ជីវិតកម្មករឆ្លង​ដែន

ការរង់ចាំ មិនមែន​ជារឿង​ស្រណុកសប្បាយទេសម្រាប់​មនុស្សចិត្ត​ក្តៅដូចជារូបខ្ញុំនេះ ។ ខ្ញុំ​ក្តាប់ទូរស័ព្ទ​យ៉ាងណែន នៅក្នុង​ដៃ ហើយ​ព្យាយាមផ្ទៀងស្តាប់​ដោយ​អារម្មណ៍អន្ទះ​អន្ទែង ។ ដោយ​ខ្លាចមិន ឮ សំឡេង​ទូរស័ព្ទ​រោទិ៍ ភ្នែកទាំងគូរបស់​ខ្ញុំ​ព្យាយាមសម្លឹងទូរស័ព្ទដោយ​មិនដាក់ភ្នែក ការដែលធ្វើបែប​នេះ ព្រោះបរិយាកាសនៅក្បែរខ្ញុំ​គឺជាផ្សារ​ដែលពោរពេញ​ទៅ​ដោយ​មនុស្ស​ដើរ​ចុះ ដើរឡើង ទៅមកគ្មាន​ដាច់​សោះ ។ សំឡេងទូរស័ព្ទ​បានរោទិ៍ឡើង មិនបង្អង់យូរ​ខ្ញុំក៏ចុចទទួលភា្លម សំឡេង​ស្រី​ម្នាក់​នៅ ចុង​ខ្សែ ម្ខាង​ទៀត​បាន​និយាយ​មកកាន់ខ្ញុំ ដោយ​យើង​ទាំងពីរ​មិនធ្លាប់ស្គាល់គ្នា ហើយ ក៏​មិន​បានសួរ​សូម្បី​តែ​ឈ្មោះរបស់គាត់​ផង​ដែរ ។

“អាឡូ បងនៅឯណាហ្នឹង” ​ ស្រ្តីនៅខ្សែម្ខាង​ទៀត​បានសួរ​មក​ខ្ញុំ​ភ្លាម​ៗ

“ខ្ញុំនៅ​ខាង​មុខបន្ទប់ទឹក ក្បែរ​ធនាគារ​កសិករ” ខ្ញុំឆ្លើយទៅកាន់គាត់ ។ ហើយ​យើង​ក៏ចាប់ផ្តើម​ឆ្លើយ​ឆ្លង​គ្នាជាបន្តទៀត

-បងឈរនៅកន្លែង​ហ្នឹង​ហើយណា កុំ​ដើរទៅណា​ឱ្យ​សោះ បន្តិចទៀត​នឹង​មាន​អ្នក​ទៅទទួល​បង​ហើយ​ ។

+ ធ្វើ​ម៉េចខ្ញុំស្គាល់គេទៅ ?

-បងឈរទីនោះ ហើយបន្តិចទៀត​នឹង​មានម៉ូតូឌុប​ទៅឈប់ក្បែរបង ហើយ​គេនឹង​ស៊ីញ៉ូ​ចូលទូរស័ព្ទ​ដៃ បង ។ បន្ទាប់មក​បង​ឡើង​ជិះម៉ូតូជាមួយ​ម្នាក់នោះទៅ ហើយកុំនិយាយអ្វី​ឱ្យសោះ​ណា ប្រយ័ត្ន​គេ ចាប់ បាន ។

+ហើយ​ចុះឱ្យ​ខ្ញុំ​ធ្វើម៉េចទៀត​ទៅ ?

-មិនបាច់ភ័យ​ទេ គេមិនយកបងឯង​ទៅលក់​ទេ ។

+សុំទោស ខ្ញុំគ្រាន់តែចង់ដឹង​ប៉ុណ្ណោះព្រោះខ្ញុំ​មិនធ្លាប់​មកតាមផ្លូវ​នេះ ។

​និយាយបានតែប៉ុណ្ណោះ ទូរស័ព្ទ ក៏ដាច់បាត់ទៅ ។ ឯខ្ញុំ​ក៏ធ្វើ​អ្វី មិនកើត​ដែរ បានត្រឹមតែរង់ចាំដោយ​អន្ទះសារ ហើយ​ដើរចុះដើរឡើងម្តុំ​ៗ បន្ទប់ទឹកនោះឯង ។ ខ្ញុំព្យាយាម​រំពៃ​រកមើល​អ្នក​ដែល​គេនឹង​មក​ឌុប​ខ្ញុំ ដោយមិនស្គាល់សូម្បី​តែអត្តសញ្ញាណ​របស់អ្នកនោះសូម្បីតែបន្តិច ។

ទូរស័ព្ទ​បាន​រោទិ៍ឡើងជាលើកទីពីរ

+ អាឡូ ខ្ញុំ​ឆ្លើយយ៉ាង​រហ័ស​ដោយ​មិន​ឱ្យ​គេនិយាយ​បានមុន​នោះទេ

-អាឡូបង (សំឡេង​ប្រុសម្នាក់​បាន​ឆ្លើយ​) ឥឡូវនេះ​បង​មិនអាច​ឈរ​នៅកន្លែង​នោះ​បានទៀត​ទេ បង​ត្រូវ​ប្តូរ​កន្លែង​ ហើយ​មកឈរ​ចាំខ្ញុំ​នៅ​ខាង​មុខ 7eleven វិញ ។

+ ហ្អាម៉េចអញ្ចឹង ?

-ព្រោះនៅកន្លែងដែលបងឈរនោះ​មាន​ប៉ូលីស​កំពុងតែតាមដាន ។

+ អញ្ចឹងមិនអីទេ ចាំបងទៅចាំនៅខាង​មុខ7eleven ក៏បាន​ដែរ ។ តែធ្វើ​ម៉េច​បង​អាច​ស្គាល់អូន​បានទៅ ?

-ខ្ញុំពាក់​អាវឆ្នូត ហើយ​ពាក់មួក បង​ចាំខ្ញុំ​នៅកន្លែង​នោះហើយ​ណា ?

+ច៎ាស

ខ្ញុំឈរ​រង់ចាំគេប្រហែលជា ៥ នាទី ទើបមានមនុស្ស​ប្រុសម្នាក់អាយុប្រហែលជា ២៣ឆ្នាំជិះម៉ូតូ មកឈប់​ក្បែរខ្ញុំ ដោយ​ប្រហាក់ប្រហែល​នឹង​ការរៀបរាប់​របស់គេក្នុងទូរស័ព្ទ ហើយ​មិនអស់ចិត្ត ខ្ញុំទាញ​ទូរស័ព្ទ​មក​ចុចទៅលេខ​របស់គេ ដើម្បី​កុំ​ឱ្យ​ឡើ​ងខុសម៉ូតូ ។ ក្រោយពីការសាកល្បង​ចប់ ខ្ញុំ​ក៏ឡើង​ជិះម៉ូតូ​ជាមួយ​មនុស្ស​ប្រុសម្នាក់នោះ ​​ដោយ​​មិនទាំង​បានឃើញ​មុខរបស់គាត់ទេ ព្រោះគាត់ពាក់​មួកបិទមុខជិត ខ្ញុំ​ចំណាំ​តែអាវគាត់ប៉ុណ្ណោះ ។

តាមពិត​ទៅកន្លែង​ដែលខ្ញុំឈរ​នោះ មកកាន់​កន្លែង​ដែលត្រូវឆ្លងចេញមកដែនដីម្ខាងទៀត ចម្ងាយ​មិន​ដល់​មួយគីឡូម៉ែត្រផង តែដើម្បីបំភាន់ភ្នែកប៉ូលីស គាត់បានជិះពង្វាងចុះឡើង ៗ មួយសន្ទុះធំ ។ យើង​បានមកដល់គោលដៅរបស់យើង គាត់ក៏ឈប់​ម៉ូតូ ហើយ​នាំផ្លូវ​ខ្ញុំទៅមុន ដោយ​ដើរ​កាត់​តូប​មួយ ដែល​គេចោះប្រឡោះល្មម​តែមួយខ្លួន​មនុស្សចូល​បាន ខ្ញុំ​ប្រជ្រៀត​ចូល​តាមប្រឡោះ​តូចនោះ ហើយដើរលើ កូនឈើបីដើម​ដែលគេ​ដាក់​សម្រាប់ឆ្លង​កូន​អូរ​តូចមួយ ។ អ្នកនាំផ្លូវ​ខ្ញុំគេដើរទៅមុន​បាត់​ហើយ នៅសល់​តែខ្ញុំ​ដើរទីមទាម​ៗលើ​កូនឈើទាំង​បីដើម​នោះ​ទម្រាំតែដើរផុត ។ ពេលដើរនោះ ព្រលឹង​ខ្ញុំ​ហាក់​ដូចជា មិន​នៅជាប់​នឹង​ខ្លួនទេ ខ្ញុំចេះ​តែគិត​ថា ចុះបើ​ប៉ូលីស​​មក​ចាប់​បាន តើ​ខ្ញុំ​នឹង​ក្លាយ​ទៅជាយ៉ាងណា ?

ដើរ​មកដល់មុខបន្តិច ស្រាប់​តែ​ខ្ញុំ​ឃើញ​មាន​ក្រុមមនុស្ស​មួយ​ហ្វូងធំ​ ដែល​កំពុង​តែ​ត្រៀមខ្លួន​ឡើង​មក កាន់ប្រទេសថៃវិញ ដោយ​ម្នាក់​ៗ មាន​ស្ពាយ​ថង់​ខោអាវ និង សម្ភារៈប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ ។ មេ ខ្យល់ (អ្នក​ដែលនាំកម្មករចេញទៅប្រទេស​មួយទៀតដើម្បីរកការងារធ្វើ) បាន​យក​ថង់ខ្មៅ​មួយ មក​ឱ្យ​កម្មក​រទាំង​នោះច្រក ឥវ៉ាន់ហើយ​ក៏មិន​ភ្លេចយកលុយ​ថ្លៃ​ថង់​នោះដែរ ដោយ​គេគិត​ថង់​មួយ​ប្រហែល​៣០០០ រៀល ។ អ្នក​ដែលច្រក​ឥវ៉ាន់ហើយ គេឱ្យ​តម្រង់ជួរ ដើម្បីដើរឡើង​ទៅ​លើ​ទឹក​ដីថៃដោយ​មាន​មេខ្យល់ម្នាក់​ជាអ្នក​នាំ ពោលគឺមេខ្យល់​ម្នាក់​អាច​នាំ​កម្មករចេញបាន​តែប្រាំនាក់ប៉ុណ្ណោះ ។ មេខ្យល់នឹង​នាំទៅ​ដាក់​​ឡាន ដែលគេបានរៀបចំទុក ។​ បើ​តាម​​ការស៊ើបសួរពីអ្នក​នាំផ្លូវ​ គាត់​បានឱ្យ​ដឹង​ថា ខាង​ម្ខាងទៀតគេមានអ្នក​ឈរ​ចាំរាប់​ចំនួនមនុស្សចេញ និង​ ចូល ហើយ​យក​លុយ​ទៅតាមចំនួន​នោះ ។ ដោយ​ខាង​គេមាន​ក្រុម​សម្រាប់​បើកផ្លូវ​ឱ្យ​កម្មករទាំងនោះឡើង​ឡាន នឹង​ទៅមក​ដោយ​សេរី​តែត្រូវ​បង់ថ្លៃ​ទៅតាម​ការកំណត់​របស់ទាំងសងខាង ។

​ ខ្ញុំ​ត្រូវ​ដើរឆ្លងកាត់មេខ្យល់ខ្មែរប្រហែលជាដប់នាក់ ក្នុង​នោះខ្ញុំឃើញមាន​ស្រីម្នាក់​កំពុង​ដេក​យោល អង្រឹង នៅទីនោះ ខ្ញុំ​ក៏ស្មាន​ភ្លាម​បា​នថា ស្រ្តីនោះហើយ​ដែលជាអ្នកទូរស័ព្ទរកខ្ញុំ ។ យើង​ក៏បន្ត ដំណើរ ទៅមុខទៀតជាមួយក្រុមមនុស្សមួយហ្វូង ដែលមានគោលដៅ​ចូលមកស្រុកយើង ។ នៅអមសងខាង​ផ្លូវ នោះ មាន​ព្រៃឬស្សីដែលដុះ​យ៉ាងក្រាស់ឃ្មឹក ព្រមទាំងអូរ​តូចមួយ​ដែល​ខាង​ក្រោមនោះផង​ដែរ ។ តែ ដោយ​សារតែ​ស្នាម​ដានជើង​មនុស្ស​ដែលឆ្លង​កាត់ មួយ​ថ្ងៃ ៗ រាប់ពាន់នាក់ បាន​ប្រែក្លាយ​ព្រៃឬស្សីទាំង​នោះទៅជាផ្លូវ និងដោយ​មានការកាប់ឆ្ការខ្លះ​ ៗ ផង​ដែរ ដើម្បី​ឱ្យ​កម្មករទាំង​នោះ​បានសម្រាក​ និង រង់ចាំ វេន​ដែល​មេខ្យល់​នឹង​មកទទួល ។

ឆ្លង​ផុតអូរគឺមក​ដល់​ទឹក​ដីយើង ។ នោះគឺជាកន្លែងដែលបន្លា​ដែលជាប់​នឹង​ទ្រូងខ្ញុំ​បាន​រដកចេញខ្សាក ៗ បន្តិច​ម្តង ទាំង​ទ្រូង​ញ័រចំប្រប់​ប្រៀប​ដូចជាកូនចាបដែលត្រូវ​ទឹកភ្លៀង ។ ស្នាម​ញញឹម​ក៏​ចាប់​ផ្តើម​ផ្តុំគ្នា​ពេញ​ដើមទួ្រងគិត​ថា នឹង​រួចទុក្ខ រួចទោសនៅ​ប៉ុន្មានជំហាន​ខាង​មុខជាមិនខាន ។

​ សំឡេងចេចចាច និង រត់​ស្រូចុះមក​វិញ​របស់​អ្នក​ដំណើ​រមួយ​ក្រុម​ដែល​នៅមុខខ្ញុំ បានធ្វើ​ឱ្យ​ក្តី​កង្វល់​របស់ខ្ញុំ​កើត​មានជាថ្មីម្តងទៀត ។​ មេខ្យល់ដែលនៅខាងក្រោម បានស្រែកសំឡុត​ទៅក្រុមអ្នកឆ្លងដែន​ទាំងនោះ ប្រៀបដូចជាសំដីមនុស្សពាល ។ គេឱ្យ​អ្នកឆ្លងដែនទាំងនោះរកកន្លែងលាក់ខ្លួន​ដោយ​ស្ងៀម​ស្ងាត់បំផុត ហាមឡូឡា បើអ្នកណាឡូឡានឹង​បញ្ជូនទៅឱ្យម្ខាងទៀត (…) ។

​ មានដំណឹង​ថាច្រកខាង​យើងត្រូវ​តែបិទមួយរយៈ ហើយ​មិន​ប្រាកដ​ថាពេល​ណា​នឹង​បើកនោះទេ ព្រោះ ពេល​នេះមេខ្យល់​ខាងយើងកំពុង​តែសម្រួល​ជាមួយ​អ្នកព័ត៌មាន ដែលតែងតែចូលមករកបាយស៊ីនៅម្ដុំ​នេះ ។ ខណៈនោះគេកំពុង​តែចរចារគ្នាមិនទាន់ត្រូវ ព្រោះអ្នកសុំបាយដាក់​តម្លៃខ្ពស់ពេក ​ជាហេតុ​ធ្វើឲ្យ​ក្រុមដែល​ត្រូវ​ឡើង​មកស្រុកយើងត្រូវនាំគ្នា​មកអង្គុយសំកុក​ នៅឯប​គុម្ពឬស្សី ។ យើងអង្គុយ​បណ្តើរទះ​មូសបណ្តើរ អ្នក​ខ្លះ​ទាញបារីមកបង្ហុយ​ទាំងទឹកមុខស្រងូតស្រងាត់ ។ យប់​កាន់​តែជ្រៅការចរចារ​នៅ​តែ​មិនទាន់ត្រូវគ្នាទៀត ខ្ញុំក៏លួចសួរទៅអ្នកនាំផ្លូវ​ម្នាក់​ដែលមើល​ទៅគាត់​ជាមនុស្ស​ចេះ​ដឹង​ច្រើ​នជាង​គេ ។ គាត់​ប្រាប់ថា បងមិនបាច់បារម្ភទេ បើ​ច្រក​នេះ​គេចរចារ​មិនត្រូវគ្នា​ចាំ​គាត់​នាំទៅកាន់​ច្រកផ្សេង​ទៀត (បើ​តាមសំដីរបស់គាត់​នៅមាន​ច្រក​ជាច្រើ​នទៀត​ដែលគេធ្វើរបៀប​នេះគ្រាន់តែខ្ញុំ​មិន​ដឹង​ថាប៉ុន្មាន​ប៉ុណ្ណោះ?​) ។ ចុះបើពួកអ្នកសុំបាយ ចុះមកដល់ទីនេះ តើពួកយើង​នឹងក្លាយទៅជាយ៉ាងណា ? តែគាត់ប្រាប់ថា ពួក​គេ​ចុះមកមិនបានទេ ព្រោះទីនេះជា​ដីគេមិនមែនជាទឹកដីយើងទេ ដូច្នេះពួកនោះពិតជាមិនហ៊ានមកទេ ។

ដោយ​យប់​កាន់ជ្រៅ ខ្ញុំ​ពិបាកនឹងទ្រាំនៅទីនោះណាស់ ទើប​ខ្ញុំសាកទាក់ទងអ្នកនាំផ្លូវ​ម្នាក់ទៀតដែល​ខ្ញុំ​បានទាក់ទងមុនគេបង្អស់ ឱ្យគាត់ជួយ​នាំខ្ញុំបានចេញមុនគេ ។​ គាត់ក៏ឡើង​ទៅជួប​ជាមួយមេធំនៅខាង​លើ ។ ការព្យាយាមបានសម្រេច ព្រោះ​គេបានចាត់ចែងឲ្យខ្ញុំបានឆ្លងមុនគេ ។ អ្នកខាងលើទូរស័ព្ទ​មក​​កាន់​អ្នក​ក្រោម ហើយ​ឱ្យគេនាំខ្ញុំទៅតែម្នាក់ឯង ព្រោះខ្ញុំគ្មាន​សម្ភារៈអ្វីច្រើន​ដូចអ្នកឯទៀត ខ្ញុំមានតែ​ស្បោងតូច​តូចមួយ​ដែលស្ពាយ​ជាប់នឹង​ខ្លួន​តែប៉ុណ្ណោះ អាចងាយស្រួលក្នុង​ការ​ចេញចូល ដោយ​មិន​ឱ្យ​អ្នកដទៃ​ចាប់អារម្មណ៍​បាន ។ ខ្ញុំក៏បាន​ចេញមកដល់​ទឹក​ដីយើង​ដោយ​សុវត្ថិភាព និង មិនមាននរណា​ចាប់អារម្មណ៍នឹង​ខ្ញុំឡើយ ។ តែនៅមានឆ្លងដែនមួយក្រុមទៀតមិនដឹង​ថាពួកគាត់ និង បានចេញមក ឬ យ៉ាងណានោះទេ ?

ស្ដាប់សំដីរៀបរាប់ខាងលើហើយធ្វើឲ្យអ្នកស្ដាប់ (ម្ចាស់ផ្ទះនេះ) ភ័យអរជំនួសអ្នកឆ្លងដែនយើង ។ ចេះ​តែគិត​ថាបើស្រុកយើង​ស្រួលបួល​ ងាយស្រួលរកស៊ីចិញ្ចឹមជិវិត ម្ល៉េះសម​បងប្អូន​ខ្មែរយើង មិនបាច់​រត់ចោល​ស្រុកទេស ​ប្រថុយ​នឹងគ្រោះថ្នាក់​មកស្រុកគេអញ្ចឹង​នោះទេ ។

អត្ថបទទាក់ទង ជីវិតកម្មករឆ្លងដែន

Advertisements

34 responses to this post.

  1. ពេលខ្ញុំទៅប្រជុំតាមភូមិ ខំនិយាយសម្រួលណាស់ ធ្វើយ៉ាងណារកការងារនៅស្រុកខ្លួនឯង កុំចោលផ្ទះចោលប្រពន្ធកូន ទៅផ្សងព្រេងរបៀបនេះ។ តែគាត់បានត្រឹមតែសួរខ្ញុំវិញថា កាលណាបានដំឡូងឡើងថ្លៃ ស្រូវឡើងថ្លៃនឹងគេទៅអ្នកគ្រូ? បើខ្ញុំធ្វើអីបាន លក់មិនដែលរួចថ្លៃធ្វើទេ ឱ្យខ្ញុំទៅរកនៅស្រុកថៃ តែបីឆ្នាំ ខ្ញុំអាចធ្វើផ្ទះបានមួយដែរ។

    Reply

    • នេះជាបញ្ហាពិតដែលពួកគាត់បានជួប នៅស្រុកគេកាលណាមានបញា្ហផលិតផល​កសិកម្ម​ចុះថ្លៃ គេមានរដ្ឋជួយទិញ ដោយ​បឱ្យ​តម្លៃខ្ពស់ជាងឯកជន តែខាងយើង​វិញមិនងាយទេ ។ នៅស្រុកថៃកម្មករ​ទទួល​បានប្រាក់កម្រៃ ១០ដុល្លាក្នុង​មួយថ្ងៃ នេះជាអត្រាទាបបំផុតសម្រាប់​ពួកគាត់ ។ ហើយ​បើសិនជាពួកគាត់មានជំនាញ ទៀត អាចរកបានច្រើនជាងនេះ ៣ទៅ៥ដងឯណោះ ។ បងស្គាល់កម្មករសំណងម្នាក់ កាលនៅស្រុកខ្មែរ គាត់អាចរក​មួយថ្ងៃបានតែ ២០០០០-៣០០០០ (២០០-២៥០បាទ)​ រៀលប៉ុណ្ណោះ តែពេលគាត់​មកធ្វើនៅស្រុក​ថៃគាត់អាចរកបានពី ១៥០០ បាទ ទៅ ២០០០បាទ ក្នុង​មួយថ្ងៃ ។ ដូច្នេះសួរ​ថា តើ​ឱ្យគាត់ទ្រាំអត់ស៊ី​នៅជាមួយប្រពន្ធកូន ឬ ទ្រាំបែកគ្នា​មួយរយៈដើម្បីអនាគត​កូន​ៗ និង ភាពមាននាថ្ងៃខាងមុខ ? គាត់ថាសុខចិត្តលំបាកធ្វើខ្ញុំអ្នកមានប្រសើរជាងខ្ញុំអ្នកក្រ ។

      Reply

  2. គិតតែមួយម៉ាត់ថា បើមានហូបគ្រប់ តើមនុស្សឯណាទៅចង់ឆ្លងដែនខុសច្បាប់ប្រថុយប្រថាននោះ? ម្យ៉ាងទៀត ឆ្លងដែនខុសច្បាប់ អស់សោហ៊ុយតិចជាងធ្វើប៉ាសស្ព័រត្រឹមត្រូវទៀតផង ធ្វើប៉ាសស្ព័រដែលគេអួតថាអស់តែ២០ដុល្លាសម្រាប់កម្មករនោះ អស់ចឹងមែនហើយ តែនៅចំណាយចុះឡើងក្រោមតុលើតុទៀតនោះ សរុបចុះឡើងពិតជាអស់ច្រើនជាងអាទៅខុសច្បាប់មិនខានទេ គ្នាក្រណា លុយប៉ិនហ្នឹងពិតជាធំណាស់ ខ្លះបុលគេមកសិនទេ ដល់រកបានទើបសងគេក្រោយ។

    Reply

    • ប៉ាស្ព័រកម្មករអស់ ២០ ដុល្លា ? មែនអីជីវី ។ បើតាមដឹងដូចជាមិនមែនប៉ុណ្ណឹងទេ យើង​ធម្មតា​អស់ ១៣៥ដុល្លា តែកម្មករវិញអស់ដល់ទៅ ១៥០ដុល្លាឯណោះ នេះបើតាមដឹង​កាលពី​បងទៅធ្វើនៅខែឧសភាឆ្នាំមុន​នេះឯង ។ តែបើឥឡូវ​អស់​ប៉ុណ្ណឹងមែនពិត​យើង​គួរ​តែជួយ​ត្រេកអរជំនួសពួកគាត់ ។ អ្នកខ្លះ​ទៅខ្ចីបុលគេ លក់​គោ ក្របី ស្រែ​ ដើម្បី​យកលុយ​ទៅឱ្យ​គេ ព្រោះចង់​ទៅធ្វើការក្រៅប្រទេស អ្នកខ្លះទៅ​ក៏​បានសម្រេចដូចបំណង​ ឯអ្នក​ខ្លះទៀតចាញ់​បោកគេក៏មាន ។ នេះហើយជីវិត ម្នាក់ ៗ ត្រុកៗៗដើម្បីក្រពះ…

      Reply

    • ជីវី អា២០ដុល្លាហ្នឹងក្រែងជាការឆ្លងចូលម្តងទៅថៃទេហ្អី ឬគេហៅថា Border Pass Ticket នោះ?

      Reply

      • សម្ដេចថាអស់តែប៉ុណ្ណឹង sic

      • ខ្ញុំចូលចិត្តណាស់ៗៗៗ ស៊ិក
        កាលបានសម្តេចដឹងទេនេះ?

      • Border Pass Ticket គឺមានលក្ខណៈដូចជាប៉ាស្ព័រ​ដូច្នេះដែរ គេចេញឱ្យសម្រាប់អ្នក​ដែល​រស់នៅ​តាមបណ្តាខេត្ត​ដែលជាប់​នឹង​ជាយដែន ដោយពួកគាត់អាច​ចេញចូល​ទៅមក​បានក្នុង​រយៈពេល​៧ថ្ងៃ ចំពោះតម្លៃវិញគឺ ២០០បាទ ឬ ៧ដុល្លាហើយ​មាន​សុពលភាព២ឆ្នាំ (នេះខាងថៃ តែខ្មែរអត់ដឹងទេ) ។ តែខាងខ្មែរវិញភាគច្រើនឃើញអ្នក​រក​ស៊ីគេប្រើ​វា (អ្នក​លក់ឥវ៉ាន់នៅផ្សាររុងក្លឺ) ។

    • កាលឆ្នាំទៅ ប្រហែលខែមេសា ២០១២ ខ្ញុំទៅប្រុងឆ្លងទៅលេងស្រុកថៃ តែគេថាប៉ាស្ព័រខ្ញុំ ហួសកាលកំណត់ហើយ បើឆ្លងត្រូវធ្វើ ប៊រឌឺផាស់ នេះ ដែលថ្លៃទៅ ២០ដុល្លា មកវិញ ២០ដុល្លា សម្រាប់៧ថ្ងៃ។​ ខ្ញុំស្តាយលុយពេកព្រោះចង់ទៅលេងត្រឹមមួយព្រឹកអីហ្នឹង ក៏អត់បានធ្វើនឹងគេកុំអីបានទៅមើលស្រុកបាងកក បាងក្តៅអីនឹងគេដែរហើយ។

      Reply

      • បើចូលទៅដល់បាងកក បាងគោកមែននោះ សង្ស័យ​តែពួកយើង​អេងលើ​ឡាន​ក្រុង​ទាំង​​យប់ទៀត​ហើយ​មិនបានដល់ផ្ទះទេ តែហេងវិញគេអត់ឱ្យចូល ។
        ម៉េចបានជាគេយកទាំងថ្លៃចេញ និង ចូលផងអញ្ចឹង ? តាមធម្មតាសូម្បីតែទិញសំបុត្រ​ចូលទៅផ្សារក៏គេយក​តែពេល​ចូល​ដែរ ឯមកវិញគេមានយកឯណា ។ ខាងណាជាអ្នក​ទារទៅកល្យាណ ខ្មែរ ឬ ថៃ ?

      • កាលហ្នឹងមានអ្នកធ្វើការជាមួយគេមានស្គាល់អ្នកធ្វើ ប៊រឌឺផាស់នេះ។ ខ្ញុំគ្រាន់តែហុចប៉ាស្ព័រឱ្យគេភ្លេចមើល ហួសដេឡេប៉ាស្ព័រ គេថាចឹងធ្វើ ប៊រឌឺផាស់ទៅបើទៅយូរ ខ្ញុំថា ខ្ញុំចង់ទៅតែមួយភ្លែតទៅរកមើលកាមេរាទេ គេថាធ្វើអាស្អីអស់ ដប់បាត ប្រហែល១៣០០រ តែគេថាចូលបានតែផ្សាររ៉ុងក្លឿទេ។ ខ្ញុំចង់ទៅដល់ហាង បាសក៍ នៅម្តុំរ៉ារទេះភ្លើង ដនមឿង កាមេរានៅឯណោះមិត្តខ្ញុំធ្លាប់ទិញម្តងកាលឆ្នាំ ២០០៥ ប្រើគ្រាន់បើ របស់សុទ្ធ។

      • តម្លៃ ១០​បាទនោះគឺសំបុត្រ ចូលបានត្រឹមតែផ្សារ៉ុងក្លឿប៉ុណ្ណោះ តែហួសបន្តិច​មាន​ក្រុម​​ប៉ូលីស​គេស្ទាក់​នៅខាងមុខមួយកន្លែង (ទីស្នាក់ការប៉ូលីស) ភ្ញៀវ​ដែល​ឆ្លង​កាត់​ពី​ព្រំដែនឡើង​រឺម៉កត្រូវ​តែ​ចូល​កន្លែង​នោះដើម្បីឱ្យ​ប៉ូលីសគេឆែកសិន(រកប៉ាស្ព័រ) ។ ហើយ​ចេញពីនោះទៅ​ប្រហែលជា ២០គីឡូ​មាន​ប៉ូលីសគេឡើង​ឆែកលើឡាន​ម្តងទៀត ។ ដែលខុសពីខ្មែរយើង​តែឡាន​ឡាន​ហើយ បានន័យ​ថារួចខ្លួន​ហើយ តែគេអត់ទេ អាចអេងគុកលេង ហើយ​ស្រួលមិនស្រួល​ខាងនោះគេខ្វេះអស់គ្មាន​សល់ម៉ាកាក់​ម៉ាសេនអីទេ តែគេនឹង​យកឡាន​ជូន​មកដល់​ខ្មែរវិញ​ដោយ​សុវត្ថិភាព (ឡានទ្រុង) ។

  3. មេដឹកនាំស្រុកទេសមិនបានគិតពីរឿងនេះទេ ។ គេបានត្រឹមថ្កោលទោសទាហានថៃ ប៉ុន្ដែមិនបានផេះអីទេ បានតែមាត់ ។ ស្ដាប់ទៅគេក៏ពុកយើងក៏ពុក ។ បើ់គេមិនឲ្យយើងចូល យើងក៏ចូលមិនបានដែរ មែនអី ? ប៉ុន្ដែធ្លាប់អានព័ត៌មានជាច្រើនទាក់ទងរឿងនេះ ខាងថៃដូចជាតឹងជាងខ្មែរ ។
    ទើបដឹងថាអ្នកកាសែតមានមុខរបរអញ្ចឹងផងហ្ន៎!!!

    Reply

    • កាលពីមុន​ខ្ញុំក៏គិត​ដូចជាលោកដេវីដដែរថា ថៃគេតឹងរឹងជាងខ្មែរ តែដល់ទៅស្គាល់​យូរ ៗទៅ ជាង​ខ្មែរទៅទៀត ស៊ី​ឆៅៗនៅនឹង​មុខតែម្តង “ខ្លានិងសាច់ អាចម៌និង​ឆ្កែ” ពាក្យ​នេះគ្មាន​ខុសអីបន្តិចទេ ។

      Reply

  4. Posted by ដាវី on January 22, 2013 at 2:09 am

    បង​រៀបរាប់​បានល្អណាស់ ដូច​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ហ្នឹង​ផ្ទាល់។

    ហ៊ឺ…អានបណ្ដើរ ដង្ហើមធំបណ្ដើរ….. ករណីខ្លះពួកគាត់ដឹងហើយឮហើយថាត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាខ្លះ តែត្រូវបង្ខំចិត្ត ព្រោះគ្មានជម្រើសណាប្រសើរជាងនេះ។ ខ្ញុំចាប់អារម្មណ៍នឹងការមករកបាយស៊ីរបស់អ្នកព័ត៌មាន…………. ពិតជាដូចទំនុកច្រៀង ទន្សោងគោព្រៃ អ៊‍ីចឹង ហ៊ើយ……………….

    Reply

    • បងសុធាមិនឆ្លើយតបដាវីទេ ខំៗ ដាវីអត់ដឹងឡើយ។ ខ្ញុំតបទៅវិញឱ្យម្ចាស់ខំមិនចូលមកមើលបន្តិច នេះគេហៅថាទាក់ម៉ូយ។
      រឿងអ្នកកាសែតរកបាយស៊ី ជារឿងរបស់រំដួល យើងជាចន្ធូកុំទៅខ្វល់ជាមួយ ហើយកុំតែមកពាក់ព័ន្ធយើងទៅបានហើយ។

      Reply

      • Posted by ដាវី on January 28, 2013 at 3:26 am

        អរគុណបង 🙂
        ចន្ធូ​ក៏មិនចង់​ដែរ តែ​ក្លិនរំដួល​ដូចជាឈួលពេក ហ៊ឺ… ទន្សោងគោព្រៃ… ស៊ី​តាមជំនាញ :mrgreen:

      • មកពីអត់យល់​ថាដាវីនិយាយពីរឿង​អី អញ្ចឹង​ហើយ​បានជាមិនហ៊ាន​ឆ្លើយខ្លាច​ខុសរឹតតែឆ្ងាយ ។ សុំទោសផង​ដាវីដែលឆ្លើយយឺត ហើយ​អរគុណកល្យាណហើយ​ដែល​ឆ្លើយជំនួស ។

      • 😦 ខ្ញុំចង់និយាយថា បើគេខំមិនមក បងចុចកន្លែង រីប្លាយ ណាបង បានវាចេញការជូនដំណឹងឱ្យអ្នកខំមិន។

        បងមិនដឹងថាខ្ញុំ និងជីវីរករឿងបងតាំងពីយូរហើយទេរឿងហ្នឹង?

      • អត់ដឹងសោះ អត់ដឹង​ថាគេព្រួត​គ្នារករឿងពីរឿង​នឹង​ទេ អូ!ម៉ាយហ្គដ ។ អរគុណហើយ​ម្ចាស់អូន ។​

  5. ពិបាកណាស់ដាវីអើយ ទាំងគេទាំងយើង បើ​នៅស្រុកអត់អីស៊ី ធ្វើ​ស្រែក៏មិនបានផល ដាំដំណាំសង្ឃឹម​ថាតម្លៃនៅថេរ ឬ ខ្ពស់ជាងនេះ តែពេលប្រមូលផល លក់ទៅមិន​បាន​ទាំង​ថ្លៃជីផង ឯកំឡាំង​ពលកម្ម​វិញមិនបាច់គិតទេ ព្រោះធ្វើ​ខ្ឡួនឯង ។ គិត​ចុះគិតឡើងជំពាក់​ចិនដដែល ។ ធ្លាប់ឮយូរ​ហើយ​ចំពោះពាក្យចចាមអារាមរបស់​អ្នកកាសែតមួយ​ក្រុម​តូច​នេះ ។

    Reply

  6. សង្ស័យមានថតសំលេងទុកហ្មង ទើបសរសេរបានវែងយ៉ាងនេះ។

    Reply

  7. អត់បានថតសំឡេងទេ​ តែជាការប្រមូលទិន្នន័យ​បន្តិចម្តង ៗ នៅលើឡានក្រុង ។ ភាគច្រើន​នៃអ្នក​ធ្វើដំណើរ​លើឡានក្រុងមកភ្នំពេញ គឺគេនាំគ្នា​និយាយពីជីវិត​នៅលើ​ទឹកដីថៃ និង​ការធ្វើ​ដំណើរឆ្លង​កាត់ប្រទេសទាំងពីរនេះ ។

    Reply

  8. ម៉ាង៉ៃ​បាន​តែ​ស្រែក​ហាម តែមិនចេះ​រក​វិធីដោះស្រាយ ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំមិនចូលចិត្ត​នឹង​រដ្ឋាភិបាល​សព្វ​ថ្ងៃនេះទេ ។ ពួកថៃបាញ់​ខ្មែរ​ងាប់​រាល់​ថ្ងៃ វា​មិនដែល​ខ្មែរ​នឹង​ភ្លើ​ដល់​ថ្នាក់​ទៅ​ឲ្យ​គេ​បាញ់​ទទេៗ​នោះទេ គេគ្រាន់តែដឹង​ថា ម៉ាចានទឹកម៉ាចានគោក ។ បើ​នៅ​ផ្ទះ​គង់​តែ​ដាច់​ពោះ​ងាប់​ដដែរ ប្រថុយ​ទៅស្រុកគេទៅ បើ​រួច​ចូល​បាន នឹង​រស់​បាន​ម៉ាគ្រាទៀត ។ គិតៗទៅ ចង់តែរត់ចោលស្រុកដែរទេ ។

    Reply

    • ម៉ាចានទឹក​ម៉ាចានគោកដូចតាម៉ាប់និយាយមែនហើយ មិនដែលនរណាម្នាក់សុខចិត្ត​ដេក​ចាំថ្ងៃងាប់នោះទេ ហើយ​ក៏គ្មាន​នរណាងាប់​នឹងអត់បាយស៊ីដែរ… ។ បើសំណាងល្អ​អាច​គេចផុតហើយ​អាចសល់លុយផ្ញើមកប្រពន្ធកូនរស់យ៉ាងស្រួលដោយ​មិនខ្វល់ពីអ្នក​មកទារ​បំណុល​ព្រឹកល្ងាចដូចមុនទៀត នរណាមិនចង់សាក?
      តែតាម៉ប់​កុំចង់រត់ចោលស្រុកអី​ តែទៅយាយម៉ាប់ពិតជាទៅតាម​មិនខានទេ ។

      Reply

      • បងនិយាយ​រឿង គ្មាននរណា​ម្នាក់​ស្លាប់​ដោយ​ឥត​បាយ ខ្ញុំនឹក​ដល់​សម្ដី​នេះ​ដែល​និយាយ​ដោយ​ជន​ម្នាក់ គាត់​និយាយ​ពិត​ជា​ត្រូវ​ពេក​ណាស់ ព្រោះ​មនុស្ស​យើង​ស្លាប់​ដោយ​សារ​ដាច់​ខ្យល់ ។

    • តាម៉ាប់និយាយត្រូវ ស្លាប់គឺដោយសារដាច់ខ្យល់។

      Reply

  9. គាត់ជាមនុស្សត្រង់ហើយអ្វីដែលគាត់និយាយក៏ជាការពិតដែរ មនុស្សស្លាប់ដោយសារដាច់​ខ្យល់ មិនមែនគ្រាន់តែអត់បាយហូបស្លាប់ឯណា ។

    Reply

  10. ពិតជាអត្ថបទល្អមែនបងស្រី។
    ខ្ញុំទទួលបាននូវបទពិសោធន៏ថ្មីមួយទៀត ដែលខ្ញុំធ្លាប់តែដឹងខ្លះៗពីមុន ។ តែក៏​ឈឺចាប់ជាមួយនឹងសង្គមបច្ចុប្បន្នដែរ។

    Reply

  11. ឈឺចាប់រឿងអីទៅ ? បណ្តុះសណ្តែកអត់ដុះមែនទេ ។

    Reply

  12. […] ជីវិតកម្មករឆ្លងដែន […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: