Archive for April, 2012

Library Summer Camp 2012

Library Summer Camp គឺជាកម្មវិធីមួយដែលលើកទឹកចិត្តឲ្យកុមារស្ថិត​ក្នុងថ្នាក់បឋមសិក្សា ចូលចិត្ត​ចាប់អារម្មណ៍ និង ស្រឡាញ់​ការអានកាន់​តែខ្លាំងឡើង ៗ ។ ដោយ​កម្មវិធីនេះជម្រុញឲ្យពួកគេ​ប្រើប្រាស់​ពេលវេលា​ឲ្យមានប្រយោជន៍ជៀសវាងយកពេលវេលា​ទៅ​ដើរលេងជាមួយ​មិត្តភក្តិ ឬ ទៅ លេងហ្គេម។​Library Summer Camp បានរៀបចំឡើង​ ក្នុង​រយៈពេល ៣ថ្ងៃគឺចាប់តាំងពីថ្ងៃទី២៥-២៧ មេសា ឆ្នាំ ២០១២ ស្ថិតនៅ​ក្នុង បណ្ណាល័យ(អាគារ A)​របស់​សាកល​វិទ្យា​ល័យ​​មហា​សារ​ខាម ។

នៅរយៈពេលបីថ្ងៃនេះគេមានបញ្ចូល​នូវ​ កម្មវិធី​ជា​ច្រើន​ដូចជា ការនិទាន​រឿងដោយមានតួអង្គ​មកសម្តែង ការអានសៀវភៅ​ និង ការនិពន្ធរឿង​ខ្លី​ ៗរបស់ក្មេង ៗ ដែលចូលរួម​ដោយបង្ហាញពីអារម្មណ៍ស្រមើ ស្រម័យ​របស់ពួកគេផ្ទាល់ ។ បង្រៀនពីការសរសេរកំណត់​ហេតុ​ប្រចាំ​​ថ្ងៃ វិធីសាស្រ្តផាត់ព័ណ៌ ការស្វែង រក​សៀវភៅតាមរយៈអ៊ីនធើណែត និង​ វិធីស្វែងរក​សៀវភៅ​នៅក្នុង​បណ្ណាល័យ​តាមរយៈ​កុំព្យូទ័រ … ។

កូន ៗ គេសប្បាយ​ចិត្ត​ណាស់ ព្រោះម្សិលមិញគេទទួលបានរង្វាន់ពីអ្នកគ្រូ កូននេត្របានសៀវភៅ ចំណែក​​នីតា​​បានប៊ិច ថ្ងៃនេះ​ជាថ្ងៃចុងក្រោយ​ គេប្រាប់ថា នឹងយកឈ្នះ​មិត្រភក្តិថៃរបស់គេក្នុងការសរសេរ​រឿង​និទានឲ្យបាន ! ពេលបានឮកូននិយាយដូច្នោះ អារម្មណ៍យើងជាឪពុកម្តាយរំភើបណាស់ ហើយ​ពិត​ជា​សប្បាយចិត្តណាស់​ដែលកូន ៗ មានការតាំងចិត្តបែបនេះ ។

សូមបញ្ជាក់ផងដែរ​ថានេះជាលើកទី ២របស់កម្មវិធី Library Summer Camp

Library Summer Camp 2011

library Summer Camp 2012

 20120427154742_2alibrarysummercamp1aP4250012aP4250028aP4270066a

ប៉ម ឬ ប៉ោម

ខ្ញុំធ្លាប់តែហៅផ្លែឈើម្យ៉ាងដែលត្រូវនឹងពាក្យភាសាអង់គ្លេសថា​ apple ឬបារាំងថា​ pomme ថា “ប៉ោម” ។ ទើបមកប្លែកត្រចៀកដោយមានអ្នកខ្លះហៅផ្លែឈើខាងលើថា ប៉ម ។

កាលពីនៅក្មេង ៗ មិនធ្លាប់បានញ៉ាំផ្លែប៉ោមទេ ផ្លែឈើដែលពេញនិយមសម្រាប់​ពួកក្មេង ៗ ជំនាន់ខ្ញុំគឺជាផ្លែឈើ​ប្រចាំភូមិស្រុករបស់យើង មានដូចជា ផ្លែក្រខុប ក្ងោក អំពិលទឹក កន្ធំថេត អំពិលខ្ចី ទុំ អូញម៉ូញជាដើម ។ កាលពីថ្ងៃចូលឆ្នាំរៀបរណ្តាប់ទទួលទេវតាមានផ្លែឈើជាច្រើនមុខដើម្បីទទួលទេវតា​ឆ្នាំថ្មី ។ ក្រោយពីទទួលទេវតាចប់សព្វ គ្រប់ហើយ ក៏យក​ផ្លែឈើ​ទាំងនោះ​មក​ចិត​ញ៉ាំ​ក្នុង​នោះ​មាន​ផ្លែប៉ោមផងដែរ ។ ចិត​ដាក់ចាន​រួចរាល់ហើយក៏បបួលក្មួយៗ ឲ្យមកញ៉ាំជាមួយគ្នា ។ ស្រាប់​តែ​ពេលនោះគេ​ឆ្លើយ​បែប​ស្រុះ​គ្នាមកថា “មីង អាមួយ​ហ្នឹងគេហៅថា​ផ្លែ​ប៉ម មិនមែនប៉ោមទេ សង្ស័យ​តែមីង​ភ្លេច​ខ្មែរ​អស់​ហើយ​មើលទៅ ?” ក្មួយ​ខ្ញុំ​និយាយបណ្តើរសើច​បណ្តើរ​តាម​និស្ស័យ​របស់​ក្មេង ៗ ។ មិនបង្អង់យូរ ស្ទុះភ្លែតទៅបើកគម្ពីរមើល ហ្អាស់! ហ្អា ក្មួយៗ ចាញ់មីងហើយ លើក​គម្ពីរ​មក​ហើយ​អាន​ឲ្យពួកគេសា្តប់ ពេលនេះ​ដល់ វេន មីងសើចម្តងវិញហើយ ។

ខ្ញុំបានព្យាយាមសួរក្មេង ៗ និង ចាស់ៗ ជាច្រើននាក់ទៀត ប៉ុន្តែចម្លើយរបស់ពួកគាត់គឺ “ប៉ម” ​ចុះបងប្អូនអ្នកភូមិយើងវិញហៅ “ប៉ម ឬ ប៉ោម” តាមទម្លាប់ភាសានិយាយណា៎?

clip_image002clip_image004imageimage

ជីវិតកម្មករឆ្លងដែន

បន្ទាប់ពីថ្ងៃចូលឆ្នាំបានបញ្ចប់ទៅម្នាក់ ៗហាក់ដូចជាធូរហោប៉ៅ មិនសូវ ហ៊ាន ចាយ វាយ សេរី ដូច ជាថ្ងៃ ចូល ឆ្នាំ នោះ ទេ ។ ដោយគិតថាចូលឆ្នាំហើយភ្លាម ៗ ពិតជាមនុស្សច្រើនណាស់ ព្រោះម្នាក់ ៗ សម្រុក ចេញ ពីទីក្រុងទៅកាន់ខេត្តនានាដែលជាគោលដៅកន្លែងការងាររបស់ខ្លួន ចំណែក ឯ កម្មករ កម្មការី វិញក៏ត្រូវនាំគ្នាត្រឡប់មកទីក្រុងវិញដែរ ដូច្នេះទាំងទៅទាំងមកគឺមនុស្សពេញដូចគ្នា ។ ការធ្វើដំណើរ ទៅមក ណែន តាន់ តាប់ បែបនេះ មិនមែនមានតែនៅក្នុងទីក្រុងភ្នំពេញ ឬ តាមបណ្តាខេត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ច្រកទ្វារអន្តរជាតិប៉យប៉ែតវិញ កម្មករកម្មការីចំណាកស្រុកជាច្រើនពាន់នាក់កំពុងតម្រៀបជួរគ្នាដើម្បីចូលទៅធ្វើ ការនៅប្រទេសថៃ ។

ការចេញចូលរបស់ពួកគាត់ត្រូវបានទទួលស្គាល់ពីក្រសួងកាងារ និង មន្រ្តីអន្តោប្រវេសន្ត៍ ពោលគឺពួក គាត់ទៅមកដោយស្របច្បាប់ ។ តែអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅពេលនេះគឺមន្រ្តីអន្តោប្រវេសន្ត៍នៅច្រកប៉យប៉ែតគាត់សប្បាយនឹងកើបលុយពីកម្មករទាំងអស់នោះណាស់ ហើយវិធីរបស់គាត់ស្របច្បាប់ទៀតផង ។ គាត់មានវិធីកៀបស៊ីលុយអ្នកក្រីក្រ អ្នកដែលមានចំណេះដឹងតិចតួចដោយធម៌ត្រជាក់ដោយមុននឹងចាកចេញពីប្រទេសយើងគេតម្រូវឲ្យសរសេរលិខិតចេញពីប្រទេសមួយសន្លឹកជាភាសាអង់គ្លេសដើម្បីភ្ជាប់ជាមួយប៉ាស្ព័រ គេយកថ្លៃសរសេរឲ្យ៤០បាត្រ និង ១០០ បាត្រទៀតសម្រាប់ថ្លៃវាយត្រាលើប៉ាស្ព័រនិងបានចេញទៅភ្លាមៗដោយមិនបាច់តម្រង់ជួរជាមួយគេឯង ។ សូមបញ្ជាក់ថាតម្លៃ១៤០បាត្រឬ៥ដុល្លា បើគ្មានលុយបាត្រ ឬ ដុល្លាទេនោះ គេយកលុយខ្មែរក្នុងម្នាក់ ២០០០០រៀលនេះជាសេវាកម្មដែលមិនមានការបង្ខិតបង្ខំ តែបើគិតយូរៗ ទៅវាប្រៀបបីដូចជា អារកខ្ចងហុតឈាមដូច្នោះដែរ។

ក្រុមគ្រួសារយើងបោះត្រាលើលិខិតឆ្លងដែនខាងស្រុកយើងរួចរាល់ហើយក៏នាំគ្នាដើរឆ្លងចូលទឹកដីថៃ ពេលនោះក្មេងដែលអូសឥវ៉ាន់ឲ្យយើងបានប្រាប់ថា ថ្ងៃនេះមនុស្សច្រើនណាស់តាំងពីព្រឹកដល់ពេលនេះ(ម៉ោងប្រហែល ៥ល្ងាច)ហើយមនុស្សនៅកកកុញខាងមុខការិយាល័យត្រួតពិនិត្យលិខិតឆ្លងដែនរបស់ថៃ ។ យើងឃើញថាកម្មករដែលឆ្លងផុតពីដំណាក់កាល១៤០បាត្រអម្បាញ់មិញនេះ កំពុងជួលគេឲ្យសរសេរលិខិតមួយទៀតដើម្បីចូលក្នុងទឹកដីថៃ ជាភាសាអង់គ្លេសដូចគ្នា និង ខាងខ្មែរយើងដែរ តម្លៃ ៤០បាត្រ ។ អ្នកដែលកំពុងអង្គុយសរសេរនោះជាជនជាតិខ្មែរគ្នាឯងដដែល ។ មិនទាន់បានចូលទឹកដីថៃផងអស់១៨០បាត្រទៅហើយ ។ ពេលនោះក្មេងអូសរទេះនោះលួចខ្សិបទៀតថា មនុស្សច្រើនអញ្ចឹង បើចង់ឆាប់បានចេញទាល់តែឲ្យគេ ៣០០បាត្រទើបបានចេញ ។ ខ្ញុំនិងស្វាមីខ្ញុំមើលមុខគ្នាបែបឆ្ងល់ ព្រោះមិនដែលជួបបែបហ្នឹង(តាមពិតវាគ្រាន់តែជាពាក្យដែលគេនិយាយបង្អើលកម្មករខ្មែរយើងប៉ុណ្ណោះ ព្រោះម្នាក់ ៗ ប្រញាប់ខ្លាចខកឡាន និង ខ្លាចហួសថ្ងៃចូលធ្វើការ) ពោលគឺកម្មករខ្មែរយើងភាគច្រើនជាមនុស្សឆាប់ជឿគេណាស់ នេះមកពីចំណេះដឹងរបស់ពួកគាត់នៅមានកម្រិតទាបនៅឡើយ ។

មកដល់ខាងក្នុងកន្លែងពិនិត្យលិខិតឆ្លងដែនខាងថៃ មន្រ្តីអន្តោប្រវេសន្ត៍ខាងថៃគាត់និយាយថា ថ្ងៃនេះមនុស្សច្រើនតាំងពីព្រលឹមរហូតមកដល់ពេលនេះនៅតែច្រើនទៀត គាត់រអ៊ូដោយបង្ហាញទឹកមុខហត់នឿយដែលខុសប្លែកពីខាងខ្មែរយើង ធ្វើការដោយភាពញញឹមប្រិមប្រិយ ដោយមិនខ្លាចនឿយហត់ (សាកគិតលេងសិន ម្នាក់ ១៤០បាត្រ ឬ ៥ ដុល្លា ចុះបើមនុស្សចូលទៅទឹកដីថៃ ថ្ងៃនេះ ៨០០០-១០០០០នាក់ តើគាត់បានប៉ុន្មានហើយ ឱ! ពុទ្ធោមួយថ្ងៃសោះគាត់អាចរកលុយបាន ៤០០០០-៥០០០០ដុល្លា ពិតជាលុយបានមកដោយធម៌មែន!) ។ ដោយចាំសម្តីក្មេងអូសឥវ៉ាន់ប្រាប់ខ្ញុំក៏ព្យាយាមតាមដានសកម្មភាពនានារបស់មន្រ្តីអន្តោប្រវេសន្ត៍ខាងថៃ តែមិនឃើញមានអ្វីខុសប្លែកសោះ គឺតម្រង់ជួរនិងឆែកប៉ាស្ព័រតាមធម្មតា មិនដូចជាពាក្យដែលក្មេងនោះនិយាយសោះ។ ចេញផុតពីព្រំដែនយើងក៏ឡានជិះមកកាន់គោលដៅរបស់យើង ដោយមានខ្មែរជាច្រើននាក់ជិះលើនោះ អ្នកបើកឡានក៏បើកចូលប៉ុស្តិ៍ប៉ូលីសម្តងទៀត ដើម្បីឆែកឆេរលិខិតឆ្លងដែនជាលើកទី២ ។ នៅលើឡានមានខ្មែរបីនាក់ មិនដឹងថាគាត់មានបញ្ហាអីនោះទេ ប៉ូលីសក៏បានហៅគាត់ចុះហើយនាំចូលបន្ទប់ មួយសន្ទុះក្រោយមកក៏ចេញមកវិញ ។

សរុបមកខាងគេរបៀបស៊ីលើស៊ីក្រោមមានដូចគ្នាតែមិនមែនលាតត្រដាង ឬ ស្រែកកោកៗដូចខាងយើងនោះទេ គេមានរបៀបស៊ីថ្លៃថ្នូរជាងខាងយើង ។

រឿងប្រហែលៗ

  1. អាជ្ញាធរថៃតម្រូវ…

ក្រតែចាយច្រើន ?

ប្រទេសអ្នកមានគេចេះចាយ ប្រទេសអ្នកក្រដឹងតែពីចាយ ។ ត្រង់នេះខ្ញុំចង់និយាយដល់ រឿងដែលស្រុក យើងនិងស្រុកគេមានវិធីផ្សេងគ្នាក្នុងការកាត់បន្ថយការចំណាយរបស់រាស្ដ្រ ។ និយាយឲ្យរួមតូច មកទៀត គឺការចាយវាយលើការធ្វើដំណើរ ។ នៅរាល់បុណ្យទាន ស្រុកគេគេមានវិធានការបង្កើនជើងរត់របស់ឡាន ប៉ុន្ដែតម្លៃសេវាមិនបានឡើងទេ ។ ដោយឡែកនៅស្រុកយើងមិនខុសគ្នាទេរឿងជើងរត់របស់ឡាន តែតម្លៃ បានកើនឡើងទ្វេដង ហើយគេគិត ពី ចំនួនកៅអី ពោលគឺកៅអីមួយតម្លៃប៉ុន្មាន ប៉ុន្តែសម្រាប់ស្រុកគេវិញ គេគិតពីអាយុ បើសិន ជា ក្មេងតម្លៃផ្សេងពីមនុស្សចាស់ តែអង្គុយកៅអីមួយដូចគ្នា ។ នៅថ្ងៃធម្មតា តម្លៃសំបុត្រឡានពីភ្នំពេញទៅប៉ោយប៉ែតស្ថិតក្នុងរង្វង់ ៣០០០០ រៀល ។ ពេលបុណ្យទាន គេតម្លើង យ៉ាង គំហុកដល់ទៅ ៦០០០០រៀល ។ រាស្ដ្រគេនិងរាស្រ្ដយើងក្រដូចគ្នា ប៉ុន្ដែភាពក្រីក្ររបស់ គេបានទទួល ការ គាំពារពីអ្នកដឹកនាំច្រើនជាងស្រុកយើង ។ ពេលបុណ្យទានម្ដងៗ រាស្ដ្រយើងសប្បាយចាយលុយ អ្នកឆ្លៀត ឱកាសសប្បាយនឹងតម្លើងថ្លៃទំនិញ ។ តែបន្ទាប់ពីរដូវបុណ្យ ទានបានបញ្ចប់អ្នកសប្បាយចាយ ត្រូវធ្វើ ការ ដើម្បីរស់តទៅទៀត ដោយឡែកអ្នកសប្បាយរាប់លុយ គេចេះតែមានទៅ ៗ ។

សូមភ្ជាប់សាច់រឿងទៅនឹងទិដ្ឋភាពជាក់ស្ដែងដែលខ្ញុំបានជួបក្រោយចូលឆ្នាំខ្មែរ ។ មុននឹងត្រឡប់មក ធ្វើការវិញ  យើងបានស្វះស្វែងរកទិញសំបុត្រឡានទុកឲ្យហើយ ព្រោះជាធម្មតា ការទិញសំបុត្រ ទុកឲ្យ ហើយយើងមានឱកាសបានកន្លែងអង្គុយស្រួល ព្រោះការធ្វើដំណើររបស់យើងមានក្មេងៗ ។ ខ្ញុំចូលចិត្ដប្រើ សេវាដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរ ព្រោះជិតផ្ទះ ។ ដឹងអីថ្ងៃទៅទិញសំបុត្រ គេមិនលក់ឲ្យទេ ខ្ញុំក៏បានសាកសួរគេពីម៉ោងចេញដំណើររបស់រថយន្តក្រុងទៅកាន់ប៉យប៉ែត តែបុគ្គលិករបស់ក្រុមហ៊ុននោះបែរជាឲ្យនាមប័ណ្ណជំនួសវិញហើយប្រាប់ថាចាំតេមកកក់ក៏បានដែរ ។ ឆ្ងល់ថាមនុស្សមកដល់ហើយ ចាំ បាច់អីត្រូវតេកក់សំបុត្រវិញ ។ ព្រឹកទៅម្ដង ល្ងាចទៅម្ដង ទៅទាំងពីរលើកទិញមិនបានទាំងពីរលើក ។ តម្លៃសំបុត្រមួយ គឺ ៥០០០០ រៀល អាចថាថោកជាថ្ងៃមុន ៥០០០ រៀល ។ អ្នកលក់វាយឫក មិនសូវ រួសរាយ ព្រោះលក់សំបុត្រហត់ពេកក៏មិនដឹង ។ ឬមួយក៏ក្រុមហ៊ុនសំចៃប្រាក់ក្នុងការជួលបុគ្គលិកក៏មិនដឹង មិនឲ្យគ្នាឈប់ថ្ងៃចូលឆ្នាំបានជាគាត់មួម៉ៅសួរអ្វីក៏មិនបានបែបនោះ ។

មួយយប់ពេញដេកគិត បើកន្លែង កន្លុកកន្លៀត កូនៗពិតជាពិបាកហើយ ។ ស្អែកឡើង ប្អូនបើកឡានជូនមកចំណតឡាន យើងដូចជារារែក និងសូមបែកចិត្ដពីពន្លឺអង្គរហើយថ្ងៃនេះ ។ យើងក៏ហួសទៅក្រុមហ៊ុនកាពីតូល ។ អ្នកដំណើរត្រៀប ត្រា ដូចនៅបេនពន្លឺអង្គរដែរ ។ យើងចូលទៅសាកសួរព័ត៌មាននិងទិញសំបុត្រ ។ នៅទីនេះសំបុត្រថ្លៃ ៤០០០០ រៀល គឺថោកជាងពន្លឺអង្គរ ១០០០០ រៀល ។ ចឹងយើងសន្សំបាន ៤០០០០ រៀលមួយពព្រិចភ្នែក ។ រៀប ចំឥវ៉ាន់រួចរាល់ យើងបានឡើងទៅរកកន្លែងអង្គុយដែលបានកំណត់ ។ ជាលើកទីមួយហើយដែលយើង ជិះកន្ទុយឡាន គឺកៅអីចុងប៉ូច ។ មានអីស្រួលដែរព្រោះកៅអីក្រោយវែងហើយកាត់បន្ថយការរំខាន ពីអ្នកផងដើរកាត់ ។

  ឱ! ខ្មែរអើយខ្មែរនៅក្បែរខាងយើងគេទៅមុខអស់ហើយម៉េចយើងមិនធ្វើខ្លួនឲ្យដូចគេខ្លះទៅ ខុសគេតែឯងបែបនេះវាពិបាកណាស់ អាណិតអ្នកក្រផង !

នៅមានរឿងជាច្រើនទៀតដែលចង់និយាយនៅទីនេះ តែសូមស្លេះត្រឹមនេះសិនចាំមានពេលខ្ញុំនឹងលើក យកមកបើកកកាយជម្រាបជូនតទៅទៀត ។

សួស្តីឆ្នាំថ្មី ២០១២

នាឱកាសបុណ្យចូលឆ្នាំថ្មី​នេះ សូមទេវតាឆ្នាំថ្មីជួយថែរក្សាបងប្អូនខ្មែរឲ្យជួបប្រទះ​តែសេចក្តីសុខ សេចក្តីចម្រើន​រកស៊ីមានបាន សុខទាំងកាយសប្បាយទាំងចិត្ត ធ្វើដំណើរទៅណាមកណា​មាន​សុវត្ថិ​ភាព​ជានិច្ច ។

ថ្ងៃនេះ​ដើររកផ្ទះមេភូមិវើដប្រេស​មិនឃើញសោះ មិនដឹង​ជាគាត់លើកផ្ទះ​យកទៅទុក​នៅឯណា​ទេ មាន​បង​ប្អូន​ណាស្គាល់ទេជួយប្រាប់ផង ! តែបើមិនស្គាល់ក៏មិនអីដែរ ជួយប្រាប់តគ្នាក៏បានដែរ កុំឲ្យគាត់ថា​ បាត់​សមាជិកក្នុង​ភូមិ មិនដឹងទៅណា​មកណា​មិនឲ្យដំណឹងសោះអញ្ចឹងនោះ !

សម្រាប់​ផ្ទះខ្ញុំ​ខែនេះ​ប្រហែលជាត្រូវ​បិទទ្វារមួយរយៈមួយរយៈហើយ បើមានបងប្អូន​ណា​ឆ្លងកាត់​ទីនេះ​​សូមចូលមកជួយ​បោសកណ្តៀរឲ្យផង ក្រែងលោវាស៊ី​ផ្ទះ​មួយនេះ​ពុកផុយអស់ ចំណែកទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ប្រមូលយកទៅខ្លះ​ទុកខ្លះ (យកទៅទាំងអស់អត់បាន បើយកទៅបានយកទាំងអស់​មិនទុកទេ សូម្បី​តែកន្លាត​ក៏មិនចង់ទុកដែរ ព្រោះគ្នានៅជាមួយយើង​ប្រៀបដូចជាបងប្អូនទៅហើយ) ។

ចំណែកនៅខាងក្រៅផ្ទះ​គ្មានដើមឈើដើមផ្កាអីដូចផ្ទះកល្យាណនោះទេ ព្រោះនៅតែក្នុងបន្ទប់មួយ​ប៉ុណ្ណោះ​ (កន្លែងស៊ី ដេកជាមួយគ្នា) តែខាងមុខផ្ទះ​មានអំពូលពីរដែរ បើបងប្អូនណាត្រូវការ​យកទៅប្រើ​ចុះកុំខ្លាចចិត្តអី ។

ជាចុងក្រោយនេះ​សូមជម្រាបលាអ្នកភូមិ​យើង​មួយរយៈសិន ។ សូមឲ្យអ្នកភូមិ​យើង​ជួបតែសំណាងល្អ និង សេចក្តីសុខនាឱកាសឆ្នាំថ្មីនេះ  ! bye bye ….