អារម្មណ៍ស្រី្តម្នាក់

ជីវិតមនុស្សសម័យនេះពោរពេញទៅដោយបច្ចេកវិទ្យាទំនើប ៗ ដែលមនុស្សម្នាក់ ៗ ត្រូវតែដេញតាម ដើម្បីឲ្យទាន់ការវិវឌ្ឍន៍របស់ពិភព​លោកដែលកំពុងតែជិតវិនាសទៅនេះ ។ តើពិភពលោកពិតជាវិនាសមែនឬ ? វិនាស ឬ មិនវិនាសខ្ញុំមិនខ្វល់ទេ តែអ្វីដែលខ្ញុំខ្វល់គឺ ខ្ញុំត្រូវ​តែក្តោប​ក្តាប់ពេលវេលាដែលនៅសល់របស់ខ្ញុំ ប្រើវាឲ្យមានប្រយោជន៍ និង ព្យាយាមយកចិត្ត​ទុកដាក់ និងស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ជាពិសេសក្រុមគ្រួសាររបស់ខ្ញុំ ។
អ៊ីនធើនែត្រ និង ទូរស័ព្ទ ក្លាយជាវត្ថុចាំបាច់ ហើយខ្វះមិនបានចំពោះរូបខ្ញុំ និង មនុស្ស​សម័យថ្មីមួយភាគធំ ។ ថ្ងៃណាដែលគ្មានអ៊ីនធើនែត្រប្រើ ខ្ញុំបានប្រៀបប្រដូចខ្លួនឯងថា ខ្ញុំកំពុងតែ​នៅក្នុងព្រៃភ្នំហិមពាន្តមួយដែលឯកោ ហើយអផ្សុកបំផុត ។ ចំណែកទូរស័ព្ទ​វិញចាំបាច់ត្រូវតែ​មានជាប់នឹងខ្លួន ព្រោះវាជាសម្លាញ់ដ៏ជិតស្និទ្ធបំផុត ដែលអាចពាំនាំ​ក្តីនឹករលឹករបស់ខ្ញុំទៅ​ប្រាប់មនុស្សដែលខ្ញុំស្រឡាញ់គ្រប់ពេលវេលា ។
តែថ្ងៃនេះហេតុអ្វីបានជាខ្ញុំក្លាយជាមនុស្សដែលស្មុគស្មាញយ៉ាងនេះ? គ្រាន់តែតេមិនចូល មិនឆ្លើយតបសារតែបែរជាធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលទន់ខ្សោយហើយ​ស្ទើរតែគ្រប់គ្រងខ្លួនឯងមិនបានទៀតផង !!!
បងដឹងទេថាអូនបារម្ភពីបងប៉ុណ្ណា អូនព្យាយាមតេរកបងតាំងពីរសៀលម្សិលមិញ រហូតមកដល់ពេលនេះ តែអូននៅតែមិនអាចទាក់ទងបាន ។ ពីដំបូងអូនគិតថា​ទូរស័ព្ទបង​ប្រហែលជាអស់ថ្ម តែពេលនេះអូនរឹតតែបារម្ភពីបង ព្រោះអូនគិតថា​បើមិនអាចទាក់ទងបង​តាមទូរស័ព្ទបាន អូនអាចផ្ញើសារ ព្រោះបងពិតជាឆែកអ៊ីម៉េលមិនខាន ។ តែចាំបាត់ ៗ គ្មានដំណឹងអ្វីសោះ អូននៅមិនសុខទេ បងដឹងទេថាអារម្មណ៍អូននៅពេលនោះយ៉ាងណា? អូនបែរជាគិតផ្តេសផ្តាស បារម្ភថានឹងមានហេតុភេទអាក្រក់ ៗ ដែលអាចនឹងកើតឡើងចំពោះ​បងគ្រប់ពេលវេលា ។ ហេតុអ្វីបានជាអារម្មណ៍បែបនេះមានក្នុងខួរក្បាលរបស់អូនទៅវិញ ព្រោះ​តែបង បងដឹងទេថាសភាពរាងកាយរបស់បងនាពេលនេះ មិនទាន់រឹងមាំមួយរយភាគរយទេ ចុះ​បើមានរឿងអ្វីកើតឡើងចំពោះបងនាពេលនោះ តើមាននរណានៅជួយបងមាននរណានៅក្បែរ​បង ?
កាន់តែគិតកាន់តែងងឹតស្លប់ព្រោះអូនរកច្រកចេញមិនឃើញសោះ អូនព្យាយាមទាក់​ទងទៅ​រកអ្នកជិតស្និទ្ធបង តែគេមិនបាននៅទីនោះទេ គេជាប់បេសកកម្មទៅខេត្តផ្សេង ។ ព្យាយាមយ៉ាងណាក៏អត់ប្រយោជន៍ ព្រោះគ្មាននរណាបានទទួលដំណឹងពីបងសោះ ។
យប់នោះមួយយប់ពេញអូនគេងមិនលក់សោះ ដៃម្ខាងកាន់ទូរស័ព្ទ ចំណែកឯត្រចៀកផ្ទៀង​ស្តាប់សំឡេងរោទិ៍របស់ទូរស័ព្ទអូនគិតក្នុងចិត្តថា បងនឹងតេមករកជាមិនខាន ។ ការរង់ចាំរបស់អូននាថ្ងៃនោះមិនទទួលអ្វីទាំងអស់ក្រៅពីការខកចិត្ត ។
ព្រឹកឡើងអូនប្រញាប់មកកន្លែងធ្វើការពីព្រលឹមព្រោះសង្ឃឹមថាបងនឹងផ្ញើម៉េលមក ប្រាប់ពីមូលហេតុដែលបងមិនបើកទូរស័ព្ទ នៅផ្ទះគ្មាន​អ៊ីនធើនេត្រប្រើពីរបីថ្ងៃហើយ ។ បន្ទាប់ពីបើកមើលម៉េលរួចមកអូនបានត្រឹមតែរសាប់រសល់ព្រោះគ្មានបានទទួលសារឆ្លើយតបពី
បងសោះ ។ តើបងជាប់រវល់ណាស់មែនទេ រវល់ដល់ថ្នាក់រកពេលផ្ញើសារតបមកវិញមិនបាន ឯទូរស័ព្ទមិនបើកទៀត ។ តើពេលនេះបងយ៉ាងម៉េចហើយ ?
ព្រឹកនោះនៅកន្លែងធ្វើការអារម្មណ៍អូនមិនស្ងប់សោះ អូននៅតែព្យាយាមទាក់ទង​ទៅរកអ្នកជិតស្និទ្ធបង ស៊ើបសួរពីដំណឹងរបស់បង តែចុងក្រោយនៅតែមិនទទួលបានអ្វីសោះ ។ ម៉ោងប្រហែលជា ១០ អូននៅលែងសុខទៀតហើយ អូនសម្រេចចិត្តថា បើអូននៅតែទាក់ទង​បងមិនបានទៀត អូននឹងឡើងឡានទៅរកបងដល់កន្លែងធ្វើការតែម្តង ។ ពេលនេះមធ្យោបាយ​ចុងក្រោយរបស់អូនគឺ តេទៅរកធ្វើការនៅខនដូ ។ អូនបានតេទៅរកគាត់ហើយឲ្យគាត់​ជួយ​ទៅមើលនៅឯបន្ទប់ ។ គាត់ក៏យល់ព្រមទៅរកបងនៅឯបន្ទប់ តាមការស្នើសុំរបស់អូន ។
មួយសន្ទុះក្រោយមកសំឡេងទូរស័ព្ទក៏រោទិ៍ឡើង សំឡេងបងពីចុងខ្សែម្ខាងទៀត​បានបន្លឹឡើង ។ ទឹកភ្នែកអូនបានហូរស្រក់ចុះដោយមិនដឹងខ្លួន អូនមិនអាចទប់អារម្មណ៍ខ្លួន​ឯងបានទេបងដឹងទេថាទឹកភ្នែកអូនដែលស្រក់នៅពេលនោះ វាជាទឹកភ្នែក​នៃក្តីរំភើបដែលអូន​បានទទួលដំណឹងថា បងសុខសប្បាយ ។…

