ហាងលក់សៀវភៅ

​ កាលពី ដើមខែ​កញ្ញានេះ ខ្ញុំ​បានទៅតាម​រកមើលសៀវភៅមួយ​ចំនួ​ន​នៅតាម​បណ្ណា​គារ និង តូបលក់​សៀវ​ភៅ និង​ទីផ្សារ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ ក្នុង​នោះ​មាន​រឿ​ងរាមកេរ្តិ៍ផងដែរ តែអ្វី​ដែល​យើង​ចង់​បាន​នោះគឺសរសេរជាភាសាអង់គ្លេស ។ ការដើររកទិញ​សៀវភៅ​នេះ​បាន​ចំណាយពេលប្រហែលជាបីថ្ងៃតែ​មិនបានសៀវភៅ​ដូចដែល​យើង​បានប៉ងទុកនោះទេ ។ ខ្ញុំធ្លាប់បានអាន​សៀវភៅរឿងរាមកេរ្តិ៍​ដែលគូរ​ដោយ​គ្រូ ជេត ចន ដោយក្នុង​នោះមានពីរភាសាគឺភាសាអង់គ្លេស និង ភាសាខ្មែរ ។ ​លោក បាន បង្ហាញ ពី​របៀបគូរ​គំនូរបុរាណ​ សង្ខេបរឿង​រាមកេរ្តិ៍ និង បង្ហាញពីលក្ខណៈតួអង្គ​នីមួយ ៗ នៅក្នុង​សាច់ រឿង យ៉ាងលម្អិត ។ គោលដៅធំ​របស់យើងគឺសំដៅទៅ​ហាង​លក់សៀវភៅ “រ៉ៃយំ” ។ តែអ្វីដែលគួរ​ឱ្យសោក ស្តាយ​នោះ​គឺសៀវភៅ​នោះ​លក់អស់ទៅហើយ អ្នកលក់​គាត់បានប្រាប់ថា “សៀវភៅ​នេះ​លក់​អស់តាំងពី ៣-៤ឆ្នាំមកម្ល៉េះ” ហើយគេក៏មិនបាន​បោះពុម្ព​ទៀតទេ ។ ពួកយើង​ក៏ត្រឡប់មក​វិញ​ដោយ​ការសោក ស្តាយដែល​ទៅរក​សៀវភៅ​នោះ​មិនបាន ។

​ ថ្ងៃទីពីរ​យើងក៏ទៅកាន់ហាងលក់សៀវភៅ PBC ក្បែរមាត់ទន្លេ ។ ខ្ញុំមានពេញ​ចិត្ត​និង​ការរៀបចំ​នៅ ក្នុង ហាង​នោះខ្លាំងណាស់ ព្រោះ​គេរៀបចំបាន​ល្អ ហើយ​ផ្តល់ភាពងាយស្រួលដល់អ្នកអានផងដែរ ។ ពោល គឺ​គេរៀបចំ​មានលក្ខណៈជាអន្តរជាតិ (នេះជាគំនិតផ្ទាល់ខ្លួន​របស់ខ្ញុំតែប៉ុណ្ណោះ) ។ តែអ្វី​ដែលគួរ​ឲ្យ សោកស្តាយ​គឺ​ភាព​ខុសគ្នារវាង​បរិយាកាស​ក្នុង​ហាង ។ នៅតាមហាង​លក់សៀវភៅ​នានានៅស្រុក​ថៃ គឺកម្រ​មានហាង​ណា​ដែល​ស្ងាត់ណាស់ពោលគឺមានមនុស្សអង្គុយអាន ចេញចូល​ដើររកសៀវភៅ យ៉ាង អ៊ូអរ​ប្រៀបដូចជាផ្សារដូច្នោះ​ដែរ ហើយយើង​នឹង​ឃើញ​ក្មេងតូច ៗ អង្គុយតម្រៀបគ្នាអានសៀវភៅ​ដោយ​ស្ងៀមស្ងាត់ក្នុងហាងទាំងនោះ ។ ថ្ងៃនោះ​ចូល​ទៅដល់​ក្នុង​ហាងហើយ​នឹក​ឃើញ​កូនទាំងពីររបស់ខ្ញុំ បើសិន​ជានាំគេមកវិញ​ មិនដឹងជាគេសប្បាយចិត្ត​ប៉ុណ្ណាទេ តែទៅមិនបានព្រោះម៉ាក់និងប៉ាជិះម៉ូតូ មិន អាច​នាំកូនទៅបានទេ ខ្លាចប៉ូលីសផាក ។

​ ចេញពីហាងនោះយើងក៏បន្តទៅ​តូបលក់សៀវភៅ​នៅ​មុខវិទ្យាសា្ថនពុទ្ធសាសនបណ្ឌិត្យ ។ ខ្ញុំមិនដឹង​ថាទីនោះ​គេបោសសម្អាតឬ អត់ទេ ព្រោះឃើញ​មានសំរាមគរនៅខាងមុខ​ច្រកទ្វារចូល ហើយ​ក្នុង​ហាងនោះ​ដូចជាមិនបានរៀបចំ ឬ បោសសម្អាតអីសោះ ។ ខ្ញុំក៏បានសួររកសៀវភៅ​រឿងរាមកេរ្តិ៍ អ៊ំស្រីម្នាក់នោះ​គាត់​ក៏រើឲ្យ ទាំងមិនពេញចិត្ត ព្រោះគាត់មិនដឹង​ថាសៀវភៅ​ទាំងនោះ​នៅឯណាខ្លះទេ ? ទីបំផុត​ខ្ញុំជាអ្នកទិញ​ក៏រក​ឃើញ​ដោយខ្លួនឯង ហើយ​ក៏​សួរពីតម្លៃសៀវភៅ​ទាំងនោះ តែ​គាត់​មិនដឹង ហើយ​ក៏រត់​ទៅសួរ​តូបម្ខាងទៀត ព្រមទាំងកាត់​តម្លៃលើសពីតម្លៃសៀវ​ភៅ​ ពេលនោះ​យើង​ក៏មិនទាន់ បានតអ្វីដែរ ។ យើងក៏ដើររកបន្តទៀត ថាតើមានសៀវភៅ​អ្វីទៀតទេ ។ យើងចំណាយពេល​ប្រហែលជា ២ ម៉ោង​ក្នុង​តូបលក់​សៀវភៅ​នោះ​ ។ ពេលនោះ​ជាម៉ោង​គេហូបបាយផង អ៊ំស្រីម្នាក់នោះ​ក៏​ដួស​បាយ បញ្ចុកក្មេងប្រុស​ម្នាក់ ទាំងរអ៊ូ និង ខឹងក្មេងនោះ​មិនស៊ីបាយ ។ មួយសន្ទុះស្រាប់​តែឃើញ​ប្រុស​ម្នាក់​មកដល់ គាត់ជាម្ចាស់​តូបនោះ មកដល់​ដំបូង​គាត់​និយាយ​បែបរួសរាយ រាក់ទាក់ បែបចរិក​ជាអ្នកលក់​ ស្រាប់ពេលនោះ​ខ្ញុំ​ក៏ឲ្យគាត់គិតលុយ​ស្រាប់តែតម្លៃសៀវភៅ​នោះ​ខុសពីមុនមួយដុល្លា ខ្ញុំក៏មិនបាន​និយាយអ្វីដែរ ក៏ហុចលុយទៅឲ្យគាត់ ។ ពេលនោះ​គាត់ក៏​ប្តូរទឹកមុខ​ភ្លាមហើយ​និយាយថា បងឯងមក ទិញ​សៀវភៅ ប្រើ​គ្នា​រើ​មួយព្រឹកហើយតថ្លៃ​ទៀត ខ្ញុំលក់សៀវភៅនេះគ្មាន​ចំណេញ​ប៉ុន្មានទេ ។ គាត់ និយាយទាំងកំហឹង ។ ពេលនោះ​ខ្ញុំក៏ចេញ​មកវិញ នៅតាមផ្លូវ​ទើបលោកប្តីខ្ញុំប្រាប់ដឹងថា “អ៊ំស្រីម្នាក់​នោះ ប្រាប់គាត់ថា ពួកយើងទាំង​ពីរប្រើគាត់និងក្មួយប្រុសគាត់ឲ្យរើសៀវភៅ​ឲ្យ​មួយព្រឹក ហើយ កុម្ម៉ង់ នេះ កុម្ម៉ង់នោះ ព្រមទាំងតថ្លៃឡើងបែកពពុះមាត់ ” ។ ពេលនោះ​ខ្ញុំខឹងខ្លាំងណាស់ តែគិតទៅ គិត​មកទើបរម្ងាប់អារម្មណ៍ហើយគិតថា “អញ្ចឹង​ហើយទើបខ្មែរយើង​រកស៊ីមិនទាន់គេហ្នឹងណា” ។ ​​​

Advertisements

30 responses to this post.

  1. អត់សណ្តាប់ខ្លួនឯងសោះហ្នឹង។ ជាតិជាអ្នកលក់ដូរគួរតែសប្បាយចិត្តដែលសៀវភៅសល់ ក្នុងតូបមិនដឹងតាំងពីកាលណាមកនោះមានអ្នកមករកទិញ។

    Reply

  2. ពិបាកណាស់កល្យាណ បងគិតថាអ៊ំស្រីម្នាក់នោះ គាត់​នៅតែគិត​ថាខ្លួន​គាត់ត្រូវអញ្ចឹង ។ បើមានពេល​កល្យាណ​អាច​សាកទៅកន្លែង​នោះមើល ថាតើរបៀបរៀបចំរបស់គាត់យ៉ាង​ម៉េចដែរ ឬ មួយស៊យ​មកពីបងទៅ​ចំថ្ងៃម្ចាស់តូប​គេមិននៅទេដឹង ?

    Reply

    • ចាំអូនទៅរកមើលប្រដៅឱ្យដឹងខ្លួនម្តងមើល៍។ តែមានពូម្នាក់ធ្លាប់ធ្វើការជាមួយកាលនៅអង្គការ គាត់ប្រាប់ថាទៅរកទិញផែនទីក៏ត្រូវមាត់អ្នកលក់ ដូចបងដែរ តែគាត់ទ្រាំព្រោះកាលណោះផែនទីពិបាករកណាស់ អង្គុយផ្គុំទម្រាំបានមួយៗ។

      Reply

      • ដឹង​អ្នកណាប្រដៅ​អ្នកណាទេ ? ពិតដូចជាគាត់ថាមែន មានរបស់ខ្លះ​យើងពិបាករក​ណាស់ ដូច្នេះ​មានតែទ្រាំទៅ តែថ្ងៃនោះ​បងអត់ដឹង បើសិនជាដឹង​មុន បងនឹងប្រាប់​ម្ចាស់​តូប​នោះ​ឲ្យគាត់​បានដឹងខ្លះ ៗ ​ពី​អ្នក​នៅចាំតូបរបស់​គាត់ កុំឲ្យគាត់គិត​ថា​យើងជា​អ្នក​ខុស ។​

  3. កុំប្រកាន់នឹង​អ្នក​លក់​នេះ​អី… ព្រោះថា បើ​គាត់​មាន​ការ​ចេះ​ដឹង​ជាង​នេះ ប្រហែល​ជា​របរ​លក់​សៀវ​ភៅ​របស់​គាត់​ នឹង​មាន​ការ​ជឿន​លឿន​ជាង​នេះ​ឆ្ងាយ​ណាស់… 😀

    Reply

    • អរគុណ​ណាស់លោកពូ ខ្ញុំ​មិនប្រកាន់ខឹង​អីទេ គ្រាន់តែតូចចិត្តនិងអ៊ំស្រី​ម្នាក់នោះ​ដែល​និយាយ​យកត្រូវ​តែម្នាក់ឯង ។

      Reply

  4. អ្នកលក់សំដីថ្លោសបែបនេះ ខ្ញុំមុខតែដេសាក់ត្រុយ រត់ប្រុយមុនហើយ មិនបាននៅទិញអោយគេស្ដីអោយទេ

    Reply

  5. ដេសាក់ត្រុយ​ម៉េចទៅ​ជីវី ? ឲ្យលុយ​គេហើយ​បានគេថាហ្នឹងណា៎ បើគេថា​ឲ្យមុន ក៏​នៅ​តែយក​ដែរព្រោះ​រើ​ទម្រាំ​តែរកឃើញ​ឡើងអន់បាយទៅហើយថ្ងៃនោះ ។

    Reply

  6. តូប​សៀវភៅ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​គ្មាន​របៀប​ហើយ​គគ្រិច ធ្លាប់ទៅម្ដងដែរ ។ ចុះ​សៀវភៅ​នេះ​បង​ទិញ​បាន​ក្នុង​តម្លៃ​ប៉ុន្មាន ? ក្រប​ម៉េច​ដែរ ស្រួល​ខ្ញុំ​រក​មើល ខ្ញុំ​មាន​តែ​ ខ្មែរ បារាំង ដោយ​លោក សាគូ សាមុត ។ ចុះ​លោក​ប្ដី​វេលា​ណា​នឹង​បង្ហាញភ័ក្ត្រ ?

    Reply

  7. សៀវភៅ​លោកគូ​ សាមុត​នោះមានហើយ ទៅរក​នោះ​គឺទៅរក​រាមកេរ្តិ៍ខ្មែរអង់គ្លេសរបស់​លោកគ្រូជេត ចន​នៅរ៉ៃយំ តែគេលក់អស់ទៅ (ទិញ​យកទៅផ្ញើគេទេ) ។ ហើយតាម៉ាប់​ចង់ឃើញលោកប្តីបងធ្វើអី ចាំជួបផ្ទាល់តែហ្មងទៅ (គង់​មានឱកាសជាមិនខាន) ។

    Reply

    • «លាក់បងទុកក្នុងបេះដូង»… បទចម្រៀងទេ
      លាក់ទុកយូរពេកបងថប់ដង្ហើម…

      Reply

      • មិនបាន​លាក់អីទេ គ្រាន់តែ​គាត់មិនចង់បង្ហាញ​ខ្លួនតាមនេះប៉ុណ្ណោះ ។ លាក់​យូរ​យ៉ាងណា​ក៏​មិនថប់ដង្ហើមដែរ ព្រោះ​គេមានជំនាញ​ពិសេសណាម្ចាស់អូន ។

  8. ឥឡូវ​រក​សៀវភៅ​ណឹង​បាន​ឬនៅ?

    Reply

  9. មិនដឹងជានិយាយយ៉ាងមេចទេបងអើយ​ទៅលើ​អត្តចរិក​របស់​ខ្មែរ​មួយចំនួន ដែលខ្វះចំណេះដឹង​ និងភាពទទួលខុសត្រូវនោះ និយាយទៅគឺ​ខ្មៅគេអាចលាបឲ្យស សទៅជាខ្មៅវិញបានដោយគ្មានខ្វល់ពីការគិតរបស់អ្នកដែលមើលនិងស្តាប់នោះទេ។
    បើនិយាយពីសំរាមវិញ​ អាចនិយាយបានថា ​មានមនុស្សនៅទីណាគឺសំរាមក៏នៅទីនោះដែរ។ ខុសទាស់ត្រង់ណាសូមអធ្យាស្រ័យ ព្រោះនេះជាគំនិតផ្ទាល់របស់ខ្ញុំប៉ុណ្ណោះ។

    Reply

  10. ចន្ថានិយាយ​នេះ​ពិតជាត្រូវ ព្រោះមនសុ្សជាអ្នកចោលសំរាម ដូច្នេះ​បើយើងជួយគ្នា​យក​ទៅ​ចោល​នៅ​ក្នុង​សំរាម​នោះពិតជាល្អ ។ ​តែមានអញ្ចឹង​ឯណា ចោលឱ្យតាពាស ចុះ​ឮសូរ​ថា​សាលាក្រុង​ផាកពិន័យ​អ្នកចោល​សំរាម​ក្នុង​ក្រុង​នោះ ពិតជាផាកមែន​ឬ​គ្រាន់​តែស្រែកទេ ?

    Reply

  11. សូម៉ាដា ! តើសៀវភៅរឿងរាមកេរ្តិ៍ហ្នឹង មានប៉ុន្មានទំព័រដែរ អ្នកណាគេតែង និង សរសេរ ? ខ្ញុំធ្លាប់បានអានកាលនៅជុំរំ ឈុនបូរី ប្រទេសថៃ មានកម្រាសក្រាសណាស់ ៨០០ + ឯណោះ សៀវភៅនោះល្អណាស់ មិនចាំអ្នកសរសេរទេ និង តែងទេ តែគាត់ដកស្រង់ពីលោកតា ចក ឬ ចក់ នៅសៀមរាប ដូចជាគេនិយាយថា មាននៅស្រុកថៃផង ប្រហែលជាមានតំកល់ទុក ក្នុងបណ្ណាល័យ ប្រទេសថៃដែរមើលទៅ គឺគេសរសេរបានយ៉ាងក្បោះក្បាយ ។ បើសូម៉ាដា មានឱកាសអាចចូលទៅមើល បណ្ណាល័យក្រុងបឹងកកបាន ឬ ក៏អាចទាក់ទងគេបាន សូមជួយរកមើលផង ខ្ញុំចង់បានសៀវភៅហ្នឹងណាស់ដែរ ។ សូមអរគុណទុកជាមុន !!

    Reply

  12. អរគុណលោកពូដែលខិតខំរកទិន្នន័យមកឲ្យក្មួយ ។ ខ្ញុំបានទិញសៀវភៅនេះតាំងខែមុនមកម្ល៉េះ ។ ប៉ុន្ដែជាសៀវភៅដែលគេវាយឡើងវិញ ហើយខុសច្រើនណាស់ ។ នេះការនិទានឡើងវិញរបស់តាចក់ ហើយត្រូវគេកត់ត្រា ។
    បើលោកពូមានច្បាប់ដើម ក្មួយសុំផងបានទេ ?
    អរគុណចាស ។

    Reply

    • អរគុណសូម៉ាដា ដែលបានសួរទៅសួរមក ខ្ញុំជឿថាប្រហែលជាមាននៅ បណ្ណាល័យក្រុងបឹងកក បើតាមធ្លាប់បានដឹងដែលគេសរសេរក្នុងសៀវភៅហ្នឹង ហើយក៏ប្រហែលជាមានដែរ នៅជប៉ុន ពីព្រោះជប៉ុន តែងរក្សាទុកនូវសៀវភៅខ្មែរជាច្រើន ហើយខ្ញុំដឹងថាច្បាស់ជាមាន នៅជាមួយខ្មែរមួយចំនួន នៅបរទេស ជាពិសេសនៅអាមេរិក តែមិនដឹងជាគេនោះនៅទីណាទេ យកល្អប្រហែលត្រូវតែផ្សាយរកក្នុង ហ្វេសបុកហើយ មើលទៅ ។ ហើយនៅបារាំងក៏ប្រហែលជាមមានដែរ ។ ខ្ញុំមិនចូលចិត្តខ្មែរសព្វថ្ងៃនេះ ចម្លងសៀវភៅមិនរក្សាភាពដើមរបស់វាទេ គឺគេកែឆ្នៃស្ទើរតែទាំងអស់ តើហេតុអ្វីបានជាគេ ធ្វើបែបនេះ ?

      Reply

      • ខ្ញុំក៏មិនពេញចិត្តដូចគ្នាដែរលោកពូ ជាពិសេសការវាយឡើងវិញ ហេតុអី្វ​បានជា​មិនយក​តាមស្នាដៃចាស់​នាំគ្នា​យករបស់គេមកកែពាក្យពេចន៍​ហើយ​ភាគច្រើននោះ​គឺអក្ខរាវិរុទ្ធ​ខុសច្រើនណាស់ ។ ដូចជារឿងមហាវេស្សន្តរជាតកជាដើម យកច្បាប់ដើមមកវាយ​ឡើង​​វិញ ហើយ​ប្តូរគម្រប​ព្រមទាំង​វាយពាក្យ​ខុសឲ្យពាសទឹកពាសដី មិនព្រមពិនិត្យ​ឲ្យ​បានច្បាស់លាស់ទេ មុននឹងបោះពុម្ពផ្សាយ ។

      • ពិតមែនហើយ សូម៉ាដា រឿងនេះយើងគួរពិចារណា មើល ថាតើមកពីមូលហេតុអ្វីដែរ ជារឿងចៃដន្យ ឬ ជារឿងមានចេតនាចង់បំផ្លាញវិស័យ ឬ ប្រព័ន្ធសិក្សា អបរំខ្មែរ ឬ យ៉ាងណា ការមើលស្រាលទៅលើវិស័យ សិក្សាអប់រំខ្មែរ ជាបញ្ហាធំណាស់សម្រាប់ខ្មែរ បើកាល បាត់បង់តម្លៃសិក្សាហើយ ខ្មែរយើងនឹងបាត់បង់នូវអ្វីៗ ទាំងអស់ គឺនៅពេលអានាគត់ ខ្មែរមិនអាចនៅជាខ្មែរ ទៀតទេ តែខ្មែរច្បាស់ជានៅក្រោមរណបគេជាក់ជាមិន ខានឡើយ !!

  13. ខ្ញុំចូលចិត្តទៅបណ្ណាគារអន្តរជាតិកាច់ជ្រុងស្តុបដេអិន ព្រោះកន្លែងនោះមានសៀវភៅច្រើន និងត្រជាក់ស្រួល!!!

    Reply

  14. អរគុណដែលបានប្រាប់ពីកន្លែងល្អ ៗ ដល់ពួកយើង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: