែនឹក ។ នឹកផ្ទះណាស់អូន ? ស្រុកគេប្រព័ន្ធការងារ ប្រព័ន្ធច្បាប់ មើលទៅដូចជា​ប្រសើរជាងស្រុកយើង ប៉ុន្ដភាពប្រសើរនេះមិនអាចទាក់ទាញយើងឲ្យទៅចូលចិត្ដទៅនៅទេ ។ ពេលឃើញអ្វីនៅផ្ទះគេល្អ ចិត្ដក៏ចង់បានឲ្យយើងមានដូចគេ ។ តែសួរថា គេមានអ្អ្វី​អាក្រក់ អន់ថយទេ ? សូមឆ្លើយដោយឥតសង្ស័យថា ប្រាកដជាមាន តែមិនយកមកចែកជូនទេ ព្រោះអ្វីដែល​អាក្រក់ មនុស្សទទួលបានលឿនជាងអ្វីដែលល្អ ។

    អារម្មណ៍នឹកផ្ទះថយចុះមួយកម្រិត បន្ទាប់ពីបានសង់ផ្ទះនៅវើតប្រេស ព្រោះបងមាន កល្យាណ និងញាតិវើតប្រសទាំង​អស់ជាអ្នកផ្ដល់កម្លាំងចិត្ដតាមរយៈការចែក​រំលែក​ចំណេះ​ដឹង ទាំងគេចូលមកលេងយើង ទាំងយើង​ទៅលេងគេ ។

    ណូវែឡៃកហ៊ូម!!! ហេតុនេះទីនេះមិនមែនជាលំនៅអចិន្ដ្រៃយទេ នេះជាចំណតជីវិតខណៈ​ដែលភារកិច្ចតម្រូវឲ្យធ្វើប៉ុណ្ណឹង ។ លំនៅអចិន្ដ្រៃយគឺផ្ទះយើងនាដែនដីអង្គរនោះវិញទេ ។

    Reply

  3. ខ្ញុំសង្ឃឹមថាថ្ងៃណាមួយស្រុកយើងនឹងជឿនលឿនជាងស្រុកគេ (ព្រោះយើងក៏ធ្លាប់ល្បីដែរ មានភាពជឿនលឿនជាងស្រុកមួយចំនួននៅអាស៊ីនេះ) ដូច្នេះ…ផ្ទះយើងក៏នឹងមានដូចផ្ទះគេ​ដែរ…
    មួយទៀត បើសិនខ្ញុំបានខំមិនខាងលើមានប៉ះពាល់អារម្មណ៍បង ខ្ញុំសូមនិយាយថា សុំទោស​ដោយខ្ញុំគ្មានចេតនា។ ខ្ញុំចង់និយាយថាឱ្យតែឃើញស្រុកគេមានអីល្អក៏ចេះតែ​គិតថា​ជា​ហេតុផល​នាំឱ្យយើងត្រេក​(រួមទាំងខ្ញុំផងដែរ) ក៏តាំងគិតថាចុះបើយើងបានទៅ​នៅកន្លែងស្រួលហ្នឹង​វិញល្អ​យ៉ាងណាទៅ?

    Reply

  4. បងក៏សង្ឃឹមដូចកល្យាណដែរ ។ ចំពោះខំមិនខាងលើមិនបានធ្វើឲ្យបងខឹងនោះទេ ។ កាលពី​នៅស្រុកយើងបងក៏ធ្លាប់គិតដូចកល្យាណដូច្នោះដែរ ។ តែពេលមកដល់ស្រុកគេ អារម្មណ៍​នឹករលឹក​ផ្ទះម្តង ៗ ពិតជាមិនអាចទប់ទឹកភ្នែកបាននោះទេ ។ បងមានរឿងមួយចង់ប្រាប់គឺ កាលដែលនៅស្រុកយើង​បងមិនដែលចាប់អារម្មណ៍មើល​របាំ​ ឬ ល្ខោនអីទេ ឲ្យតែឃើញ​គេផ្សាយ​តាមទូរទស្សន៍ភា្លម​ដូរប៉ុស្តិ៍ភ្លែត ដូចជាមិនចូលចិត្ត ឬ យ៉ាងម៉េចមិនដឹង​ទេ រកប្រាប់​មិន​ត្រូវសោះ ។ ធ្លាប់តែពេលធ្វើអីខុស​មាន​ម្តាយ បង ប្អូន ណែនាំខ្លះស្តីឲ្យខ្លះ ញ៉ោះក្មួយ ៗ រហូតយំ ស្តីឲ្យក្មួយ​ៗ​ណាដែល​មិន​ស្តាប់​បង្គាប់ ជាពិសេសអ្នកដែលពូកែ​លេង​ហ្គេម​មិន​ចូល​រៀន…) ។ តែពេលឃ្លាតឆ្ងាយពីស្រុកកំណើត ផ្ទះដ៏សែនកក់ក្តៅអារម្មណ៍ទាំង​នោះ​រលាយបាត់អស់ ។ នៅពេលទំនេរបងបែរជាចូលចិត្ត​មើលរបាំអប្សរា​តាមរយៈ យូធូប មើលហើយពិតជាធ្វើឲ្យ​អារម្មណ៍យើងសប្បាយ​ចម្លែក ព្រោះបានឃើញ​ក្បាច់រាំដ៏ទន់ល្វតល្វន់​របស់​ខ្មែរ ។ ពេលខ្លះរំភើបដល់ស្រក់ទឺកភ្នែកក៏មានដែរ ។
    កល្យាណត្រូវចាំថា គ្មានកន្លែងណាដែលសប្បាយជាងស្រុកកំណើតរបស់ខ្លួននោះទេ ។​

    Reply

  5. ខ្ញុំនឹងចងចាំទុក «គ្មានកន្លែងណាដែលនាំក្តីសប្បាយជាងស្រុកកំណើត ជាងគ្រួសារយើងនោះទេ!» ដូច្នេះហើយបានជាអ្នកខ្លះទៅនៅស្រុកគេ ដល់ថ្ងៃឈប់សម្រាក​ក៏តាំងស្កាត់រកគ្នាមិនធុញថាឆ្ងាយថាជិតនោះទេ បើនៅស្រុកឯងវិញផ្ទះក្បែរគ្នាជួនកាលមួយ​អាទិត្យនិយាយរកគ្នាបានដប់នាទី។
    សុំបែករឿងក្នុងប្រកាសបងតិចសិន។ ខ្ញុំនេះអ្នកនិយមល្ខោនបាសាក់ យីកេលែងនិយាយ​ហើយ កាលនៅក្មេងៗម្តាយខ្ញុំគាត់ខ្លាចណាស់មិនឱ្យទៅមើលល្ខោនទេ ខ្ញុំលួចទៅមើលរាល់​ដង មានអាម៉ាកដើរកាត់ផ្នូរខ្មោចម្នាក់ឯងក៏មានដែរ ហេតុតែចង់។ មានម្តងនោះ លោតចេញ​តាមបង្អួចគ្រេចកជើង រួចអូសទាំងអាជើងឈឺហ្នឹង ទៅមើលល្ខោនបាសាក់មានកន្ទេលមួយ ខ្នើយមួយ។ កាលណោះបែបខ្ញុំឈឺជើងខ្លាំង ល្ខោនបាសាក់ចប់មិនដឹងពីថ្មើណា ដល់តែដឹង​ខ្លួនឡើងឮសូរចាបវាចេចចាចក្បែរត្រចៀក មិនដឹងអាណាវាយកបាយមកស៊ីពីយប់ ដល់​កំពប់​ទៅវានៅក្បែរក្បាលខ្ញុំ ចាបមកស៊ីឱ្យទ្រហឹង ទាល់តែប៉ុណ្ណឹងបានដឹងថា​នៅដេក​កណ្តាលវាលស្រែតែម្នាក់ឯង រួចក៏មូរកន្ទេលដើរខ្ចើចជើងមកផ្ទះវិញទៅ។
    ខ្ញុំនេះមហាខូចណាស់រកលេខដាក់គ្មានទេ។

    Reply

  6. ឌាតែក្នូចទេអញ្ចឹងនោះ កាលនៅពីតូច​នៅក្បែរផ្ទះបង​មានរោងល្ខោនមួយ ឲ្យតែយប់ឡើង​លួចទៅមើលហើយ ទោះជាប៉ាម៉ាក់ហាមយ៉ាងណាក៏ដោយ ។ វិធីរបស់បងគឺសុំគេចូលជាមួយ​​ ថ្ងៃខ្លះទៀតក៏ប្រជ្រៀតគេចូល ទម្រាំតែបានចូលមើលបែកញើសជោគអាវអស់ហើយ ។ តែដល់ធំឡើងដូចជាមិនសូវចាប់អារម្មណ៍ទេ នេះប្រហែលជាមើលតាមទូរទស្សន៍មិនសូវ​ល្អមើល​ដូចមើលផ្ទាល់ផងក៏មិនដឹង ។​

    Reply

  7. ខ្ញុំសំដៅតែកន្លែងណាមានបុណ្យ ដែលគេលេងហ្វ្រី ព្រោះអត់មានលុយ។
    មើលផ្ទាល់​ដូចជា​សប្បាយជាងមែនណាបង មានធ្លាប់កំពុងតែមើល ស្រាប់តែចេញ​តួ​យក្ស​មក មានអ្នកខ្លះនាំគ្នាគប់ដុំថ្មដាក់។ ហេហេ អាយុខ្លីណាស់តួអង្គកំណាចនោះ។

    Reply

    • សូមអត់និយាយរឿងមានរឿងក្រ តែសូមនិយាយរឿងអតីតទាក់ទងល្ខោន ។
      និយាយរឿងល្ចោន ខ្ញុំកាលពីនៅក្មេងកំសត់ណាស់ ។ ដេកនៅវាលស្រៃ ដេកលើជញ្ជ្រាំង ។ ពេលទៅ ទៅទាំងហ្វូងទាំងភូមិ តែពេលត្រឡប់មកវិញ ចែកគ្នាមកម្ដងមួយ ខ្លួនឯងជក់ជាងគេ មើលទាល់តែគេសាររោង ឬ ជួនកាលភឿនហ្វូងត្រឡប់មុនអស់ សល់ម្នាក់ឯងគ្នាអ្នកត្រឡប់ជាមួយ ក៏សម្រេចចិត្ដដេកមើលទល់ភ្ឡឺ ។ ឆ្ងល់ហេតុអ្វីគេមិនលេង​ពីព្រលប់ ៗ អាលចប់ត្រឹមម៉ោង ១២ ម៉ោង ១២ ។ ជាទម្លាប់ល្ខោនចប់ម៉ោង ៤ ឬ ៥ ទៀបភ្លឺ ។
      មានពេលខ្លះដេកហិតមីនក៏មាន ។ ខ្លួនតូចចេះតែត្បុលទៅខាងមុខ មានជួនកាលអ្នកអង្គុយ ទុកចន្លោះកណ្ដាលមួយប្រឡោះ ខ្លួនឯងគិតថា ម៉េចឆោតម៉្លេះចាស់ ៗ អស់នេះ គេទុកត្រង់ហ្នឹងធ្វើអី ។ គិតហើយរុលចូលទៅ ពុទ្ធោពុទ្ធំ សុទ្ធតែ…មិនដឹងគេលួចដាក់ពីថ្មើណា ។

      Reply

  8. នៅកន្លែងខ្ញុំធ្វើការ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ឮមាននិស្សិតបាត់ម៉ូតូដែរ ។ ឃើញគេដាក់ពួកសន្តិសុខឃ្លាំមើលខុសសព្វដង ។ ប្រហែលជាចោរអត់ទ្រាំនឹងម៉ូតូដែលដាក់ចោលគ្មានអ្នកមើលថែហ្នឹងហើយមើលទៅ ។

    Reply

  9. […] កាត់បន្ថយភាពក្រីក្រ Like this:LikeBe the first to like this post. […]

    Reply

  10. មកបញ្ចេញមតិក្រោយគេហើយខ្ញុំ។ បើនិយាយពីរឿងផ្ញើម៉ូតូនៅផ្សារអូឡាំពិក ខ្ញុំសុខចិត្តអត់យកម៉ូតូទៅទេ ជិះម៉ូតូក្រសួង ឬអាកង់បីវិញ ព្រោះបើគិតតាមលាមកក្ដាប់(ដូចបង) គ្រាន់តែផ្ញើអស់១៥០០៛ហើយហ្នឹង ហើយយើងជិះម៉ូតូខ្លួនឯងក៏ចាក់សាំងដែរ ជិះម៉ូតូក្រសួង អស់៥០០០៛ទាំងទៅទាំងមក តែបានចំណេញអ្នករត់ម៉ូតូ​បានលុយ​​ ហោចណាស់ក៏ដោះស្រាយម្ហូបមួយព្រឹកដែរ។

    Reply

    • តែពេលខ្លះជិះម៉ូតូខ្លួន​ឯងទៅវាស្រួល​ម្យ៉ាងដែរជីវី ចង់ទៅណា​ទៅភ្លែតមិនបាច់ចាំតថ្លៃ​ជាមួយ​ម៉ូតូក្រសួងយូរ តែទាស់ត្រង់​ថា ពិបាករកកន្លែងផ្ញើរប៉ុណ្ណោះឯង ។

      Reply

  11. […] 4. កាត់បន្ថយភាពក្រីក្រ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: