Archive for May, 2012

Lion Bronze

បន្ទាប់ពីបានដាក់អត្ថបទអំពីរូបបដិមាតោនៅវត្តព្រះកែវមានអ្នកភូមិយើងមួយចំនួនចង់ដឹងថា​តើ​បដិមាតោ​ទាំងនោះពិតជាយកចេញពីអង្គរវត្តមែនឬយ៉ាងណា ?

តាមរយៈសៀវភៅដែលមានចំណងជើងថា ANGKOR AND KHMER CIVILIZATION និពន្ធដោយ លោក Michael D. Coe ត្រង់ទំព័រ ១៣៧ បាននិយាយអំពីរឿងសំណាកតោនេះថា ៖

Michale D. Coe 2005 p137

ក្នុងចំណោមសំណាកតោទាំង១២ដូចដែលលើកឡើងខាងលើហ្នឹង ខ្ញុំឃើញតែ ៥ នៅខាងមុខព្រះវិហារ​ព្រះកែវ ។​បើចង់ដឹងច្បាស់​អំពីរឿងនេះ​ ពិសេសអំពីតម្លៃស្នាដៃដូនតាយើងដ៏កាត់ថ្លៃមិនបាន​នោះ ​ញាតិ​ញោម​ អាច​អាន​សៀវភៅខាងលើបន្ថែម ដែលមានគម្របដូចបានបង្ហាញខាងក្រោម។

316825-LaANGKORaP5100078a

Advertisements

លកញ្ចក់ណូគៀ៖ ការពិត ឬ កាពឹត

អត់មែនជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាទេ ប៉ុន្ដែថ្ងៃនេះ (២៤ ឧសភា ២០១២) ឃើញ​គេ​ផ្សាយរឿងហឹង្សាមួយនៅទូរទស្សន៍ថៃប៉ុស្ដិលេខ៣ ទើបចាប់អារម្មណ៍នឹងរឿងនោះ ។ ខាងទូរទស្សន៍​គេមិនបានប្រាប់ថាតួអង្គអ្នកដែលត្រូវធ្វើទារុណកម្មឈ្មោះអីទេ។ សាកសួរទៅបងយូធូប គេថាគេ​មាន​រឿងហ្នឹងដែរ (Nokia Lumia Screen 900 Hammer Test ) ។ ចឹងហើយទើបទៅរកឃើញហើយយក​មកចែកញាតិមើលលេង ។ មើលហើយជឿមិនជឿក៏ស្រេចទៅតាមការយល់ឃើញទៅចុះ ។ តែបើក្រោយមើលហើយ ចង់សាក សូមអានអក្សរធ្លោជាមុនផងមុននឹងផ្ដើម ។

 

តែសម្រាប់របស់ខ្ញុំវិញ ១០០% មិនធ្វើចឹងទេ ខ្ញុំថ្នមសឹងអីហ្នឹង!!!

រូបបដិមាតោនៅវត្តព្រះកែវ

នៅថ្ងៃទី ១០ ខែឧសភា ២០១២ ម៉ោង ១២ ថ្ងៃត្រង់ យើងបានទៅទស្សនារាជវាំង និង សារមន្ទីជាតិក្នុង ក្រុងបាងកក ។ ទស្សនាចរធ្វើឡើងប្រញាប់ប្រញាល់ ព្រោះយើងបានដើរមើលត្រួសៗ ប៉ុណ្ណោះ ព្រោះ  ពេលវេលាខ្លី ។ ទោះយ៉ាងណាយើងបានចំណាំទុកកន្លែងមួយចំនួនដោយសង្ឃឹម ថាអនាគត​នឹង​មាន​ឱកាសបានមកម្តងទៀតដើម្បីប្រមូលយកចំណេះដឹងស៊ីជម្រៅពីកន្លែងទាំងនោះ ។ ដំណើរ ទស្សនា មិន​មានមគ្គុទ្ទេសអ្វីទេ គឺយើងទស្សនាបែបអ្នកស្រុក គឺទៅមើលរូបសណ្ឋាននៃអគារ និង សំណង់ នានា ប៉ុណ្ណោះ ចំពោះប្រវត្ដិលម្អិត និងអ្វីៗទាក់ទងនឹងទីកន្លែងទាំងនោះយើងមិនបានដឹងទេ ។ ក្នុង​ដំណើរ​ទាំង​ទៅទាំងមកនោះ ក៏សូមអរគុណ លោកអ៊ំចម្រើនជ័យ (ឈ្មោះជាភាសាថៃអានថា ឆ រ៉ើន ឆ័យ) ដែល​ផ្តល់ភាពកក់ក្តៅក្នុងការធ្វើដំណើរដល់ក្រុមគ្រួសារនាងខ្ញុំ ។

ខ្ញុំមិនមានជំនាញអ្វីទាំងទងនឹងប្រវត្ដិសាស្រ្ដ ឬសំណង់សិល្បៈបូរាណទេ ហេតុនេះការដើរកំសាន្ដ នាគ្រា នេះជាការទៅឃើញសំណង់អាគារ ប្រាសាទដែលជាងគេខិតខំឆ្លាក់យ៉ាងវិចិត្រ ។ បានឃើញតែប៉ុណ្ណឹង តែបើសួរថា រាល់ចម្លាក់ទាំងនោះមានប្រយោជន៍យ៉ាងណា មានតម្លៃសិល្បៈយ៉ាងណានោះ សូមមេត្ដា កុំចូលមកជិតហើយសួរអី ព្រោះអត់ដឹងទេ ។ ត្រង់នេះប្រហែលជាមិនខុសពីខ្មែរមួយភាគធំ (ឬក៏មាន ថៃ មួយ​ភាគធំដែរក៏មិនដឹង) ដែលចូលមើលរាជវាំង ឬសំណង់ប្រាសាទរបស់ខ្លួន ឬ ទីកំសាន្ដ ប្រវត្ដិ សាស្រ្ដនានា ហើយបានត្រឹមថតរូប តាមកន្លែងស្អាត ៗ ហើយយកទៅបង្អួតញាតិញោមថាខ្លួនបានទៅ (នឹងគេ)ដែរ ។ និយាយដល់ត្រឹមនេះ ធ្វើឲ្យនឹកឃើញលោកអ៊ំម្នាក់នៅក្បែរផ្ទះ (នៅឯភ្នំពេញ) ។ គាត់ បាននាំក្រុមគ្រួសារ និង អ្នកក្បែរផ្ទះចូលទៅលេងវាំងភ្នំពេញ ។ ពេលត្រឡប់មកវិញ ខ្ញុំសួរគាត់ថា អ៊ំទៅ​លេង​វាំងបានអីខ្លះ ? គាត់ឆ្លើយថា អូ! ឃើញត្រីគេចិញ្ចឹមធំ ៗ ណាស់ ។ មានខ្មែរ​យើង​មិន​តិច​ទេ​រួម​ទាំង​ខ្ញុំ​ផងដែលទៅលេងអង្គរ ហើយបានត្រឹមទៅមើលដំថ្ម ឬទៅដល់ភ្នំគូលេន​ដើម្បី​ទៅ​ងូត​ទឹក​ជ្រោះ​នៅ​ទី​នោះ ។ សារៈប្រយោជន៍ក្រៅពីនេះអំពីកេរតំណែលដ៏អស្ចារ្យអំពីទីនោះទំនងជាមានតិចទេ ។

នៅ​មុខព្រះវិហារព្រះកែវមរកតមានបដិមាតោបួន តាមឯកសារនានា បដិមាទាំងនោះជារបស់ខ្មែរ​ដែល​ថៃយកមកពីប្រាសាទអង្គរវត្ដ ។ ខ្ញុំហាក់ដូចជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ពេល​ដែល​បាន​ទៅឃើញ​រូប​តោ​ទាំង​នោះ ឈរចាំទទួលភ្ញៀវទេសចរណ៍ រាប់រយនាក់ក្នុងមួយថ្ងៃ ៗ នៅលើទឹកដីគេដូច្នេះ ។ តោទាំង​នោះ​ធ្វើអំពីស្ពាន់ ឬ សំរិទ្ធ (ខ្ញុំក៏មិនច្បាស់ដែរ បើសិនជាមានបងប្អូនណាដឹងជួយប្រាប់ផង) លោក​ទាំង​បួន​ឈរជង្រ្គឹងនៅមុខវិហារព្រះកែវមរកត ។ អត់មានគំនិតអាក្រក់អ្វីទេ តែនេះរលក​រញ្ជួយ​ចិត្ដ​វា​ផុស​ចេញ​ពីក្រឱបេះដូងរបស់អនុជនដែលបុព្វបុរសខ្លួនបានសាងវត្ថុនេះឡើង ។ ខ្ញុំបានថតរូបតោទាំងនេះ និងបានទៅស្ទាបអង្អែលដោយរំជួលចិត្ដ ។ អ្នកផងប្រហែលជាមិនដឹងអំពីអារម្មណ៍ខ្ញុំនាពេលនេះទេ ឬក៏គេគិតថា ខ្ញុំអង្អែលខ្នងតោសុំលេខផងក៏មិនដឹង ។ មនុស្សស្រុកថៃមួយ​ភាគធំដែល​ចូល​ចិត្ដ​លេង​ឆ្នោត​គេនិយមសុំលេខដូចមនុស្សស្រុកយើងដែរ គឺយកម្សៅ ឬ ដៃទៅអង្អែល​លើវត្វុអ្វីមួយ​ដែល​គេ​​ជឿថា​សក្តិសិទ្ធ ហើយ​ផ្ទៀងមើលលេខ នៅលើនោះ។ ខ្ញុំលើកដៃបួង​សួង​នៅ​ចំពោះ​មុខ​តោទាំង​នោះ​ទាំង​​អារម្មណ៍ក្តុកក្តួល ហើយក៏ដើរចេញទៅកាន់កន្លែងផ្សេងទៀតជាបន្ត សូមបញ្ជាក់ថាភ្ញៀវទេសចរណ៍ ស្ទើរតែទាំងអស់​គេនាំគ្នាចូលទៅបួងសួងក្នង​ព្រះវិហារព្រះកែវ​ដើម្បីសុំសេចក្តីសុខ និង សុំពរផ្សេង ៗ ។ ​ពេលនោះខ្ញុំហាក់ដូចជាបានជួបដូនតាយើងដែលបានបែកគ្នា ជាច្រើនរយឆ្នាំដូច្នោះដែរ ខ្ញុំគិត​លោក​ក៏​នឹក​កូនខ្មែរគ្រប់រូប នឹកស្រុកកំណើតលោកដូចជាពួកយើងដែរ (អារម្មណ៍មនុស្ស​ដែលឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ពិតជាមិនខុសគ្នាប៉ុន្មាននោះទេ) ប្រសិនជាលោកអាចនិយាយបាន លោកពិត​ជារៀប​រាប់​អំពី​ទុក្ខ​សោកក្នុងរយៈពេលដែលរស់នៅទីនេះច្រើនជាង​ភាពសប្បាយរីករាយជាមិនខាន ។ នេះគ្រា​ន់​តែជា​គំនិត​ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ។

នៅមានវត្ថុប្រើប្រាស់ រូបចម្លាក់ និង ឧបករណ៍ជាច្រើនទៀតដែលនាំយកមកពីស្រុកខ្មែរ យើង ។ ចាំមាន​ឱកាស​ខ្ញុំនិងលើកយកបង្ហាញជាបន្តទៀត តែមិនដឹងពេលណា នោះទេ ព្រោះមួយ​រយៈនេះ​ក៏មិន​សូវ​បាន​អើតផ្ទះប៉ុន្មានដែរ ។

P5100072aP510007aP5100082aP5100083a

គុណប្រយោជន៍នៃបាយ

បួនឆ្នាំមុននេះកូនៗធ្លាប់បានទៅរៀននៅសាលាឯកជននៅស្រុកយើង ។ ប៉ុន្ដែខ្ញុំមិនដែលឮគេ​សូត្រ​ឬ និយាយ ពីទម្លាប់មុនការទទួលទាន ឬ គុណប្រយោជន៍​នៃបាយម្តងណាឡើយ ។ តែនៅពេលនេះ​ខ្ញុំក៏ មិនបានដឹងថា តើ ក្មេងៗនៅស្រុកយើងគេមានទម្លាប់ឲ្យរំឭកគុណបាយមុននឹងញ៉ាំបាយហើយ​ឬនៅ ? ពីមុនធ្លាប់ឃើញជនបរទេស មួយចំនួនអង្គុយទ្រឹងមួយស្របក់មុននឹងគេចាប់ផ្ដើមទទួល​ទាន​​អាហារ(ជា​ពិសេសក្នុងភាពយន្ត​អាមេរិកាំងអ្នកដែលកាន់សាសនាគ្រឹស្ត)។ មុនដំបូង​ក៏នឹកឆ្ងល់​ដែរថា​តើ​គេ​​​ធ្វើ​អ្វី​ហ្នឹង ?

ទើបមកប៉ុន្មានឆ្នាំមុននេះ ក្រោយពីកូនៗបានចុះឈ្មោះចូលរៀននៅសាលាថៃ ខ្ញុំបាន​ឮពួក​គេសូត្រ​បទ​ដែល​មានខ្លឹមសារទាក់ទងនឹងបាយ គេសូត្រមុនពេលទទួលទាន  ។ ខ្ញុំចាប់អារម្មណ៍នឹងរឿងនេះ ហើយ​គិត​ថានេះ​ជាវិធីល្អ​មួយដែល​អប់រំ​កុមារឲ្យដឹងអំពីគុណប្រយោជន៍នៃគ្រាប់បាយ​ ។​ ខ្ញុំបានប្រែ​ខ្លឹម​សារ​នៃ​បទ​សូត្រនេះ​ជាភាសា​ខ្មែរ​ផ្ទាប់​ដោយភាសាថៃ មានចុងចួនខ្លះមិនមានខ្លះ ព្រោះមិនពូកែ​ខាង​កំណាព្យ​ផង ។ ហេតុនេះបើបងប្អូន ញាតិញោម​ណាចាប់អារម្មណ៍មេត្តាជួយសម្រួលតាមការគួរផង ។

ខ្លឹមសារ​នៃអត្ថបទសូត្រ​នោះមាន​ដូចតទៅ ៖

បាយអើយ ៗ បាយ ข้าวเอ๋ยข้าวสุก

ជនរាល់រូបកាយ ត្រូវមានបាយជាអាហារ เราต้องกินทุกบ้านทุกฐานถิ่น

មុននឹងបានអ្នកមកពិសា กว่าจะได้ข้าวมาให้เรากิน

អ្នកស្រែធ្វើការ នឿយស្ទើរវាល់ឆ្នាំ ชาวนาสิ้นกำลังเกือบทั้งปี…
លោកត្រូវទ្រាំក្ដៅ ទ្រាំភ្លៀងរងារព្យុះ ต้องทนแดด ทนฝน ทนลมหนาว

ទម្រាំបានបាយនោះមកនេះណា กว่าจะได้ข้าวจากนามาถึงนี่
ហេតុនេះគួរចាំរាល់រូបា คนกินข้าวควรจำไว้ให้จงดี
គុណកសិករមហាត្រាមិនបាន ។ ชาวนามีคุณแก่เราไม่เบาเลย..
បាយគ្រប់ចានអាហារគ្រប់យ៉ាង ข้าวทุกจานอาหารทุกอย่าง
ដួសហើយហូបកុំខាន សល់ចោលអសារ อย่ากินทิ้งขว้างเป็นของมีค่า
អ្នកក្រអ្នកក្សត់ច្រើនក្រាស់ណាស់ណា ผู้คนอดอยากมีมากหนักหนา
អាសូរនេត្រាកុមារទុរគត ។ สงสารบรรดาเด็กตาดำ ๆ

បើស្រុកយើងមានកម្មវិធីនេះដែរជាការប្រសើរមួយ ។ ព្រោះយ៉ាងតិចបំផុត ក៏អាចជួយឲ្យក្មេង ៗ មាន​គំនិត​​សន្សំសំចៃ យល់អំពីតម្លៃ និង ការលំបាកក្នុងការធ្វើស្រែដើម្បីបានស្រូវនេះដែរ ។

“នៅពេលដែលអ្នកពិសាសល់ មានមនុស្សជាច្រើនលាននាក់កំពុងតែស្រេកឃ្លាន”។

US_long_grain_ricea16012012349a

Koeh-232a21112011313a