សេវា (សេ វ៉ា) ដឹកជញ្ជូនអ្នកដំណើរ

សម្រាប់អ្នកដែលធ្វើដំណើរដោយរថយន្ដផ្ទាល់ នឹងមិនចាប់អារម្មណ៍នឹងតម្លៃឈ្នួលរថយន្ដ ឬហៅថាថ្លៃឡានក្រុងនោះទេ ។ ប៉ុន្ដែសម្រាប់ចូលចិត្ដធ្វើដំណើរដោយប្រើប្រាស់សេវាដឹកជញ្ជូនរបស់ក្រុមហ៊ុននឹងចាប់អារម្មណ៍នឹងបញ្ហានេះ ។

ខាងក្រោមជាតារាងសេវាកម្មដឹកជញ្ជូនអ្នកដំណើរចេញពីខេត្ដសុរិន្ទទៅខេត្ដក្រុងនានានៃប្រទេសថៃ ។ ក្នុងនោះគេប្រាប់ពីឈ្មោះក្រុមហ៊ុនដឹកជញ្ជូន ម៉ោងចេញដំណើរ រយៈពេលធ្វើដំណើរ និងតម្លៃ ។ ក្រុមហ៊ុនដឹកជញ្ជូននីមួយកម្រនឹងធ្វើខុសអំពីសេចក្ដីដូចចែងក្នុងតារាងនេះណាស់ ។ ទាំងពេលវេលាចេញដំណើរ ពិសេសតម្លៃសេវាកម្ម ។

ថៃលែងមូសអារ

mosquito

មូសគឺជាភ្នាក់ងារចម្លងជំងឺ មានជាអាទិ ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ជាដើម ។ មូសខ្លាញីគឺជាភ្នាក់ងារចម្លងមេរោគ គ្រុនឈាម ។ ដើម្បីជាចំណែកមួយនៃការកម្ចាត់មូសខ្លា ថៃនឹងព្រលែងមូសឈ្មោលដែលជាមូសអារនៅតំបន់មួយចំនួនក្នុងខេត្ដ ឆាក់ឈើងសៅ (ខេត្ដស្ទឹងជ្រៅ) នៅបំណាច់ខែឧសភានេះ ។ មូសទាំងនេះត្រូវបានបង្កាត់ដោយមហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យមហិឌុន ។ គេមានគម្រោងបង្កើតរោងចក្រផលិតមូសអារដើម្បីលក់ចេញទៅក្រៅប្រទេសទៀតផង ។

ប្រភព៖ សាកលវិទ្យាល័យមហិឌុនផលិតមូសអារបានជោគជ័យ

គ្រួសារកក់ក្តៅ

រឿងរ៉ាវជីវិតដែលតែងតែកើតឡើងចំពោះក្រុមគ្រួសារដ៏តូចមួយនេះ ពេលខ្លះប្រៀបដូចជារឿងនិទាន ឯពេលខ្លះទៀតក៏ប្រៀបដូចជា ការផ្សងព្រេងនៅលើពិភពដ៏សែនធំ ដែលតែងតែផ្តល់នូវបទពិសោធន៍ប្លែក ៗ គ្នាគ្រប់ពេលវេលា ។ អរគុណសម្រាប់ពេលវេលា និង មេរៀនជីវិតដែលធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលរឹងមាំជាងមុន អរគុណចំពោះក្រុមគ្រួសារដ៏តូចមួយនេះ ដែលតែងតែផ្តល់នូវក្តីសង្ឃឹម និង ស្នាមញញឹមគ្រប់ពេលដែលមានបញ្ហា ។
ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ឲ្យតែខែមេសាមកដល់ ក្រុមគ្រួសារដ៏តូចមួយនេះ តែងតែមានគម្រោងត្រឡប់ទៅផ្ទះ ដោយរាប់ថ្ងៃថយក្រោយជានិច្ច…….។
ឆ្នាំនេះកូននីតា ហាក់ដូចជារសាប់រសល់ខុសពីឆ្នាំមុន ៗ កូនព្យាយាមសួរម៉ាក់ថា
– តើយើងត្រឡប់ទៅផ្ទះវិញថ្ងៃណា ?
– ទៅទាន់ថ្ងៃខួបកំណើតកូនទេ ? ហើយមានអ្វីពិសេសសម្រាប់កូនទេឆ្នាំនេះ ព្រោះកូនអាយុ ១២ ឆ្នាំហើយ ម៉ាក់ដឹងទេថា ឆ្នាំនេះជាឆ្នាំវក ត្រូវនឹងឆ្នាំកូនកើតតែម្តង ឯថ្ងៃវិញក៏ចំថ្ងៃអាទិត្យដូចគ្នាទៀត ហើយចុះកូនកើតម៉ោងប៉ុន្មានដែរ ? ហើយកាលពីម៉ាក់នៅក្មេង ៗនោះ ម៉ាក់មានរៀបចំថ្ងៃកំណើតទេ ?
– ឆ្នាំនេះកូនចង់ទៅធ្វើបុណ្យនៅវត្ត យកចង្ហាន់ទៅវត្ត ទៅជូនយាយ និង ម៉ា ហើយចាំល្ងាចចាំរៀបចំនៅផ្ទះបានអត់ម៉ាក់ ?
– ហើយឆ្នាំនេះមានអ្នកធ្វើឲ្យកូនភ្ញាក់ផ្អើលទៀតទេ (ទោះបីជាដឹងថាឆ្នាំណាក៏ប៉ាម៉ាក់រៀបចំពិធីឆ្លងខួបកំណើតឲ្យកូនដែរ ទោះបីជាពិធីតូច ៗ ក៏ដោយចុះ) តែអ្វីដែលធ្វើឲ្យកូន រំភើបនឹងរង់ចាំថ្ងៃនោះជានិច្ចនោះ គឺពួកយើងតែងតែផ្លាស់ប្តូរស្ទីលនៃការរៀបចំដោយមិនឲ្យម្ចាស់ខ្លួនដឹងមុន ។
ការចង់ដឹងរបស់កូន ពិតជាធ្វើឲ្យម៉ាក់ពិបាកឆ្លើយណាស់ ព្រោះថ្ងៃស្អែកនេះ ក៏ត្រូវជាថ្ងៃទី ៩ ទៅហើយ ថ្វីត្បិតតែជាថ្ងៃសម្រាកក៏ពិតមែន តែម៉ាក់ត្រូវនាំកូននេត្រទៅបង្ហាញខ្លួននៅសាលាថ្មី (អនុវិទ្យាល័យប្រាសាទវិទ្យាគារដែលជាសាលាដែលកូននេត្រប្រឡងជាប់ចំណាត់ថា្នក់ទី ២១ ក្នុងចំណោមអ្នកជាប់ទាំងអស់ ២៤០នាក់ ស្ថិតក្នុងលក្ខខ័ណ្ឌការប្រឡងប្រជែង និងក្រៅក្របខ័ណ្ឌដោយមានបេក្ខជនដែលចូលរួមប្រឡងទាំងអស់ចំនួន ៦០០ នាក់) បើមិនបានទៅបង្ហាញខ្លួនទេនោះ មានន័យថាយើងលះបង់សិទ្ធរបស់យើងនៅសាលានេះ ។ ឯថ្ងៃអាទិត្យក៏ជាថ្ងៃខួបកំណើតកូន ៗទៅហើយ តែម៉ាក់សន្យាថា ម៉ាក់នឹងព្យាយាមរៀបចំគម្រោងឲ្យកូនទាំងពីរឲ្យបានល្អបំផុត ។
កូនទាំងពីរគឺជាកែវភ្នែករបស់ប៉ា និង ម៉ាក់ ។ ប៉ាម៉ាក់ស្រឡាញ់កូន ។
សង្ឃឹមថា ថ្ងៃណាមួយ កូនៗ នឹងបានចូលមកអានក្នុងប្លកមួយនេះ…
ឆ្នាំនេះកូនស្រីពៅរបស់យើងអាយុ ១២ ឆ្នាំហើយ ។

រួមគ្នាអភិរក្សភាសាខ្មែរ

សូមជម្រាបសួរ បងប្អូនអ្នកភូមិយើងជាថ្មីម្តងទៀត បន្ទាប់ពីស្ងាត់បាត់មុខបាត់មាត់អស់ជាច្រើនឆ្នាំមកហើយនេះ ថ្ងៃនេះទើបដឹងខ្លួនថា ខ្លួនឯងមានផ្ទះមួយខ្នងនឹងគេដែរនៅភូមិវើដប្រេសនេះ !!!!
ថ្ងៃនេះសូមមកកែខ្លួន ហើយសន្យាថានឹងឧស្សាហ៍មកបោសពីងពាង សំរាមហើយថែទាំឲ្យបានដិតដល់ដូចពីមុនអញ្ចឹង តែមកពេលទំនេរទេណា!!!!!
បន្ទាប់ពីមករស់នៅក្នុងស្រុកសុរិន្រ្ទ អ្នកស្រុកដែលរស់នៅក្នុងខេត្តសុរិន្រ្ទ ភាគច្រើនពួកគាត់និយាយភាសាខ្មែរ ភាសាឡាវ និង ថៃ ។ តែសម្រាប់ក្មេង ៗជំនាន់ក្រោយវិញ ពួកគេស្តាប់បាន តែមិនមែនទាំងអស់នោះទេ ។ ដូច្នេះភាសាដែលពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃនោះគឺច្របល់ចូលគ្នា មានទាំងភាសាថៃ ឡាវ និងខ្មែរផងដែរ មនុស្សចាស់និយាយខ្មែរជាមួយកូនចៅ តែនៅពេលដែលកូនចៅឆ្លើយតបវិញគឺ មានលាយគ្នារវាងពាក្យថៃនឹងខ្មែរ ឬ អាចជាភាសាថៃសុទ្ធតែម្តង ។ តែក្មេង ៗស្តាប់បានយល់ន័យ តែនិយាយមិនបាន ។
ក្នុងខែមីនា មេសានេះជាពេលវ៉ាកង ខាងសាលាបានរៀបចំកាលវិភាគឲ្យរូបខ្ញុំចេញទៅបង្រៀននៅសាលារៀននិគមសាងតុនឯងប្រាសាទ ព្រោះខាងសាលាមានបំណងចង់ឲ្យសិសស្សចេះអាន និង សរសេរភាសាខ្មែរបាន ហើយក៏ដើម្បីជាទុនដល់ក្មេងជំនាន់ក្មេង និង ជាការអភិរក្សភាសាខ្មែរផងដែរ ។
សាលារៀននិគមសាងតុនឯងប្រាសាទស្ថិតក្នុងឃុំប្រាសាទ ស្រុកបា្រសាទ ខេត្តសុរិន្រ្ទ ។ Sothea1Sothea9
SotheaSAM_4613
Nikum3Sothea7

វិធីធ្វើសក់

ភាពស្រស់ស្អាតជាគូនិងស្រ្តី ។ តែដើម្បីទទួលបាននូវភាពស្រស់ស្អាត និង ការទាក់ទាញទាំងនោះ តើ​ស្រ្តីគួរត្រូវស្វែងយល់ពីអ្វីខ្លះទៅ ?
ខាងក្រោមនេះជាការបង្ហាញពីរបៀប​ធ្វើសក់រួញដោយខ្លួនឯង ដោយម៉ាស៊ីនមូរសក់ និង កៀបសក់។ សង្ឃឹមថាបងប្អូននិងចូលចិត្តដូចជាខ្ញុំដែរ


មិត្ត​ ១០០ ឆ្នាំ

ជីវិត​ប្រៀប​ដូចជាខ្សែទឹក​ដែល​ហូរ​ ដោយ​គ្មាន​ថ្ងៃត្រឡប់​មកវិញ ។ ពេលវេលាតែង​ផ្លាស់​ប្តូរពី​វិនាទីមួយ​ទៅ​វិនាទីមួយ រឿង​ហេតុជាច្រើន​បាន​ឆ្លងកាត់ ហើយ​ក៏​រលប់​បាត់ទៅ​វិញ​ដោយ​ឯក​ឯង ដោយ​មិន​បាច់​បង្ខំ តែក៏​មាន​រឿង​ជាច្រើន​ទៀត​ដែល​ស្ថិត​នៅដក់ជាប់នៅ​នឹង​​អារម្មណ៍ទោះជាចង់​បំភ្លេច​ក៏​ភ្លេចមិន​បាន​  

បំណង​ប្រាថ្នាដ៏​ធំបំផុត​របស់​ស្រ្តីមេផ្ទះគ្រប់​រូបគឺ មាន​គ្រួសារដែល​ចេះយល់ចិត្ត​គ្នាទៅវិញទៅមក ការ​​​សន្តោស​ប្រណី និង ការអធ្យាស្រ័យ​រវាង​គ្នា និង គ្នា ។

ថ្ងៃកំណើត​គ្រាន់​តែជាការកំណត់អាយុ​របស់​មនុស្សម្នាក់ ៗ ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ ការរស់​នៅ​ជុំគ្នា និង​ ការរួមដំណើរជាមួយគ្នាប្រកប​ទៅដោយ​ភាពរីករាយ ។​

​អរគុណ​បង កូន​សម្លាញ់​ទាំង​ពីរ​ដែល​តែង​តែ​កំដរពេល​វេលា​ទាំងនេះ ឲ្យ​ឆ្លង​ផុត​ដោយ​ក្តី​សប្បាយ​រីករាយ និង ពោរពេញដោយ​សុភមង្គល ។ ជាពិសេសគឺការផ្តល់​នូវ​ក្តី​ស្រឡាញ់ និង ភាពកក់​ក្តៅ​ដល់​ក្រុមគ្រួសារជានិច្ច ។

Maneth Nida1Maneth Nida2

ManethNida1

ប័ណ្ណបើកបរ

ប័ណ្ណបើកបរនឹង​ផុត​កំណត់​នៅថ្ងៃទី ២៣ កញ្ញា នេះទៅហើយ តើ​ខ្ញុំត្រូវ​ធ្វើ​ដូចម្តេចទៅដើម្បី​សូម​បន្ត​ទៅទៀត​បាន? គិត​ចុះគិត​ឡើង ក៏នឹក​ឃើញ​ដល់​លោកគ្រូហ្គូហ្គល ខ្ញុំ​ក៏​ប្រញាប់រត់​ទៅសួរគាត់ភ្លាម ។ ចម្លើយ​ជាច្រើន​បាន​លេចឡើង​លើក្តារខៀន​របស់​លោកគ្រូហ្គូហ្គល ខ្ញុំ​ព្យាយាម​ជ្រើសរើសចម្លើយ​ដែល​ត្រូវ​នឹង​ប្រធាន​បទ​របស់​ខ្ញុំ​បំផុត ។ ឆែក​ចុះឆែក​ឡើង ក៏មិន​ប្រទះ​នឹង​ចម្លើយ​ដែលខ្ញុំ​ត្រូវការសោះ ភាគច្រើន​គឺទាក់​ទង​តែនឹង​ការជនជាតិ​ថៃ​ប៉ុណ្ណោះ ការ​ដែល​ពិបាក​ដូច្នេះព្រោះថាការពីឆ្នាំមុន​នោះ​ជាគម្រោង​ការណ៍​របស់​វិទ្យាស្ថាន​ រួម​ជាមួយនឹងក្រសួង​គមនាគមន៍​ និង​ ដឹកជញ្ជូន​ផ្លូវ​គោក ដើម្បីជាការសម្រួល​ដល់​សិស្ស និស្សិត​ដែល​រៀន​នៅក្នុង​វិទ្យាស្ថាន​ឲ្យ​មាន​ប័ណ្ណបើ​កបរឲ្យ​បាន​គ្រប់គ្នា ។ ដូច្នេះហើយ​ឯកសារគ្រប់​បែប​យ៉ាង​គឺខាង​វិទ្យាស្ថាន ជាអ្នក​រៀប​ចំឲ្យ​ទាំងអស់ ។

មុន​នឹងទទួល​បាន​ប័ណ្ណបើកបរ គឺ​ត្រូវតែចូល​រួម​អប់រំ​អំពីច្បាប់​ចរាចរណ៍មួយថ្ងៃពេញ ឯថ្ងៃទី ២ត្រូវ​ទៅ​ប្រឡង មានវិញ្ញាសារ​ដូចជា វិញ្ញាសារសរសេរ (ជ្រើសរើសចម្លើយ​ក្នុង​កុំព្យូទ័រ ៤០ សំណួរ) ប្រឡង​បើក​បរដោយ​ម៉ាស៊ីន​ដែល​បាន​កំណត់ វាស់​ខ្សែភ្នែក (ប្រាប់ព័ណ៌ទៅតាម​ការចង្អុល​របស់​មេប្រយោគ) និង​ ចុងក្រោយគឺប្រឡង​បើក​បរដោយ​ផ្ទាល់​នៅលើកំណាត់​ផ្លូវ​ដែល​បាន​កំណត់​នៅក្នុង​ក្រសួង ។ បន្ទាប់​ពីចប់​សព្វ​គ្រប់​ហើយ​នោះ គឺនឹង​ទទួល​បាន​នូវ​ប័ណ្ណ​បើក​បរ​រយៈពេល​មួយ​ឆ្នាំ ឬ អាច​ហៅម្យ៉ាង​ទៀត​បាន​ថា ប័ណ្ណបើក​បរបណ្តោះអាសន្ន ហើយ​នឹង​ត្រូវ​ទៅបន្ត​យក​ប័ណ្ណ​បើកបរលើកទី ២ មានសុពលភាព​​ ៥ ឆ្នាំ ​។ ការបន្ត​ប័ណ្ណបើកបរលើកទី ២ នេះអាច​ទៅ​សូម​មុន​ពេល​ដែល​ប័ណ្ណចាស់​ផុត​កំណត់រយៈពេល​ពីរខែ​ ដោយ​គ្រាន់​តែ​ទៅប្រឡង​បើកបរនឹង​​ម៉ាស៊ីនដែលបានកំណត់ ព្រមទាំង​វាស់​ខ្សែភ្នែក ។

ចុង​បញ្ចប់​ខ្ញុំ​ក៏​សម្រេចយក​ឯកសារ​ដែល​ខ្ញុំ​មាន​ទៅសាកមើល​សិន តែខ្វះម្យ៉ាង​គឺ ឯកសារបញ្ជាក់ពី​កន្លែង​ធ្វើការ ។ រត់ចុះរត់ឡើង​ពីរ បីថ្ងៃ ចុង​ក្រោយ​ក៏​បាន​ទទួល​ប័ណ្ណបើកបរ​លើកទីពីរ ដែល​មាន​សុពលភាព ៥ ឆ្នាំ​ ។ ​ស្នាម​ញញឹម ការទទួល​រាក់ទាក់ ពីមន្រ្តីរាជការ​ក្រសួង​គមនាគមន៍ សាខាប្រាសាទ ខេត្ត​សុរិន្រ្ទ បាន​ដក់ជាប់​ក្នុង​អារម្មណ៍ខ្ញុំជានិច្ច ។ ខ្ញុំសង្ឃឹម​ថា ថ្ងៃណាមួយ​ខ្ញុំ​នឹង​បាន​ឃើញ​មន្រ្តីរាជការ​ប្រទេស​របស់យើង​មាន​ទឹក​មុខ​ដូចជាពួកគាត់នា​ពេលនេះដែរ ។ តែអ្វីដែលស្តាយ​នោះគឺ ប័ណ្ណបើកបរលើកទី ១ គេអត់​ឲ្យ​វិញទេ ស្តាយ​ដែលមិន​បាន​ថតរូបទុក​ជាឯកសារ ។

ឯកសារភ្ជាប់ ដើម្បី​សូម​បន្ត​មាន​ដូចជា

– អត្តសញ្ញាណប័ណ្ណ ឬ លិខិត​ឆ្លង​ដែន (ថត​ចម្លង​ឯកសារ ដែល​មាន​ដូចជាទិដ្ឋាការ និង ប័ណ្ណ​ចេញចូលប្រទេសថៃ)

– លិខិត​បញ្ជាក់ពីកន្លែង​ធ្វើការ

– ប័ណ្ណបើក​បរ​ (មិនទាន់​ផុតអាយុ​)

– សំបុត្របញ្ជាក់សុខភាព (សំបុត្រពេទ្យ)

– ប័ណ្ណគ្រួសារ (លិខិតបញ្ជាក់ទីលំនៅ)

– លុយ ៣៥៥ បាទ (៥ ឆ្នាំ ២៥០ បាទ រួមជាមួយនឹង​ថ្លៃកាតបូកថតរូប ១០០ បាទ  ពាក្យសូម ៥ បាទ )

កម្មវិធីភាសាខ្មែរ

មួយ​រយៈនេះពិតជាស្ងាត់​សម្បើមណាស់ ព្រោះ​តែម្ចាស់​ផ្ទះរវល់  តែអ្វី​ដែល​សំខាន់​ហើយ​ជាបញ្ហា​នោះគឺ ម្ចាស់ផ្ទះ​ក្លាយ​ជាមនុស្សខ្ជិល​រលួយ​ (រកមនុស្សមក​ប្រដូច​មិន​បានឡើយ) ។

ថ្ងៃនេះសូម​លើក​យក​អត្ថបទរបស់​ពូជអង្គរ មក​ផ្សាយ​ឡើង​វិញ

សូមអរគុណ​ម្ចាស់​ប្លក​ពូជអង្គរដែល​បាន​សរសេរ​រួចជាស្រេច​ អត្ថបទទាំង​ស្រុងពីពូជអង្គរ

http://www.puc-angkor.blogspot.com/2014/07/blog-post.html

វិទ្យាល័យប្រៈសាទវិទ្យាខាន (វិទ្យាគារ) ជាវិទ្យាល័យមួយស្ថិតនៅក្នុងស្រុក​ប្រាសាទ ខេត្តសុរិន្ទ្រ មានចម្ងាយ​ ៤០ គីឡូម៉ែត្រពីព្រំដែនខ្មែរថៃ ច្រកអូស្មាច់ ។ វិទ្យាល័យ​មាន​សិស្ស​ជាងបីពាន់នាក់ និងមានគ្រូប្រមាណ ១៤០ នាក់ ក្នុង​នោះមានគ្រូបរទេស​ចំនួន ១៤ នាក់ ។ ដោយ​សារសន្ទុះ​នៃការបណ្ដុះបណ្តាល​ភាសាខ្មែរនៅស្រុកថៃមានការកើនឡើងគួរឲ្យកត់សម្គាល់ វិទ្យាល័យត្រូវបាន​ប្រគល់​​ភារកិច្ចពីក្រសួង​អប់រំជាតិប្រទេសថៃ​ជាទីស្នាក់ការ​កណ្ដាលក្នុង​ការ​មើលការ​ខុស​ត្រូវ​លើ​ការ​បង្រៀន​ភាសាខ្មែរនៅតំបន់ភូមិភាគឦសានប្រទេសថៃ ហៅកាត់ថា មជ្ឈមណ្ឌលភាសាខ្មែរ Khmer Language Center) ។ ដើម្បីឲ្យ​ការ​បង្រៀននិងការសិក្សាការ​បង្រៀនប្រកបដោយស្ដង់ដារ​តាម​គោល​ការ​​​ក្រសួង វិទ្យាល័យបានបើកវគ្គបំពាក់បំប៉នខាងភាសាខ្មែរដល់​គ្រូបង្រៀន​ភាសាខ្មែរ​ទាំង​ជាតិ​ថៃ និង ខ្មែរ ។

ពីថ្ងៃទី ២៥ ដល់ ២៦ ខែកក្កដា ឆ្នាំ ២០១៤ វគ្គបំពាក់បំប៉ន​ការផលិតកម្មវិធី​បង្រៀន​ បានធ្វើឡើង ដោយ​មាន​​ការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ២០ នាក់​ មកពី ២០ សាលារៀនភូមិភាគឦសាន ។ ក្រៅពីការ​ផ្តោត​ជាសំខាន់​ទៅលើ​ការផលិតកម្មវិធីសិក្សាប្រកបដោយស្តង់ដារ និងវិធីសាស្ត្របង្រៀនភាសាខ្មែរ​សម្រាប់ជនបរទេស សិក្ខាកាមបានទទួលការបញ្ជ្រាបអំពីសំណេរ​ភាសាខ្មែរ​តាម​គោលការណ៍​គណៈកម្មការជាតិភាសាខ្មែរ ៖ ព្យាង្គតម្រួត ស្រៈពេញតួ និង ការប្រើពុម្ពអក្សរខ្មែរ Khmer OS Siemreap

10462763_679770928778752_3400350718778704324_n 10524669_679769858778859_8897421563407794155_n

10552375_679770502112128_6822101538210897713_n10553487_679770328778812_2566680886571537107_n

ជីវិតកម្មករ

ជារៀង​រាល់ថ្ងៃសុក្រ ខ្ញុំ​មាន​ឱកាស​បាន​ចេញ​ទៅ​បំពេញ​បេសកម្ម​នៅខាង​ក្រៅ​សាលា ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ​កាន់​ស្រុក​កាប់ជើងដែល​មាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រពី​កន្លែង​ដែល​ខ្ញុំ​ធ្វើការ និង ១៤ គីឡូម៉ែត្រពី​ព្រំដែនថៃ ខ្មែរ (ច្រក​អូស្មាច់) ។

ដោយ​មាន​ពាក្យ​ចចាមអារ៉ាម និង ពត៌មានជាច្រើន​ទាក់​ទង​ទៅ​នឹង​កម្ម​ករខ្មែរ ដែល​ចូល​មកដោយ​​ខុស​ច្បាប់នៅក្នុង​ស្រុក​ថៃនេះ ខ្ញុំ​បាន​ដាក់​កាម៉ារ៉ានៅក្នុង​កាបូប ហើយ​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​នឹង​ផ្តិត​យក​រូប​ភាព​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​មក​ផ្ញើ​ជូន​បង​ប្អូន​អ្នក​ភូមិ​របស់​យើង​ ។

​ខ្ញុំ​បាន​ចាកចេញពី​កន្លែង​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែលជា ១១ ថ្ងៃត្រង់ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​សាលា​ស្រុក​កាប់ជើង  ។ នៅតាម​ដង​ផ្លូវ​បរិយាកាសដូចធម្មតា​ហាក់​ដូចជាមិន​មាន​ប្រែប្រួល ឬ គួរ​ឲ្យ​ចាប់​អារម្មណ៍​សោះ តែពេល​មក​ដល់​ចំណុច​ឆែក​ឆេរ (ដែល​ឆែក​ឆេរដោយ​ទាហាន​ថៃ) មុននឹង​បាន​មក​ដល់​ទីរួម​ស្រុក​ប្រាសាទ​នោះ បរិយាកាស​ដែល​ខ្ញុំ​គិត​ថាធម្ម​តា​នោះ​បាន​ប្រាសចាកពីអារម្មណ៍​ទាំង​ស្រុង​របស់​ខ្ញុំ  ខ្ញុំ​ក្រឡេក​មើល​ទៅខាង​ឆ្វេង​ដៃ ឃើញ​មាន​មនុស្ស​ណែន​តាន់តាប់ មាន​អ្នក​ខ្លះ អង្គុយ អ្នកខ្លះឈរ ខ្លះដេក …។ សំឡេង​ក្មេង​យំ​បាន​លាន់​ឡើង ខ្ញុំចុចកញ្ចក់​ឲ្យ​ចុះ ហើយសម្លឹង​​មើល​ពួកគាត់​ដោយ​ក្តីរន្ធត់​បំផុត ។

នេះហើយ​ជីវិត​!!!!!!!!! ជីវិត​ដែល​មាន​តែភាពតោកយ៉ាក ជីវិតដែលកើ់ត​មក​ដើម្បី​តែ​មកធ្វើ​ខ្ញុំគេបែប​នេះមែនទេ ????? កើត​មកមួយជាតិ​នឹង​គេដែរ ហេតុ​អ្វី​បាន​ជាមិន​ឲ្យ​ពួកគាត់​រស់នៅ​សុខសប្បាយ​ដូច​ដទៃខ្លះទៅ ? ……………….

យើង​ក៏​បន្ត​ដំណើរ​ចេញផុត​ពី​ទិដ្ឋភាព​ដ៏​អាប់​អួរ​នោះ ហើយ​ក៏​ធ្វើ​ដំណើរឆ្ពោះទៅកាន់​គោល​ដៅ​របស់​យើង ហើយ​បំពេញ​ការងារ​រហូតទាល់​តែដល់ម៉ោង​កំណត់ ​។ ម៉ោង​ប្រហែលជា ៣.៣០ ភ្លៀង​ក៏ចាប់បង្អុរ​មក​ខ្លាំងឡើង ៗ រហូតដល់​ម៉ោង​​ដែលយើង​ត្រូវ​ត្រឡប់​ទៅហើយ​ នៅ​តែមិន​ទាន់​រាំង ហើយ​គ្រាប់​កាន់​តែធំឡើង ៗ ។ តែគ្រាប់​ភ្លៀង​មិន​អាច​ឃាត់ឃាំង​ដំណើរត្រឡប់​របស់​យើង​បានទេ ។ យើង​ចាកចេញពី​ទីរួម​ស្រុក​កាប់ជើង ដោយ​កាត់​គ្រាប់ភ្លៀង និង រន្ទះផូង​ផាំងដោយ​មិន​ញញើត​។​ ចេញ​មក​បាន​បន្តិច យើង​ក៏បាន​ជួប​នឹង​ឡាន​ទាហានប្រាំ ប្រាំមួយ​ឡានដែល​មាន​ដឹកកម្មករខ្មែរពេញ ៗ ឡាន ។ ឡាន​ដែល​ពួកគាត់ជិះនោះគ្មាន​ដំបូលសម្រាប់​ជ្រក​នោះទេ តែទឹកមុខ​របស់​ពួកគាត់​ស្រស់ស្រាយ និង​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម ព្រោះ​យ៉ាង​ហោចណាស់​គាត់​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ……….។ សូមជូនពរឲ្យ​ពួកគាត់​ទាំងអស់​គ្នា​មាន​សំណាង​ល្អ​ក្នុងជីវិត ។

​មក​ដល់ចំណុចឆែកឆេរវិញ ស្រាប់តែឃើញមាន​ឡានក្រុង​បីចត​នៅខាង​មុខនោះ ហើយ​កម្មករខ្មែរដទៃទៀត​ក៏មកជំនួសកន្លែងអ្នក​ដែល​នៅពីព្រឹក ……….។

សូមអានបន្ថែម

ជីវិតកម្មករឆ្លងដែន

ជីវិតជាយដែន

Moral Camp

Moral Camp គឺជាពាក្យ​ដែល​គេហៅជាភាសាអង់គ្លេស សម្រាប់ភាសាខ្មែរយើង​មិន​ដឹង​ជាត្រូវប្រើពាក្យ​យ៉ាងម៉េច ដើម្បី​ឲ្យ​ស្តាប់ទៅពាក្យ​ពិរោះនោះទេ ដូច្នេះខ្ញុំ​សូមមិនប្រែពាក្យ​នេះទេ តែសូមជំនួយ​ពី​បងប្អូនអ្នកភូមិយើង​វិញ ។

Moral Camp គឺជាការបោះជម្រំរបស់​សិស្សានុសិស្ស ដែល​ទើប​នឹង​ចូល​មក​កាន់​វិទ្យាស្ថាន​ថ្មី ៗ ពោលគឺសម្រាប់​សិស្ស​ឆ្នាំទី ១ ។ បើ​តាម​ដឹង​គឺ​នៅស្រុកថៃចំពោះ​គម្រោង​ការណ៍​នេះគឺមាននៅគ្រប់​សាលារៀន នឹង​មាន​ថវិកាសម្រាប់រៀប​ចំគម្រោង​ការណ៍នេះជារៀង​រាល់ឆ្នាំផង​ដែរ ។ ចំពោះគម្រោង​ការណ៍​បែបនេះ​មិន​ដឹង​ជាស្រុក​យើង​មាន​ហើយ​ឬនៅទេ ?

សម្រាប់​ Moral Camp នៅវិទ្យាស្ថាន​បណ្តុះបណ្តាលវិជ្ជាជីវៈប្រាសាទ​នាឆ្នាំនេះ គឺចាប់​ផ្តើមគម្រោង​ការណ៍​របស់​ខ្លួន ពីថ្ងៃសុក្រ ទី ៣០ ខែ ឧសភា រហូត​ដល់ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៤ ។ ដោយ​ការចាប់ថ្តើមគម្រោង​ការណ៍នេះ ត្រូវ​នឹង​សប្តាហ៍ទី ២ នៃឆមាសទី១ ដែល​រួម​មានទាំង​អស់ ១៨ សប្តាហ៍ សម្រាប់ឆមាសទី ១​នេះ ។​ គម្រោង​ការណ៍​អប់រំគុណធម៌ នាឆ្នាំនេះបានរៀប​ចំធ្វើ​នៅវត្ត​អមរិន្រ្ទារាម ដោយគោលបំណង​នៃការរៀប​ចំ​គម្រោង​ការណ៍​នេះ គឺដើម្បី​បង្វឹក​ចិត្ត​សិស្សានុសិស្ស ឲ្យ​មានភាព​អត់ធ្មត់ តស៊ូ គោរពពេលវេលា មានភាពម្ចាស់​ការលើខ្លួន​ឯង និងជាពិសេស​នោះគឺដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​មិត្តភក្តិ​រួមជំនាន់ ។ ការចូលរួម​គម្រោង​ការណ៍នេះ សិស្សានុសិស្សទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈសម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ និង សម្លៀកបំពាក់​សម្រាប់​ផ្លាស់​ប្តូរ​ចំនួន ៣ ថ្ងៃ ២ យប់ ព្រម​ទាំង​ថ្នាំ សម្រាប់​អ្នក​ដែល​មានជម្ងឺប្រចាំកាយ តែសម្រាប់​អ្នក​ដែល​មិន​មានជម្ងឺប្រចាំកាយ គឺខាង​សាលា​មាន រៀប​ចំកញ្ចប់​ថ្នាំសម្រាប់​បឋម​ព្យាបាលផង​ដែរ ។ ការចូល​រួម​សកម្មភាព​របស់​សាលា​នេះ សិស្ស​មិន​បាន​ចំណាយ​លុយ សូម្បីតែមួយកាក់មួយ​សេន​ឡើយ ខាង​សាលាមាន​រៀប​ចំអាហារបីពេល ព្រមទាំងអាហារសម្រន់ និង ភេសជ្ជៈ ២ ពេល ។

អ្នក​ដែល​ចូល​រួម​ទាំងអស់​ត្រូវ​អង្គុយ​ស្តាប់​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅរបស់​វាលគ្មិន និង ព្រះសង្ឃ ។ ដោយ​មាន​ទាំងវិធី​តាំង​សមាធិ ការធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​ ការរម្ងាប់​ចិត្ត​ចំពោះ រឿង​ហេតុ​ដែល​កើត​មានឡើង​ចំពោះ​យើង​ទៀត​ផង ។

សម្រាប់​ម្ចាស់​ផ្ទះ មិន​បាន​ទៅ​ចូល​រួម​ឲ្យ​ចប់​ចុង​ចប់​ដើម​នោះទេ គឺឆ្លៀត​ពេល​ទំនេរ​​ថ្ងៃត្រង់​ប្រហែលជា ២ ម៉ោង ទៅជាមួយ​លោក​ស្រី​នាយិកា ហើយ​ក៏​ត្រឡប់មក​វិទ្យាស្ថានវិញ ។ តែក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត នៅពេល​ដែល​ឃើញ​ក្មេង​ ៗ ទាំង​នោះ​មាន​ទឹក​មុខរីករាយ និង​បង្ហាញ​នូវ​ការរាក់​ទាក់​នៅពេល​ដែល​បាន​ឃើញ​គ្រូ​គេទៅដល់ ។ សូមបញ្ជាក់ថា សិស្សានុសិស្ស​ដែល​ទៅ​ចូល​រួមនេះ មានចំនួន ប្រហែលជា ៥៤០ នាក់ ។

Aomrin Pagoda1Aomrin Pagoda

Aomrin Pagoda2Aomrin Pagoda3