Archive for June, 2012

ស្ដាប់តាស៊ុចទេសន៍

ផ្ទះនេះបើកឡើងកាលណា ឃើញតែលឿង…បើចង់ដឹងរឿងលោកទេសពីដែនដីថៃ យូ​ធូប​ឃ្លីប​ដែល​ទេស​ដោយលោកតាស៊ុច ។ លោកទេសន៍ជាភាសាថៃផងជាភាសាខ្មែរផង ។ ការបញ្ចូល​ធម្មធម្មោ​របស់​លោកគឺការកំប្លុកំប្លែងនិងជ្រៀតរឿងសីលធម៌បែបបញ្ឆិតបញ្ឆៀងផងបែបត្រង់ ផង ។ នេះប្រហែលជាវិធី​ល្អមួយ​សម្រាប់អ្នកស្ដាប់ធម៌ហើយចេះតែងងុយដេក ។ តាមពិតទៅខ្លឹមសារ​ធម៌គ្មានអ្វី​ដែល​ឆ្ងាញ់​សម្រាប់​សោតាទាំងអស់នោះទេ ។ ការអប់រំប្រៀបបាននឹងការឲ្យថ្នាំព្យាបាលជម្ងឺ ។ ធម្មជាតិ​ជាថ្នាំ​មិន​មាន​ថ្នាំណាដែលមានរសជាតិជាមិត្ដនឹងអណ្ដាតយើងប៉ុន្មានទេ (មែនទេម៉ាក់អាបីនាក់?) ។ ហេតុ​នេះ​ហើយ​បានជាយើងតែងសង្កេតឃើញព្រះសង្ឃល្បីៗនៅស្រុកថៃប្រៀបបាននឹងតារាកំប្លែងអញ្ចឹង ។ ទេស​បណ្ដើរផ្ដល់ភាពសប្បាយក្អាកក្អាយបណ្ដើរ ។ រឿងបាលីបាគូនោះលោកលបបញ្ចូលបន្ដិច ពេល​ឃើញ​ថាទស្សនិកជនកំពុងស្លុងនឹងតំណាលនានាដែលលោកលើកមកនិទានប្រាប់ ។ ជួន​កាល​ខ្ញុំ​ឆ្ងល់ថា តើការបេះបោចណេះណោះនាយអាយរបស់លោកដែល​ជួនកាល​ស្ដាប់​ទៅហាក់​ដូចកុហក​ខ្លះ​ពិត​ខ្លះនោះ អាចខុសនឹងពុទ្ធឱវាទឬទេ ? ទីនេះខ្ញុំសូមលើកឧទាហរណ៍មួយមកបង្ហាញ ៖

…មនុស្សថៃជាមនុស្សមិនចេះចាញ់ប្រៀបនរណា ។ នៅចិនគេជីកដីជម្រៅ១០០ម៉ែត្រ គេប្រទះឃើញ​ខ្សែ​​បណ្ដាញទូរស័ព្ទ គេនាំគ្នាសម្ពោធអបអរព្រោះថាចិនមានទូរស័ព្ទប្រើតាំងតែពី១០០ឆ្នាំមុននេះ ។ អាមេរិក​មិន​សុខចិត្ដក៏តាំង ជីកដីនឹងគេដែរ ទីបំផុតប្រទះនឹងខ្សែបណ្ដាញទូរស័ព្ទនៅក្នុងជម្រៅដី២០០ម៉ែត្រ អាមេរិក​សម្ពោធឆ្លងយ៉ាងមហោឡារឹក ព្រោះគេថា គេមានទូរស័ព្ទប្រើតាំងតែ២០០ឆ្នាំមកម៉្លេះ ។ ដល់ទៅថៃយើង​វិញ ឃើញគេអញ្ចឹង ក៏តាំងខំជីកដី៣០០ម៉ែត្រ តែអត់ឃើញអីសោះ ប៉ុន្ដែថៃនាំ​គ្នាសម្ពោធ​ឆ្លង​យ៉ាងមហោឡាមិនចាញ់ប្រទេសខាងលើ ព្រោះជាមោទភាព​មួយ​ដែល​ខ្លួនមាន​ទូរស័ព្ទ​គ្មាន​​ខ្សែប្រើតាំងតែ៣០០ឆ្នាំមុនមកម៉្លេះ ។…

ព្រឹត្ដិការណ៍ខ្ញុំជឿថាជាការប្រឌិត ប៉ុន្ដែលោក​បានលើកយកមកតំណាលចែកជូនញាតិញោមបានស្ដាប់​ក្នុង​ការសម្ដែងធម៌ ។ សម្រាប់ខ្ញុំវិញការដែលលើករឿងប្រឌិតមកនិទានខាងលើអាចជាវិធីមួយ ដែល​ទាក់​ទាញអ្នកស្ដាប់ឲ្យតាមដាន រួចលោកបន្ថែមសីលធម៌ជាក្រោយ ។ ទោះជាយ៉ាងណាក្ដី សូម​ទុក​រឿង​នេះ​ដល់ញាតិយើងពិចារណាតាមការគួរ ។ ដើម្បីជាការរួមចំណែករឿងធម៌អាថ៌ សូមអស់លោកមេត្ដា​តាម​ស្ដាប់បន្ដិចអំពីធម្មទេសនាដែលសម្ដែងដោយលោកតាស៊ុច ព្រះសង្ឃក្នុងខេត្ដសុរិន្ទ្រដូចតទៅ

អ្វីអាចជួយ ពេលមានទុក្ខ ?

នៅលើលោកនេះគ្មានទេអាថ៌កំបាំង តើនេះជាការពិតមែនទេ ? តើយើងអាចលាក់រឿង​រ៉ាវ​ផ្សេង ៗ ដែល​កើត​ឡើង​ចំពោះអ្នកដែលនៅជុំវិញ​ខ្លួនយើងបានគ្រប់ ៗ គ្នា ដែរឬទេ ?

​ អាថ៌កំបាំង​នៃរឿងរ៉ាវ​ផ្សេង ៗ ដែល​កើត​មានឡើង​ចំពោះ​រូបយើង យើងពិតជាអាចលាក់​ទុក​បាន​ ដោយ​មិន​បាច់ឲ្យអ្នកដទៃ​បានដឹង​ នេះជាសិទ្ធ​របស់យើង ។ ព្រោះមនុស្សម្នាក់ ៗ តែង​មានរឿងផ្ទាល់ខ្លួន ដែល មិន​ចាំបាច់​រ៉ាយរ៉ាប់​ឲ្យអ្នកដទៃបានដឹង​ទាំងអស់នោះទេ ។​​ ភាគច្រើននៃរឿងហេតុទាំងនោះ​ជាទុក្ខ សោក ដែលមិនអាច​ថ្លែង​ប្រាប់​អ្នកដទៃបាន ។ ឬគេតែងនិយាយ​ថា ហាស្លាក់ខ្ជាក់ស្លែង ។

ប៉ុន្តែ​អាថ៌កំបាំងមួយទៀត​ដែលខ្ញុំគិតថាគ្មានលើលោកនោះគឺអាថ៌កំបាងខាងផ្លូវចិត្ត យើងមិនអាចលាក់​អារម្មណ៍​របស់​យើង​មិនឲ្យ​អ្នកដទៃដឹងបាននោះទេ ។ មនុស្ស​តែងស្រស់ថ្លា រីករាយ ពោរពេញទៅដោយ​​​មន្តស្នេហ៍ នៅពេល​ដែលអារម្មណ៍ និង ដួងចិត្ត​របស់គេមានពោរពេញ​ទៅដោយ​សុភមង្គល ។ តែផ្ទុយ​ទៅ​​វិញកាលបើ​​គេ​នឹង​មាន​ទឹកមុខស្រពាប់ស្រពោន ទោះបីជាខំញញឹម​ ខំតុបតែងខ្លួន​យ៉ាង​ណា​ក៏​ភាព​ស្រស់​​ស្អាត​នោះ​មិនបានឲ្យ​គេក្លាយជាមនុស្សដែលស្រស់ថ្លាបានដែរ ។ មួយវិញទៀត​ការសង្កេត​ទៅ​លើ​​អាកប្បកិរិយាប្លែក ៗ របស់បុគ្គលម្នាក់​នោះ​ ចាប់នេះខុស ចាប់នោះខុស ទោះ​បីជាខំព្យាយាម​ធ្វើ​អស់​ពី​កម្លាំងកាយចិត្តយ៉ាងណាក៏ដោយ ក៏​សកម្មភាព​ទាំងនោះ ហាក់​មានអ្វីមួយ ដែលគេហៅថា ជាចំណុច​ខ្សោយ​របស់មនុស្សមានទុក្ខ អាចឲ្យគេ​ចាប់កំហុស​បានដោយងាយ​បំផុត ។

​តើមានវិធី​អ្វី​ខ្លះ​ដើម្បីជួយអ្នក​មានទុក្ខទាំងនោះ​ឲ្យរួចផុតពីទុក្ខសោក​ទាំងនោះបាន ?

បើតាមផ្លូវធម៌​លោកឲ្យយើងតាំងសម្មាធិ ឬ ស្តាប់ការទូន្មាន​ពីអ្នកមានបទពិសោធន៍​ឲ្យគេជួយ ផ្តល់ការ ប្រឹក្សា និងមានវិធីមួយទៀត​គឺការស្តាប់ការសំដែងព្រះធម៌​ទេសនានោះឯង ។​តាមការសង្កេតរបស់ខ្ញុំ​ព្រះសង្ឃ​នៅ​ប្រទេសយើង​លោកភាគច្រើនទេសន៍ទៅលើ​ពុទ្ធ​ប្រវត្តិ​ដោយ​មានភ្ជាប់​នូវរឿងនាសង្គម​បច្ចុប្បន្ន​តិចតួចបំផុត ។ ប៉ុន្តែ​កាលពីថ្ងៃពិសាខបូជា​កន្លង​ទៅ​នេះ​ខ្ញុំក៏​បានបើក​មើលកម្មវិធី​មួយ​របស់​ទូរទស្សន៍ថៃភីប៊ីអេស ។ សូមបញ្ជាក់ថាទូរទស្សន៍​នេះ​គឺជាទូរទស្សន៍ ដែលក្រុមគ្រួសារយើង​មើលជា ប្រចាំ​ព្រោះ​គេមានកម្ម​វិធី​ល្អ ៗ ជាច្រើន ដូចជាកម្មវិធីអប់រំ ហើយសម្រាប់​កម្មវិធី​​ភាពយន្តវិញ គេជ្រើស រើស​សម្អិត​សម្អាង​បំផុត​សម្រាប់មកចាក់ផ្សាយ​ ដោយ​មិនមានការប្រើអំពើហឹង្សា មិននិយាយគំហក(ទាំងខ្មែរ​ទាំងថៃ ចូលចិត្តនិយាយគំហក​ ឬ និយាយខ្លាំង ៗ) … ជាពិសេសនោះ​គឺយើងអាចមើល ជា លក្ខណៈគ្រួសារបានមិនមានលក្ខណៈអាសអាភាស ។ សូមងាក​មកក្នុងកម្មវិធី​ដែលខ្ញុំមើលនោះ​គឺមាន​ការសម្ភាស​ជាមួយព្រះសង្ឃ គឺលោក​មានពុទ្ធិកាទៅដល់​ការទេសន៍នានា ។ ​ការទេសនាវិញម្តង ខ្ញុំ ពេញ​ចិត្តចំពោះ​ការសម្តែង​ព្រះធម៌​នេះខ្លាំងណាស់ ព្រោះ​ជួយឲ្យស្តាប់ដោយ​មិនធុញទ្រាន់ដែលកម្ម វិធី​នោះ​បងប្អូនអាចរកមើល​បានតាមរយៈយូធូបដែលមា​នចំណងជើង​ថា “មានធម្មទេសនា​​គឺមានការ ពិភាក្សា” ។ ក្នុងនាមខ្ញុំជាពុទ្ធសាសនិកជនម្នាក់​ ខ្ញុំពិតជាពេញចិត្តនូវកម្មវិធីនេះខ្លាំងណាស់ ក្រុម គ្រួសារ យើងតែងតែនាំគ្នាស្តាប់នៅពេលទំនេរជាពិសេសបន្ទាប់ពីកូន ៗ មកពីសាលារៀនវិញ ។ ការស្តាប់នេះ​អាច​ឲ្យយើង​មានចិត្តស្ងប់ និង ជាការតម្រង់ទិសសម្រាប់កូនស្រីទាំងពីររបស់ខ្ញុំផងដែរ ។ ពេល​នេះ​ខ្ញុំ​ក្លាយ​ជាអ្នកតាមដានព្រះ​ធម៌ទេសនាហើយ ញាតិញោម​ភូមិវើដប្រេស ។

ខាងក្រោមនេះជាធម្មទេសនាជាភាសាខ្មែរ(សុរិន្រ្ទ)

វត្តអាំផាវ៉ាន់

ទាំងគេទាំងខ្ញុំជឿខ្លះមិនជឿខ្លះលើជំនឿក្រៅខ្លួន លើវាសនា ព្រហ្មលិខិត ។ ខ្មែរយើងតែងមានពាក្យ ទំនៀម មកថា​ អាគមផ្សំអាយុ, គ្រូទាយម្ដាយថា, គូព្រេងមិនព្រាត់, ខ្មោចស្រុកឲ្យដៃខ្មោចព្រៃចូលបាន, ខ្មោចដាក់អារក្សជាន់ ។ល។ និង ។ល។

ថ្ងៃដែលទៅបាងកក ខ្ញុំនិងគ្រួសារបានទៅលេងវិហារព្រះកែវ ហើយសុំទឹកមន្ដនិងសុំពរ ។ នាថ្ងៃបន្ទាប់ មក ទៀត​យើង​ក៏​នាំគ្នា​ចាកចេញពីបាងកក​ពីព្រលឹម​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់មក​សាខាម​វិញ​ ។ តាមផ្លូវ​ធ្វើ​ដំណើរ​នោះ​ លោកអ៊ំឆៈរើនឆៃ ក៏​មិន​ភ្លេច​នាំក្រុម​គ្រួសារយើង​ទៅសុំពរនៅវត្ដអាំផៈវ៉ាន់ ក្នុងខេត្ដសិង្ហបុរីដែលជាវត្ត​មានឈ្មោះ​ល្បី​មួយ​ ក្នុង​ចំណោម​វត្ត​ល្បី ៗ ជាច្រើន​ទៀត​ក្នុង​ប្រទេសថៃ ។

ចូលដល់ធ្លាវត្ដ មានលានចតឡានធំមួយ នៅទីនោះមានឡានរាប់សិបគ្រឿងប្រៀប​ដូចជាបេន​ឡាន​មួយ ទៅហើយ ។ ជាប់ចំណតឡាន មានតូបលក់ដូរឥេវ៉ាន់ជាច្រើន​ មើលទៅប្រៀបបាននឹងកូនផ្សារតូចមួយក្នុង វត្ដ ។ ទីនោះមានលក់ គ្រឿងសក្ការបូជា ចំណីអាហារ ម្ហូបក្រៀម… ។ ចូលដល់ខាងក្នុងមានកុដិមានទី សក្ការបូជា ដូចដែលវត្ដនានាមាន ។ ប៉ុន្ដែអ្វីដែលប្លែក គឺ ទីបួងសួង និង កន្លែងទទួលអាហារ ។ នៅទីបួង សួង គេមានដាក់ស្រោមសំបុត្រ និងប៊ិច សម្រាប់សរសេរពាក្យប្រាថ្នាដាក់ក្នុងស្រោមសំបុត្រ ពេលសរសេរ រួចយកទៅដាក់ក្នុងហិប ។ យើងអាចដាក់បច្ច័យទៅក្នុងស្រោមសំបុត្រតាមសទ្ធា ។ លុះក្រុមយើងបាន បួង សួងរួចហើយ យើងនាំគ្នាទៅរោងបាយ ។ នៅទីនោះមាន​ស្លាបព្រា សម ធុងបាយ ឆ្នាំងធំសម្លធំ ៗ ថាសបង្អែម ការ៉េម ទឹកក្រូច …តម្រៀបគ្នា មួយជួរ ។ អ្នកចូលទៅដល់ទីនោះ ចាប់កាន់ចាន ស្លាបព្រា សម ហើយដួសបាយសម្ល គឺធ្វើដូចអ្នកស្រុកយើងហៅថា ប៊ូហ្វេ ហ្នឹងឯង ។ អាហារទីនេះហូបតាមសប្បាយ គឺមិនមានចំណាយលុយទេ ខ្ញុំសូមហៅថា អាហារទាន សុំមិនហៅអាហារហ្វ្រី ទេ ។ នេះបើដាច់សង្វែង ខ្លាំង ចូលទៅទីនេះនឹងបានឆ្អែត ហើយសម្រាប់​អ្នកដែល​បានទៅដល់វត្ត​នោះ​គឺភាគច្រើនចូល ញ៉ាំអាំហារ នៅទីនោះ ។ អាហារទាននេះមានបាយ និងសម្លបួស (vegetarian) ប៉ុន្ដែបើមិនពិនិត្យទេ ស្មានថា ជាសាច់មិនខាន ។ នៅទីនោះ​ឃើញ​មានអ្នកភូមិ​ជាច្រើនអ្នក​ ដែល​បានមកចូល​រួមជួយ​ក្នុង​ការដាំស្លធ្វើ បង្អែម ការ៉េម និង លាងចានឆ្នាំង តែខ្ញុំមិនបានសួរ​ថាតើ​ការ​មកជួយ​នេះ​មានប្រាក់ខែ​ឬ មួយយ៉ាងណា ។ បើតាមការរៀបរាប់របស់អ្នកបើកឡាន (សូមទោស​ចាំឈ្មោះគាត់អត់បាន)បានឲ្យដឹង​ថា មានមនុស្សមក ទីនេះ​ច្រើនជាប្រចាំបែប​នេះរៀងរាល់ថ្ងៃ និង ច្រើនជាងនេះសម្រាប់ថ្ងៃសីល ។ ប្រហែលជាម៉ោង ១២ មាន​ក្រុម​បួសចូលមកទទួលទានអាហារដែរ(ជាអ្នកដែល​មកភាវនាធម៌)តាមដឹងអ្នកទាំងនេះមកបួស ដើម្បី  លាបំណន់ តាំងចិត្ដឲ្យស្ងប់ និង ផ្សព្វផ្សាយមេត្ដាធម៌ ។

ឆ្អែតរួចរាល់ហើយ យើងក៏ត្រឡប់មកចំណតឡាន ហើយធ្វើដំណើរបន្ដ មកខេត្ដសារខាមវិញ ។ តាមផ្លូវ យើងត្រូវឆ្លងកាត់ខេត្ដបីទៀត គឺ ខេត្ដលពបុរី ខេត្ដជ័យភូមិ និងខេត្ដខនកេន ។ ចាំមានពេល ខ្ញុំនឹងនិយាយ អំពីទិដ្ឋភាពនានាដែលបានជួបក្នុងខេត្ដទាំងនោះទៀត ។

រឿងនេះចង់ប្រាប់ថា ដោយជំនឿនេះហើយទើបមានការបន់ស្រន់ មានអាហារទានបែបនេះ ។ ល្បី​ថា​ព្រះ​ភិក្ខុ​ព្រះនាម ចរ័ញ្ញ ឋិតធម្មោមានបារមីអាចដឹងពីអតីកាលអនាគត ជោគជតាអ្នកចូលទៅពឹងពរ ។ ហេតុនេះមានអ្នកខ្លះពេលទៅពឹងលោក ។ លោកក៏ប្រមើលទៅបើឃើញថា អ្នកនោះនៅមានកម្ម ឬ អាច​គ្រោះថ្នាក់នឹងអាចកើតមាន លោកណែនាំដើម្បីបញ្ចៀស ដូចជាតាំងសមាធិ បួសប្រព្រឹត្ដិល្អ… ។ ​អ្នក​ដែលទទួលជោគជ័យតាមបំណង បាននាំគ្នាសងគុណ លាបំណន់ … ប្រហែលនេះ ហើយ​ដែល​ជា​ប្រភពចំណូលសម្រាប់អាហារទាននេះ​ ។

P5110319aP5110317

P5110322aP5110321a