Advertisements

6 responses to this post.

  1. មានពេលខ្លះ មានអ្នកប្រាប់ខ្ញុំថាគេបារម្ភពីខ្ញុំណាស់ បារម្ភសឹងស្លាប់ព្រោះតែតេមិនលើក។

    ខ្ញុំនិយាយតាមត្រង់ ខ្ញុំក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះដែរ ខ្ញុំមិនចង់ទទួលទូរស័ព្ទទេ ព្រោះពេលណាដែលខ្ញុំមួរម៉ៅ ខ្ញុំមិនចង់ជះអារម្មណ៍អាក្រក់ដាក់មនុស្សដែលស្រឡាញ
    ខ្ញុំឡើយ។

    ពេលខ្លះក៏ឈ្លោះគ្នានឹងរឿងបន្តិចបន្តួចដែរ។ តែមិនដឹងអារម្មណ៍បងយ៉ាងម៉េចទេ ព្រោះមិនដែលខឹងនឹងគេ ពេលគេមិនលើកទួរស័ព្ទរបស់ខ្ញុំផង។

    Reply

    • មិនទទួលទូរស័ព្ទព្រោះមិនចង់និយាយជាមួយគេ មានរឿងនឹងគ្នា នេះអាចជាមូលហេតុអាចឲ្យភាគីម្ខាងទៀត​ដឹង​បាន តែសម្រាប់តួអង្គខាងលើ កំពុងតែផ្អែមល្ហែម​ស្រាប់តែទាក់ទងអត់បាន ស្ងាត់ឈឹង … ។ អារម្មណ៍របស់តួខាងលើនោះមិនបានខឹងទេ តែបារម្ភរហូតគេងមិនលក់ ។

      Reply

  2. ពេលនៅឆ្ងាយគ្នាទើបដឹងថាម្នាក់ៗបារម្ភពីគ្នាប៉ុណ្ណា។ ខ្ញុំយល់ពីអារម្មណ៍ស្រីម្នាក់នៅច្បាស់ណាស់ វាមិនមែនជាការហួងហែងទេ តែជាក្ដីបារម្ភដែលខ្លួនមានចំពោះអ្នកជាទីស្រឡាញ់។ អានហើយឡើងព្រឺសម្បុរ។

    Reply

  3. បងឯង ប៊ីះធ្វើឱយខ្ញុំឈ្លោះគ្នាជាមួយបងប្អូនឯងដោយសារតែអត់ប្រាប់ថា «ជានរណា» ង៉ាសសសសសសសសៗៗៗ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: