រូបបដិមាតោនៅវត្តព្រះកែវ

នៅថ្ងៃទី ១០ ខែឧសភា ២០១២ ម៉ោង ១២ ថ្ងៃត្រង់ យើងបានទៅទស្សនារាជវាំង និង សារមន្ទីជាតិក្នុង ក្រុងបាងកក ។ ទស្សនាចរធ្វើឡើងប្រញាប់ប្រញាល់ ព្រោះយើងបានដើរមើលត្រួសៗ ប៉ុណ្ណោះ ព្រោះ  ពេលវេលាខ្លី ។ ទោះយ៉ាងណាយើងបានចំណាំទុកកន្លែងមួយចំនួនដោយសង្ឃឹម ថាអនាគត​នឹង​មាន​ឱកាសបានមកម្តងទៀតដើម្បីប្រមូលយកចំណេះដឹងស៊ីជម្រៅពីកន្លែងទាំងនោះ ។ ដំណើរ ទស្សនា មិន​មានមគ្គុទ្ទេសអ្វីទេ គឺយើងទស្សនាបែបអ្នកស្រុក គឺទៅមើលរូបសណ្ឋាននៃអគារ និង សំណង់ នានា ប៉ុណ្ណោះ ចំពោះប្រវត្ដិលម្អិត និងអ្វីៗទាក់ទងនឹងទីកន្លែងទាំងនោះយើងមិនបានដឹងទេ ។ ក្នុង​ដំណើរ​ទាំង​ទៅទាំងមកនោះ ក៏សូមអរគុណ លោកអ៊ំចម្រើនជ័យ (ឈ្មោះជាភាសាថៃអានថា ឆ រ៉ើន ឆ័យ) ដែល​ផ្តល់ភាពកក់ក្តៅក្នុងការធ្វើដំណើរដល់ក្រុមគ្រួសារនាងខ្ញុំ ។

ខ្ញុំមិនមានជំនាញអ្វីទាំងទងនឹងប្រវត្ដិសាស្រ្ដ ឬសំណង់សិល្បៈបូរាណទេ ហេតុនេះការដើរកំសាន្ដ នាគ្រា នេះជាការទៅឃើញសំណង់អាគារ ប្រាសាទដែលជាងគេខិតខំឆ្លាក់យ៉ាងវិចិត្រ ។ បានឃើញតែប៉ុណ្ណឹង តែបើសួរថា រាល់ចម្លាក់ទាំងនោះមានប្រយោជន៍យ៉ាងណា មានតម្លៃសិល្បៈយ៉ាងណានោះ សូមមេត្ដា កុំចូលមកជិតហើយសួរអី ព្រោះអត់ដឹងទេ ។ ត្រង់នេះប្រហែលជាមិនខុសពីខ្មែរមួយភាគធំ (ឬក៏មាន ថៃ មួយ​ភាគធំដែរក៏មិនដឹង) ដែលចូលមើលរាជវាំង ឬសំណង់ប្រាសាទរបស់ខ្លួន ឬ ទីកំសាន្ដ ប្រវត្ដិ សាស្រ្ដនានា ហើយបានត្រឹមថតរូប តាមកន្លែងស្អាត ៗ ហើយយកទៅបង្អួតញាតិញោមថាខ្លួនបានទៅ (នឹងគេ)ដែរ ។ និយាយដល់ត្រឹមនេះ ធ្វើឲ្យនឹកឃើញលោកអ៊ំម្នាក់នៅក្បែរផ្ទះ (នៅឯភ្នំពេញ) ។ គាត់ បាននាំក្រុមគ្រួសារ និង អ្នកក្បែរផ្ទះចូលទៅលេងវាំងភ្នំពេញ ។ ពេលត្រឡប់មកវិញ ខ្ញុំសួរគាត់ថា អ៊ំទៅ​លេង​វាំងបានអីខ្លះ ? គាត់ឆ្លើយថា អូ! ឃើញត្រីគេចិញ្ចឹមធំ ៗ ណាស់ ។ មានខ្មែរ​យើង​មិន​តិច​ទេ​រួម​ទាំង​ខ្ញុំ​ផងដែលទៅលេងអង្គរ ហើយបានត្រឹមទៅមើលដំថ្ម ឬទៅដល់ភ្នំគូលេន​ដើម្បី​ទៅ​ងូត​ទឹក​ជ្រោះ​នៅ​ទី​នោះ ។ សារៈប្រយោជន៍ក្រៅពីនេះអំពីកេរតំណែលដ៏អស្ចារ្យអំពីទីនោះទំនងជាមានតិចទេ ។

នៅ​មុខព្រះវិហារព្រះកែវមរកតមានបដិមាតោបួន តាមឯកសារនានា បដិមាទាំងនោះជារបស់ខ្មែរ​ដែល​ថៃយកមកពីប្រាសាទអង្គរវត្ដ ។ ខ្ញុំហាក់ដូចជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ពេល​ដែល​បាន​ទៅឃើញ​រូប​តោ​ទាំង​នោះ ឈរចាំទទួលភ្ញៀវទេសចរណ៍ រាប់រយនាក់ក្នុងមួយថ្ងៃ ៗ នៅលើទឹកដីគេដូច្នេះ ។ តោទាំង​នោះ​ធ្វើអំពីស្ពាន់ ឬ សំរិទ្ធ (ខ្ញុំក៏មិនច្បាស់ដែរ បើសិនជាមានបងប្អូនណាដឹងជួយប្រាប់ផង) លោក​ទាំង​បួន​ឈរជង្រ្គឹងនៅមុខវិហារព្រះកែវមរកត ។ អត់មានគំនិតអាក្រក់អ្វីទេ តែនេះរលក​រញ្ជួយ​ចិត្ដ​វា​ផុស​ចេញ​ពីក្រឱបេះដូងរបស់អនុជនដែលបុព្វបុរសខ្លួនបានសាងវត្ថុនេះឡើង ។ ខ្ញុំបានថតរូបតោទាំងនេះ និងបានទៅស្ទាបអង្អែលដោយរំជួលចិត្ដ ។ អ្នកផងប្រហែលជាមិនដឹងអំពីអារម្មណ៍ខ្ញុំនាពេលនេះទេ ឬក៏គេគិតថា ខ្ញុំអង្អែលខ្នងតោសុំលេខផងក៏មិនដឹង ។ មនុស្សស្រុកថៃមួយ​ភាគធំដែល​ចូល​ចិត្ដ​លេង​ឆ្នោត​គេនិយមសុំលេខដូចមនុស្សស្រុកយើងដែរ គឺយកម្សៅ ឬ ដៃទៅអង្អែល​លើវត្វុអ្វីមួយ​ដែល​គេ​​ជឿថា​សក្តិសិទ្ធ ហើយ​ផ្ទៀងមើលលេខ នៅលើនោះ។ ខ្ញុំលើកដៃបួង​សួង​នៅ​ចំពោះ​មុខ​តោទាំង​នោះ​ទាំង​​អារម្មណ៍ក្តុកក្តួល ហើយក៏ដើរចេញទៅកាន់កន្លែងផ្សេងទៀតជាបន្ត សូមបញ្ជាក់ថាភ្ញៀវទេសចរណ៍ ស្ទើរតែទាំងអស់​គេនាំគ្នាចូលទៅបួងសួងក្នង​ព្រះវិហារព្រះកែវ​ដើម្បីសុំសេចក្តីសុខ និង សុំពរផ្សេង ៗ ។ ​ពេលនោះខ្ញុំហាក់ដូចជាបានជួបដូនតាយើងដែលបានបែកគ្នា ជាច្រើនរយឆ្នាំដូច្នោះដែរ ខ្ញុំគិត​លោក​ក៏​នឹក​កូនខ្មែរគ្រប់រូប នឹកស្រុកកំណើតលោកដូចជាពួកយើងដែរ (អារម្មណ៍មនុស្ស​ដែលឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ពិតជាមិនខុសគ្នាប៉ុន្មាននោះទេ) ប្រសិនជាលោកអាចនិយាយបាន លោកពិត​ជារៀប​រាប់​អំពី​ទុក្ខ​សោកក្នុងរយៈពេលដែលរស់នៅទីនេះច្រើនជាង​ភាពសប្បាយរីករាយជាមិនខាន ។ នេះគ្រា​ន់​តែជា​គំនិត​ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ។

នៅមានវត្ថុប្រើប្រាស់ រូបចម្លាក់ និង ឧបករណ៍ជាច្រើនទៀតដែលនាំយកមកពីស្រុកខ្មែរ យើង ។ ចាំមាន​ឱកាស​ខ្ញុំនិងលើកយកបង្ហាញជាបន្តទៀត តែមិនដឹងពេលណា នោះទេ ព្រោះមួយ​រយៈនេះ​ក៏មិន​សូវ​បាន​អើតផ្ទះប៉ុន្មានដែរ ។

P5100072aP510007aP5100082aP5100083a

Advertisements

16 responses to this post.

  1. ពិតឬបង ដែលថាតោទាំងនេះ ត្រូវបានយកចេញពីក្រុងអង្គរកាលពី​ពេលខ្មែរ​ចាញ់សង្គ្រាម?

    Reply

    • មើលទៅដូចជា លង្ហិន ។
      ខ្ញុំមិនដែលប្រទះរចនាបឋតោរបៀបនេះសោះ។ ខ្ញុំធ្លាប់ឃើញតោនៅប្រាសាទសំបូរព្រៃគុក មានរចនាបឋផ្សេងពីនេះ។ តោនៅអង្គរក៏មិនដូចនេះ ។ ចេញយោបល់ដូចអត់បាននិយាយអីចឹងខ្ញុំ!

      Reply

      • ខ្ញុំយល់អ៊ីចឹងដែរ ម៉្យាង​ទៀត​យើង​មិនដែល​ឃើញ​រូប​សំណាក​ពិ​លោហធាតុ​នៅ​សេសសល់ ពិបាក​ក្នុង​ការ​ប្រៀប​ធៀប ។

      • តាម៉ាប់ធ្លាប់ចូលសារមន្ទីរនៅភ្នំពេញ តើមានសល់តោលង្ហិននៅក្នុងនោះទេ?

  2. ពិតមែនហើយ បដិមាតោទាំង៤​គឺយកមកពី​ប្រទេសខ្មែរ តែយកចេញពីក្រុង​អង្គរ ឬ មិនមែននោះ​បងក៏មិនច្បាស់ដែរ ចាំបងរកឯកសារទាំងនោះ​មកបង្ហាញ ។

    Reply

  3. មិនធម្មតាទេ រូបសុទ្ធ​តែវាយ​ត្រា​សម្គាល់​ទៀត ។ បង​ រូបសឹង្ហ​ណឹង ខ្ញុំ​មិន​ហ៊ាន​ប៉ាន់ស្មាន​ថា​ជា​ធ្វើ​ពី​ធាតុ​អ្វី​ដែល​នោះទេ តែ​មើល​ទៅ​ដូច​ជា​ថ្មី បើ​ប្រៀប​ធៀប​នឹងអាយុ បែប​គេ​ធ្វើ​ថ្មិ​តាម​គម្រូ​ចាស់​ក៏មិនដឹង ។ តែ បើ​ទៅ​ហើយគ្មាន​ថ្ងៃ​ត្រឡប់​ទេ ។

    Reply

    • ខំតែផ្ទៀងរូបតោមានត្រា ស្មានថាត្រារបស់ជាតិគេ ត្រាលើរូបថតសោះ! បងសុធាដាក់តាំងពី យូរណាស់ហើយ ខ្ញុំអត់ចេះដាក់សោះ។

      Reply

      • រូបខ្ញុំដាក់ត្រានៅខាងក្រោម ស្រួលមិនស្រួល គេកាត់បាត់ទៀត ។ ខ្ញុំឥត​ចេះ​ដែល 😀

      • បើកល្យាណ​ពិតជាមិនដឹង​មែន​បងសូមប្រាប់​តាមនេះ ទៅចុះ ចុចលើ edit រួចហើយ Add ជ្រើសរើសយក text រួចសរសេរអ្វី​ក៏បានក្នុង​ប្រអប់នោះ បន្ទាប់មក​ចុច​Doneជាការស្រេច ។

      • បងសុធា អាណិតមេត្តា ប្រាប់ថែមទៀតមកថាត្រូវធ្វើក្នុងវើតប្រេស រឺក្នុងPhoto Editor?

      • ធ្វើក្នុង photo edit អត់ទាក់ទងនឹង wordpress ទេ ។ សំណាងល្អណាកល្យាណ !

      • ខ្ញុំស្អប់វើតប្រេស យឺតពេក។ តែក៏ខ្ជិលធ្វើក្នុង Photo Editor ដូចគ្នា។ អរគុណបង! សំណាងល្អជាងខ្ញុំណា៎! 😀

  4. គ្រប់រូបថត​របស់បង​ត្រូវ​មានសញ្ញាសម្គាល់vstheaគ្រប់រូបថត ព្រោះ​ធ្លាប់មានទស្សនាវដ្តី​មួយ​នោះ ចាំឈ្មោះ​អត់បាន​គាត់​យកអត្ថបទ​និង​រូប​ថតរបស់​យើង​ទៅចុះ​ផ្សាយ​ដោយគ្មាន​សុំការ​អនុញ្ញាតិ​ពីយើង​សោះ ហើយ​មិនបាន​ប្រាប់​ពីប្រភព​ដែល​យកទៅទៀត​ អ្នកសរសេរ​បានតែសរសេរប៉ុណ្ណោះ ។ ដូច្នេះហើយទើបមានគំនិត​សរសេរឈ្មោះលើរូបថត​របស់​យើង គ្រប់​រូបទាំងអស់​ដែល​ត្រូវយកមកចុះផ្សាយ​លើវើដប្រេស ឬ ហ្វេសប៊ុក (ក្របីបាត់បានធ្វើ​របង)។​

    សូមបញ្ជាក់ថារូបដិមានេះជា តោ (Mythical lion) ធ្វើពីសំរិទ្ធ (Bronze) សតវត្សទី១២ – ១៣។ សូមកែតម្រូវបន្ដិចថាចំនួនតោនោះមានទាំងអស់​ដែលនាំចេញពីអង្គរប្រហែល ១២ ។

    Reply

  5. គួរបន្ទោសអ្នកណា! គេលួចរបស់យើង ឬយើងមិនចេះរក្សាដោយខ្លួនឯង។

    Reply

    • បាត់មុខបាត់មាត់យូរហើយ ទើបមកពីណាដែរបុរិន្ត ?
      មិនដឹងជាបន្ទោសអ្នកណាទេ ព្រោះគេយកចេញពីអង្គរនៅពេលដែលគេឈ្នះសង្រា្គមលើ​យើង គ្រាន់តែថាទៅដល់ឃើញហើយរំជួលចិត្តតែប៉ុណ្ណោះ ។

      Reply

  6. […] បន្ទាប់ពីបានដាក់អត្ថបទស្តីអំពីរូបបដិមាតោនៅវត្តព្រះកែវមានអ្នកភូមិយើងមួយចំនួនចង់ដឹងថា​តើ​បដិមាតោ​ទាំងនោះពិតជាយកចេញពីអង្គរវត្តមែនឬយ៉ាងណា ?  សូមបញ្ជាក់ផងដែរថា​បដិមាតោដែល​បានយកចេញពីក្រុងអង្គរទាំងអស់មានចំនួន​ ១២  តែខ្ញុំទើបតែបានជួបរូបបដិមាតោ​នៅវត្តព្រះកែវចំនួន ៤ ចំណែក ៨ ទៀតនោះខ្ញុំក៏មិនបានដឹងថានៅឯណាដែរ ។ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: