Archive for January, 2013

រំឭកវីរៈបុរសជាតិដោយក្រដាសប្រាក់

ឃើញនៅលើក្រដាសប្រាក់ថ្មីប្រភេទ ១០០០ រៀល មានព្រះឆាយាល័ក្ខណព្រះបរមរតនកោដ្ឋ ដែល​ជា​អតីត​ព្រះមហាក្សត្រខ្មែរ ។​ គិតទៅក្រដាសប្រាក់ប្រភេទនេះចេញពីរបីជំនាន់ហើយ មិនមានភ្ជាប់​ព្រះឆាយា​ល័ក្ខណ៍ក្សត្រខ្មែរអង្គណា ឬ វរៈខ្មែរណាមួយទេ ។ យើងមានក្រដាសប្រាក់​ស្ទើរ​គ្រប់​ប្រភេទ​ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ។ នៅសល់ក្រដាស ១០០ ៥០០ និង ២០០០ ប៉ុណ្ណោះ​ដែលមិនទាន់មាន ។

New Khmer bank 1000

រឿងពាក់ព័ន្ធ៖

  1. ចេញ​​ក្រដាស​ប្រាក់…
  2. សេរីភាពនៃការចាយ…
  3. ប្រកាសប្រាក់ ១០០០…

ជ្រុង​មួយនៃសង្គម

ភាសាខ្មែរ ឬ ភាសាកម្ពុជា ??????

ទំនេរពេកអត់អី​ធ្វើ ក៏អង្គុយ​បើក​យូធូបរកមើលនេះមើល​នោះតាម​និស្ស័យ​មនុស្សខ្ជិល ដោយ​គ្មាន​គោល​ដៅ​​ច្បាស់​លាស់​ណាមួយ​ក្នុង​ខ្លួនសោះ ។ បើកចុះ​បើក​ឡើង​ស្រាប់​តែចាប់​អារម្មណ៍​និងការលើក​ឡើងពីភាសាក្នុង​ភូមិភាគអាស៊ីអាគ្នេយ៍ ។ ដោយ​ក្នុង​នោះពិធីករ​គាត់​បាន​ទៅ​សម្ភាសន៍ផ្ទាល់ជាមួយ​ម្ចាស់​ភាសា​គ្រប់ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។​ ក្នុង​នោះ​មាន​ការសម្ភាសន៍ជាមួយ​ខ្មែរយើង​ដែរ នេះ​ហើយជាអ្វីដែលធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​និង​ចង់​យក​មក​បង្ហាញ​ជូន​បងប្អូន​យើងជួយ​ពិចារណាទាំងអស់គ្នា ។ ខ្ញុំ​សូមបញ្ជាក់​ថា​ខ្ញុំ​នេះមិនមែនជាអ្នកជំនាញ​អីទេ តែ​តាមរយៈ​​ការអាន​សៀវភៅខ្លះ​ៗ បានធ្វើ​ឱ្យ​ខ្ញុំ​ទទួល​​បាន​​ចំណេះ​ដឹង​មួយ​ផ្នែក​តូច​ទៅលើ​រឿងនេះដែរ ។

ឆ្ងល់ណាស់ថាតើ​ប្រទេស​ខ្មែរ​ទាំង​មូល​រក​អ្នក​អក្សរសាស្រ្ត ឬ អ្នកមាន​ជំនាញខាង​ភាសា​មកនិយាយ​មិនបាន​ឬយ៉ាងណា ? ​ខ្ញុំគិត​ថា​ការ​ដែល​រក​អ្នក​ដែល​មានជំនាញ​ពិត​ប្រាកដមក​សម្ភាសន៍វាជាការលើក​តម្កើងអក្សរសាស្ត្រយើង ក៏ដូចជាមុខមាត់​ប្រទេស​យើង​ផងដែរ ។ ការដែល​លើក​ឡើង​នេះ​មិនមែន​ន័យ​ថា សាស្រា្តចារ្យទាំង​បី នេះគាត់គ្មានជំនាញទេ ប៉ុន្តែ​វាប្រៀបដូចជាហៅពេទ្យ​សត្វ​មកចាំថ្នាំឱ្យ​មនុស្ស​ដូច្នេះដែរ ។ មនុស្ស​នឹង​អាចស្លាប់​ដោយ​សារតែពេទ្យ​មិនដឹង​ពី​អាការៈរបស់អ្នកជម្ងឺ ។ ហើយ​ម្យ៉ាងទៀត​ស្តាប់លោក​ទាំង​បីមាន​ប្រសាសន៍ទៅ ដូចជា​មាន​ការខុសច្រើនណាស់ ។

សូមស្តាប់​ប្រសាសន៍របស់លោកសាស្រ្តា​ចារ្យទាំងបី

‘>’>ភាសាខ្មែរ

ជីវិតកម្មករឆ្លង​ដែន

ការរង់ចាំ មិនមែន​ជារឿង​ស្រណុកសប្បាយទេសម្រាប់​មនុស្សចិត្ត​ក្តៅដូចជារូបខ្ញុំនេះ ។ ខ្ញុំ​ក្តាប់ទូរស័ព្ទ​យ៉ាងណែន នៅក្នុង​ដៃ ហើយ​ព្យាយាមផ្ទៀងស្តាប់​ដោយ​អារម្មណ៍អន្ទះ​អន្ទែង ។ ដោយ​ខ្លាចមិន ឮ សំឡេង​ទូរស័ព្ទ​រោទិ៍ ភ្នែកទាំងគូរបស់​ខ្ញុំ​ព្យាយាមសម្លឹងទូរស័ព្ទដោយ​មិនដាក់ភ្នែក ការដែលធ្វើបែប​នេះ ព្រោះបរិយាកាសនៅក្បែរខ្ញុំ​គឺជាផ្សារ​ដែលពោរពេញ​ទៅ​ដោយ​មនុស្ស​ដើរ​ចុះ ដើរឡើង ទៅមកគ្មាន​ដាច់​សោះ ។ សំឡេងទូរស័ព្ទ​បានរោទិ៍ឡើង មិនបង្អង់យូរ​ខ្ញុំក៏ចុចទទួលភា្លម សំឡេង​ស្រី​ម្នាក់​នៅ ចុង​ខ្សែ ម្ខាង​ទៀត​បាន​និយាយ​មកកាន់ខ្ញុំ ដោយ​យើង​ទាំងពីរ​មិនធ្លាប់ស្គាល់គ្នា ហើយ ក៏​មិន​បានសួរ​សូម្បី​តែ​ឈ្មោះរបស់គាត់​ផង​ដែរ ។

“អាឡូ បងនៅឯណាហ្នឹង” ​ ស្រ្តីនៅខ្សែម្ខាង​ទៀត​បានសួរ​មក​ខ្ញុំ​ភ្លាម​ៗ

“ខ្ញុំនៅ​ខាង​មុខបន្ទប់ទឹក ក្បែរ​ធនាគារ​កសិករ” ខ្ញុំឆ្លើយទៅកាន់គាត់ ។ ហើយ​យើង​ក៏ចាប់ផ្តើម​ឆ្លើយ​ឆ្លង​គ្នាជាបន្តទៀត

-បងឈរនៅកន្លែង​ហ្នឹង​ហើយណា កុំ​ដើរទៅណា​ឱ្យ​សោះ បន្តិចទៀត​នឹង​មាន​អ្នក​ទៅទទួល​បង​ហើយ​ ។

+ ធ្វើ​ម៉េចខ្ញុំស្គាល់គេទៅ ?

-បងឈរទីនោះ ហើយបន្តិចទៀត​នឹង​មានម៉ូតូឌុប​ទៅឈប់ក្បែរបង ហើយ​គេនឹង​ស៊ីញ៉ូ​ចូលទូរស័ព្ទ​ដៃ បង ។ បន្ទាប់មក​បង​ឡើង​ជិះម៉ូតូជាមួយ​ម្នាក់នោះទៅ ហើយកុំនិយាយអ្វី​ឱ្យសោះ​ណា ប្រយ័ត្ន​គេ ចាប់ បាន ។

+ហើយ​ចុះឱ្យ​ខ្ញុំ​ធ្វើម៉េចទៀត​ទៅ ?

-មិនបាច់ភ័យ​ទេ គេមិនយកបងឯង​ទៅលក់​ទេ ។

+សុំទោស ខ្ញុំគ្រាន់តែចង់ដឹង​ប៉ុណ្ណោះព្រោះខ្ញុំ​មិនធ្លាប់​មកតាមផ្លូវ​នេះ ។

​និយាយបានតែប៉ុណ្ណោះ ទូរស័ព្ទ ក៏ដាច់បាត់ទៅ ។ ឯខ្ញុំ​ក៏ធ្វើ​អ្វី មិនកើត​ដែរ បានត្រឹមតែរង់ចាំដោយ​អន្ទះសារ ហើយ​ដើរចុះដើរឡើងម្តុំ​ៗ បន្ទប់ទឹកនោះឯង ។ ខ្ញុំព្យាយាម​រំពៃ​រកមើល​អ្នក​ដែល​គេនឹង​មក​ឌុប​ខ្ញុំ ដោយមិនស្គាល់សូម្បី​តែអត្តសញ្ញាណ​របស់អ្នកនោះសូម្បីតែបន្តិច ។

ទូរស័ព្ទ​បាន​រោទិ៍ឡើងជាលើកទីពីរ

+ អាឡូ ខ្ញុំ​ឆ្លើយយ៉ាង​រហ័ស​ដោយ​មិន​ឱ្យ​គេនិយាយ​បានមុន​នោះទេ

-អាឡូបង (សំឡេង​ប្រុសម្នាក់​បាន​ឆ្លើយ​) ឥឡូវនេះ​បង​មិនអាច​ឈរ​នៅកន្លែង​នោះ​បានទៀត​ទេ បង​ត្រូវ​ប្តូរ​កន្លែង​ ហើយ​មកឈរ​ចាំខ្ញុំ​នៅ​ខាង​មុខ 7eleven វិញ ។

+ ហ្អាម៉េចអញ្ចឹង ?

-ព្រោះនៅកន្លែងដែលបងឈរនោះ​មាន​ប៉ូលីស​កំពុងតែតាមដាន ។

+ អញ្ចឹងមិនអីទេ ចាំបងទៅចាំនៅខាង​មុខ7eleven ក៏បាន​ដែរ ។ តែធ្វើ​ម៉េច​បង​អាច​ស្គាល់អូន​បានទៅ ?

-ខ្ញុំពាក់​អាវឆ្នូត ហើយ​ពាក់មួក បង​ចាំខ្ញុំ​នៅកន្លែង​នោះហើយ​ណា ?

+ច៎ាស

ខ្ញុំឈរ​រង់ចាំគេប្រហែលជា ៥ នាទី ទើបមានមនុស្ស​ប្រុសម្នាក់អាយុប្រហែលជា ២៣ឆ្នាំជិះម៉ូតូ មកឈប់​ក្បែរខ្ញុំ ដោយ​ប្រហាក់ប្រហែល​នឹង​ការរៀបរាប់​របស់គេក្នុងទូរស័ព្ទ ហើយ​មិនអស់ចិត្ត ខ្ញុំទាញ​ទូរស័ព្ទ​មក​ចុចទៅលេខ​របស់គេ ដើម្បី​កុំ​ឱ្យ​ឡើ​ងខុសម៉ូតូ ។ ក្រោយពីការសាកល្បង​ចប់ ខ្ញុំ​ក៏ឡើង​ជិះម៉ូតូ​ជាមួយ​មនុស្ស​ប្រុសម្នាក់នោះ ​​ដោយ​​មិនទាំង​បានឃើញ​មុខរបស់គាត់ទេ ព្រោះគាត់ពាក់​មួកបិទមុខជិត ខ្ញុំ​ចំណាំ​តែអាវគាត់ប៉ុណ្ណោះ ។

តាមពិត​ទៅកន្លែង​ដែលខ្ញុំឈរ​នោះ មកកាន់​កន្លែង​ដែលត្រូវឆ្លងចេញមកដែនដីម្ខាងទៀត ចម្ងាយ​មិន​ដល់​មួយគីឡូម៉ែត្រផង តែដើម្បីបំភាន់ភ្នែកប៉ូលីស គាត់បានជិះពង្វាងចុះឡើង ៗ មួយសន្ទុះធំ ។ យើង​បានមកដល់គោលដៅរបស់យើង គាត់ក៏ឈប់​ម៉ូតូ ហើយ​នាំផ្លូវ​ខ្ញុំទៅមុន ដោយ​ដើរ​កាត់​តូប​មួយ ដែល​គេចោះប្រឡោះល្មម​តែមួយខ្លួន​មនុស្សចូល​បាន ខ្ញុំ​ប្រជ្រៀត​ចូល​តាមប្រឡោះ​តូចនោះ ហើយដើរលើ កូនឈើបីដើម​ដែលគេ​ដាក់​សម្រាប់ឆ្លង​កូន​អូរ​តូចមួយ ។ អ្នកនាំផ្លូវ​ខ្ញុំគេដើរទៅមុន​បាត់​ហើយ នៅសល់​តែខ្ញុំ​ដើរទីមទាម​ៗលើ​កូនឈើទាំង​បីដើម​នោះ​ទម្រាំតែដើរផុត ។ ពេលដើរនោះ ព្រលឹង​ខ្ញុំ​ហាក់​ដូចជា មិន​នៅជាប់​នឹង​ខ្លួនទេ ខ្ញុំចេះ​តែគិត​ថា ចុះបើ​ប៉ូលីស​​មក​ចាប់​បាន តើ​ខ្ញុំ​នឹង​ក្លាយ​ទៅជាយ៉ាងណា ?

ដើរ​មកដល់មុខបន្តិច ស្រាប់​តែ​ខ្ញុំ​ឃើញ​មាន​ក្រុមមនុស្ស​មួយ​ហ្វូងធំ​ ដែល​កំពុង​តែ​ត្រៀមខ្លួន​ឡើង​មក កាន់ប្រទេសថៃវិញ ដោយ​ម្នាក់​ៗ មាន​ស្ពាយ​ថង់​ខោអាវ និង សម្ភារៈប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ ។ មេ ខ្យល់ (អ្នក​ដែលនាំកម្មករចេញទៅប្រទេស​មួយទៀតដើម្បីរកការងារធ្វើ) បាន​យក​ថង់ខ្មៅ​មួយ មក​ឱ្យ​កម្មក​រទាំង​នោះច្រក ឥវ៉ាន់ហើយ​ក៏មិន​ភ្លេចយកលុយ​ថ្លៃ​ថង់​នោះដែរ ដោយ​គេគិត​ថង់​មួយ​ប្រហែល​៣០០០ រៀល ។ អ្នក​ដែលច្រក​ឥវ៉ាន់ហើយ គេឱ្យ​តម្រង់ជួរ ដើម្បីដើរឡើង​ទៅ​លើ​ទឹក​ដីថៃដោយ​មាន​មេខ្យល់ម្នាក់​ជាអ្នក​នាំ ពោលគឺមេខ្យល់​ម្នាក់​អាច​នាំ​កម្មករចេញបាន​តែប្រាំនាក់ប៉ុណ្ណោះ ។ មេខ្យល់នឹង​នាំទៅ​ដាក់​​ឡាន ដែលគេបានរៀបចំទុក ។​ បើ​តាម​​ការស៊ើបសួរពីអ្នក​នាំផ្លូវ​ គាត់​បានឱ្យ​ដឹង​ថា ខាង​ម្ខាងទៀតគេមានអ្នក​ឈរ​ចាំរាប់​ចំនួនមនុស្សចេញ និង​ ចូល ហើយ​យក​លុយ​ទៅតាមចំនួន​នោះ ។ ដោយ​ខាង​គេមាន​ក្រុម​សម្រាប់​បើកផ្លូវ​ឱ្យ​កម្មករទាំងនោះឡើង​ឡាន នឹង​ទៅមក​ដោយ​សេរី​តែត្រូវ​បង់ថ្លៃ​ទៅតាម​ការកំណត់​របស់ទាំងសងខាង ។

​ ខ្ញុំ​ត្រូវ​ដើរឆ្លងកាត់មេខ្យល់ខ្មែរប្រហែលជាដប់នាក់ ក្នុង​នោះខ្ញុំឃើញមាន​ស្រីម្នាក់​កំពុង​ដេក​យោល អង្រឹង នៅទីនោះ ខ្ញុំ​ក៏ស្មាន​ភ្លាម​បា​នថា ស្រ្តីនោះហើយ​ដែលជាអ្នកទូរស័ព្ទរកខ្ញុំ ។ យើង​ក៏បន្ត ដំណើរ ទៅមុខទៀតជាមួយក្រុមមនុស្សមួយហ្វូង ដែលមានគោលដៅ​ចូលមកស្រុកយើង ។ នៅអមសងខាង​ផ្លូវ នោះ មាន​ព្រៃឬស្សីដែលដុះ​យ៉ាងក្រាស់ឃ្មឹក ព្រមទាំងអូរ​តូចមួយ​ដែល​ខាង​ក្រោមនោះផង​ដែរ ។ តែ ដោយ​សារតែ​ស្នាម​ដានជើង​មនុស្ស​ដែលឆ្លង​កាត់ មួយ​ថ្ងៃ ៗ រាប់ពាន់នាក់ បាន​ប្រែក្លាយ​ព្រៃឬស្សីទាំង​នោះទៅជាផ្លូវ និងដោយ​មានការកាប់ឆ្ការខ្លះ​ ៗ ផង​ដែរ ដើម្បី​ឱ្យ​កម្មករទាំង​នោះ​បានសម្រាក​ និង រង់ចាំ វេន​ដែល​មេខ្យល់​នឹង​មកទទួល ។

ឆ្លង​ផុតអូរគឺមក​ដល់​ទឹក​ដីយើង ។ នោះគឺជាកន្លែងដែលបន្លា​ដែលជាប់​នឹង​ទ្រូងខ្ញុំ​បាន​រដកចេញខ្សាក ៗ បន្តិច​ម្តង ទាំង​ទ្រូង​ញ័រចំប្រប់​ប្រៀប​ដូចជាកូនចាបដែលត្រូវ​ទឹកភ្លៀង ។ ស្នាម​ញញឹម​ក៏​ចាប់​ផ្តើម​ផ្តុំគ្នា​ពេញ​ដើមទួ្រងគិត​ថា នឹង​រួចទុក្ខ រួចទោសនៅ​ប៉ុន្មានជំហាន​ខាង​មុខជាមិនខាន ។

​ សំឡេងចេចចាច និង រត់​ស្រូចុះមក​វិញ​របស់​អ្នក​ដំណើ​រមួយ​ក្រុម​ដែល​នៅមុខខ្ញុំ បានធ្វើ​ឱ្យ​ក្តី​កង្វល់​របស់ខ្ញុំ​កើត​មានជាថ្មីម្តងទៀត ។​ មេខ្យល់ដែលនៅខាងក្រោម បានស្រែកសំឡុត​ទៅក្រុមអ្នកឆ្លងដែន​ទាំងនោះ ប្រៀបដូចជាសំដីមនុស្សពាល ។ គេឱ្យ​អ្នកឆ្លងដែនទាំងនោះរកកន្លែងលាក់ខ្លួន​ដោយ​ស្ងៀម​ស្ងាត់បំផុត ហាមឡូឡា បើអ្នកណាឡូឡានឹង​បញ្ជូនទៅឱ្យម្ខាងទៀត (…) ។

​ មានដំណឹង​ថាច្រកខាង​យើងត្រូវ​តែបិទមួយរយៈ ហើយ​មិន​ប្រាកដ​ថាពេល​ណា​នឹង​បើកនោះទេ ព្រោះ ពេល​នេះមេខ្យល់​ខាងយើងកំពុង​តែសម្រួល​ជាមួយ​អ្នកព័ត៌មាន ដែលតែងតែចូលមករកបាយស៊ីនៅម្ដុំ​នេះ ។ ខណៈនោះគេកំពុង​តែចរចារគ្នាមិនទាន់ត្រូវ ព្រោះអ្នកសុំបាយដាក់​តម្លៃខ្ពស់ពេក ​ជាហេតុ​ធ្វើឲ្យ​ក្រុមដែល​ត្រូវ​ឡើង​មកស្រុកយើងត្រូវនាំគ្នា​មកអង្គុយសំកុក​ នៅឯប​គុម្ពឬស្សី ។ យើងអង្គុយ​បណ្តើរទះ​មូសបណ្តើរ អ្នក​ខ្លះ​ទាញបារីមកបង្ហុយ​ទាំងទឹកមុខស្រងូតស្រងាត់ ។ យប់​កាន់​តែជ្រៅការចរចារ​នៅ​តែ​មិនទាន់ត្រូវគ្នាទៀត ខ្ញុំក៏លួចសួរទៅអ្នកនាំផ្លូវ​ម្នាក់​ដែលមើល​ទៅគាត់​ជាមនុស្ស​ចេះ​ដឹង​ច្រើ​នជាង​គេ ។ គាត់​ប្រាប់ថា បងមិនបាច់បារម្ភទេ បើ​ច្រក​នេះ​គេចរចារ​មិនត្រូវគ្នា​ចាំ​គាត់​នាំទៅកាន់​ច្រកផ្សេង​ទៀត (បើ​តាមសំដីរបស់គាត់​នៅមាន​ច្រក​ជាច្រើ​នទៀត​ដែលគេធ្វើរបៀប​នេះគ្រាន់តែខ្ញុំ​មិន​ដឹង​ថាប៉ុន្មាន​ប៉ុណ្ណោះ?​) ។ ចុះបើពួកអ្នកសុំបាយ ចុះមកដល់ទីនេះ តើពួកយើង​នឹងក្លាយទៅជាយ៉ាងណា ? តែគាត់ប្រាប់ថា ពួក​គេ​ចុះមកមិនបានទេ ព្រោះទីនេះជា​ដីគេមិនមែនជាទឹកដីយើងទេ ដូច្នេះពួកនោះពិតជាមិនហ៊ានមកទេ ។

ដោយ​យប់​កាន់ជ្រៅ ខ្ញុំ​ពិបាកនឹងទ្រាំនៅទីនោះណាស់ ទើប​ខ្ញុំសាកទាក់ទងអ្នកនាំផ្លូវ​ម្នាក់ទៀតដែល​ខ្ញុំ​បានទាក់ទងមុនគេបង្អស់ ឱ្យគាត់ជួយ​នាំខ្ញុំបានចេញមុនគេ ។​ គាត់ក៏ឡើង​ទៅជួប​ជាមួយមេធំនៅខាង​លើ ។ ការព្យាយាមបានសម្រេច ព្រោះ​គេបានចាត់ចែងឲ្យខ្ញុំបានឆ្លងមុនគេ ។ អ្នកខាងលើទូរស័ព្ទ​មក​​កាន់​អ្នក​ក្រោម ហើយ​ឱ្យគេនាំខ្ញុំទៅតែម្នាក់ឯង ព្រោះខ្ញុំគ្មាន​សម្ភារៈអ្វីច្រើន​ដូចអ្នកឯទៀត ខ្ញុំមានតែ​ស្បោងតូច​តូចមួយ​ដែលស្ពាយ​ជាប់នឹង​ខ្លួន​តែប៉ុណ្ណោះ អាចងាយស្រួលក្នុង​ការ​ចេញចូល ដោយ​មិន​ឱ្យ​អ្នកដទៃ​ចាប់អារម្មណ៍​បាន ។ ខ្ញុំក៏បាន​ចេញមកដល់​ទឹក​ដីយើង​ដោយ​សុវត្ថិភាព និង មិនមាននរណា​ចាប់អារម្មណ៍នឹង​ខ្ញុំឡើយ ។ តែនៅមានឆ្លងដែនមួយក្រុមទៀតមិនដឹង​ថាពួកគាត់ និង បានចេញមក ឬ យ៉ាងណានោះទេ ?

ស្ដាប់សំដីរៀបរាប់ខាងលើហើយធ្វើឲ្យអ្នកស្ដាប់ (ម្ចាស់ផ្ទះនេះ) ភ័យអរជំនួសអ្នកឆ្លងដែនយើង ។ ចេះ​តែគិត​ថាបើស្រុកយើង​ស្រួលបួល​ ងាយស្រួលរកស៊ីចិញ្ចឹមជិវិត ម្ល៉េះសម​បងប្អូន​ខ្មែរយើង មិនបាច់​រត់ចោល​ស្រុកទេស ​ប្រថុយ​នឹងគ្រោះថ្នាក់​មកស្រុកគេអញ្ចឹង​នោះទេ ។

អត្ថបទទាក់ទង ជីវិតកម្មករឆ្លងដែន

បើមិនជឿកុំប្រមាថ

ខ្ញុំជាអ្នក​ភ្នំពេញ តែដោយ​សារកាតព្វកិច្ចខ្ញុំ​ត្រូវ​គេបញ្ជូន​ឱ្យ​មកធ្វើការ​នៅភាគឥសាន​នៃប្រទេស ដោយ​សារអាកាសធាតុ​នៅស្រុក​នេះ ត្រជាក់​ខ្លាំង និង ចាញ់​ទឹក​ចាញ់​ដី​នៅទីនេះ​ផង​នោះ បាន​បណ្តាល​ឱ្យ​ខ្ញុំ មាន​ជម្ងឺគ្រុនចាញ់ ។ ជម្ងឺគ្រុនចាញ់​នេះ​បាន​ក្លាយជាមិត្ត​ដ៏ជិតស្និទ្ធបំផុតម្នាក់​របស់​ខ្ញុំ ។ វាតែងតែមក​លេង​ជាមួយ​​ខ្ញុំជាប្រចាំនេះ​អាចមកពីខ្ញុំ​មានសុខភាព មិនសូវ​មាំទាំ​ផង​ក៏មិន​ដឹង ។

​ខ្ញុំជាមនុស្ស​ដែល​មិនសូវជឿនូវ​អបិយជំនឿ តែក៏មានពេល​ខ្លះ​ដែលខ្ញុំជឿ​ស្ទើ​រតែងើប​មុខ​មិនរួច​ដោយ​សារ​តែហេតុ​ការណ៍ទាំង​នោះ​វាច្បាស់នឹងភ្នែកពេក ។ កាលពីឆ្នាំមុន​ឪពុកក្មេក​របស់ខ្ញុំ​គាត់​បាន​រុះរើ ផ្ទះ ចាស់​របស់​គាត់ចោល ហើយ​សង់ផ្ទះថ្មី ។ នៅពេល​កំពុងសាងសង់​នោះ ជាង​បានធ្វើ​ឱ្យ​​ដែកស្វាន​បាក់​ក្នុង​សរសរ ​ខណៈពេល​ដែល​ឃួង​សរសរនោះ ។ ចាប់​តាំងពីថ្ងៃ​នោះមក​ខ្ញុំ​សង្កេត​ឃើញ​ថា ស្ថានភាព​កូន​ចៅ​របស់​គាត់​មាន​បញ្ហាទាំងអស់ ។ ទាំង​នៅកន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ទាំង​កូន​ចៅ​បង្កើត​របស់គាត់ ។ ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ​ស្ទើរ​តែក្លាយ​ជាមនុស្ស​ឆ្កួត ឱ្យ​តែពេលយប់ឡើង គាត់តែងតែកាន់​ពូថៅ​មួយដេញកាប់​គេ​កាប់​ឯងពេញភូមិ ។ ដោយ​មិនអស់ចិត្ត​ម្តាយ​ក្មេក​របស់​ខ្ញុំ​គាត់​ក៏បានទៅ​រក​គ្រូទាយមើល គេប្រាប់​ថា គាត់ធ្វើ​ឱ្យគេខឹង ដូច្នេះគាត់ឱ្យ​គេរៀប​នំចំណីផ្លែឈើ និងរណ្តាប់ផ្សេង ៗ ទៀត ។ តែដោយ​សារតែភាព មានៈ​របស់​ឪពុកក្មេកខ្ញុំ គាត់​មិនព្រម​ធ្វើ​តាម​ពាក្យ​ណែនាំរបស់​គ្រូទាយ​នោះទេ ។ រំលង​មិន​បាន​មួយ​ខែ ផង ប្អូន​ថ្លៃស្រី​របស់​ខ្ញុំហាក់​ដូច​ជាមាន​អ្វី​ចម្លែក ដោយ​គាត់​ឈប់​​រករឿងគេរករឿង​ឯង​ដូចមុនទៀត​ហើយ បាន​ប្តូរ​មកជាសភាព​ធម្មតា​វិញ​ដូចគេដូចឯង លែង​ដូចមុន ។ ទាំង​នេះ​ហើយ​ដែលធ្វើ​ឱ្យ​ឪពុកក្មេក​របស់​ខ្ញុំ រឹតតែ​បាន​ចិត្ត​ហើយ​ស្តី​ឱ្យ​ម្តាយ​ក្មេក​ព្រមទាំង​កូន ៗ គាត់ថា “ឃើញទេ ទៅជឿ​អី គ្រូទាយ​ហ្នឹង បើវា ដឹងមុន​វាមិនមែន​នៅតែអង្គុយ​ទាយ​ហ្នឹង​ទេ វាក្លាយជាសេដ្ឋីបាត់ទៅហើយ ” ។ ហេតុការណ៍​ក្នុង​ផ្ទះឪពុក​ក្មេក​ខ្ញុំ​ហាក់​ដូចជាស្ងប់​មួយ​រយៈ តែមិនបាន​យូរ​ទេ ស្រាប់តែ​គាត់ទទួល​ដំណឹង​ថា​ កូនប្រុស​របស់​គាត់​ដែល​ទៅ​ធ្វើ​ការ​នៅប្រទេសថៃ (ជាអ្នក​នេសាទ) បាន​ស្លាប់​ដោយសារជម្ងឺគ្រុន​ចាញ់ ។ ពេទ្យ​ពិនិត្យ​ឃើញ​ថា​គ្រឿងក្នុង​ពោះ​វៀន​ពោះតាំងរលួយ​ខ្ទេចខ្ទីអស់ហើយ ។ រឿង​នេះ​បានធ្វើឱ្យគាត់ស្លុត​ចិត្តជាខ្លាំង ព្រោះ​គាត់​មិនដែល​ទទួលដំណឹង​ថា កូន​គាត់​ឈឺម្ត​ង​ណាឡើយ ។ បន្ទាប់ពីចាត់ចែងបុណ្យ​សព​រួចរាល់ ស្រាប់​តែប្អូន​ថ្លៃរបស់ខ្ញុំគេមកពន្យល់​សប្តិឱ្យ​ខ្ញុំឃើញ​ថា “យមបាល មក​យក​មនុស្សខុស តែពេលនេះ​ខ្ញុំ​មិន​អាច​វិលមកវិលបានទេ ព្រោះ​រាងកាយខ្ញុំគេបូជារួចហើយ ​” ។ ចំណែកកូន​ៗ វិញ​ ម្នាក់ៗចាប់ផ្តើម​មើល​មុខគ្នាលែងត្រូវ ហើយ​ចាប់ផ្តើម​មានរឿងជាបន្តបន្ទាប់ ។ បងប្អូន​ថ្លៃខ្ញុំលែងត្រូវជាមួយ​ខ្ញុំ ឯប្រពន្ធ​កូនខ្ញុំវិញ ត្រូវជួប​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​កៀរ រហូត​ដល់​ប្រពន្ធរបស់​ខ្ញុំ​និយាយលែង​សូវ​ដឹង​ខុស​ដឹង ត្រូវ ឯកូន​ត្រូវ​របួសជើងទម្រាំតែដើរបានវិញជាង​មួយអាទិត្យ ។ ដោយ​មានបញ្ហា​មិនចេះចប់​មិន ចេះ ហើយ បងថ្លៃខ្ញុំព្យាយាមនិយាយជាមួយ​ឪពុកក្មេកខ្ញុំ​សុំឱ្យគាត់ រៀបចំ​រណ្តាប់​ផ្សេង ៗ តាមការបង្គាប់​របស់​គ្រូទាយ តែគាត់​នៅតែមិនព្រម ។

​ ចំណែកខ្ញុំវិញ​ដោយ​យីអ៊ុនដាក់ពេក​ ប្រពន្ធខ្ញុំ​ក៏ទៅរក​គ្រូទាយ ហើយ​គេទាយថា ខ្ញុំសង់ផ្ទះ​បាំង​ពីមុខគេ ដោយ​ឱ្យ​ខ្ញុំ​រៀប​ចំសែនឱ្យគេ ឬ មួយ​បើមិនអញ្ចឹងទេ កាប់​ដើមឈើ​នោះចោល​តែម្តងទៅ ។ ដោយ​មាន បញ្ហាមិនចេះ​ឈប់​មិនចេះឈរ ហើយណាមួយ​ចូលផ្ទះ​ពេល​ណា​ក្តៅ​ក្រហាយ​ពេល​នោះ ខ្ញុំខ្លួនឯង​ក៏​មិន អើពើធ្វើតាមដែរ ។ ហើយ​គ្រួសារយើង​ក៏ចាប់ផ្តើម​មាន​រឿង​រកាំ​រកូស​ដាក់គ្នា​ជាប្រចាំរហូត​ធ្វើ​ឱ្យ​ខ្ញុំ​រត់ទៅ​នៅខេត្តកំពង់​ធំដែលជាផ្ទះរបស់បងប្រុស​របស់ខ្ញុំ បានជិត​ពីរខែ ។ ហើយ​ថ្ងៃភ្ជុំ​ខ្ញុំ​ក៏បាន​មកលេងនិងកូន ព្រមទាំង​ម៉ាក់ដែលនៅភ្នំពេញ ហើយ​ក៏ជាថ្ងៃ​ចុង​ក្រោយ​ដែលខ្ញុំ​បានជួប​កូន ​បងប្អូននិងអ្នកម្តាយ​របស់ខ្ញុំ ។​ ហើយ​បន្ទាប់ពី​នោះ​ខ្ញុំ​ក៏​បាន​ចាក​ចេញ​ទៅ​រស់នៅ​ខេត្ត​ក្រចេះរហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃជីវិត​របស់​ខ្ញុំ ។

​ នេះគ្រាន់​តែជារឿង​រ៉ាវ​ដែល​បានកើត​ឡើង​ក្នុង​ជីវិតខ្លះ ៗ របស់​ប្អូន​ប្រុស​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ថ្ងៃនោះ ក៏ជាថ្ងៃចុងក្រោយ​ ដែលគេនិយាយរៀបរាប់ពីរឿង​រ៉ាវ​ទាំងអស់​ដែល​បានកើតឡើងប្រាប់ខ្ញុំ និង អ្នកម៉ាក់ ។ ​​​

មិត្តភក្តិ និង ជីវិត

ក្រៅពីអ្នកដែលជាបងប្អូនសាច់ញាតិបង្កើត យើង​តែងតែ​មានអ្ន​ក​ដែល​ញាតិ​ជាមិត្ដ បន្ថែមទៀតនៅ គ្រប់ ទិសទី។ កាលនៅរៀនយើងមានមិត្ដភក្ដិហូរហែរ តែ​ដោយកាលវេលា យើងខ្លះក៏នៅរាប់អានគ្នារហូត ឯខ្លះក៏​មិនដឹង​ទៅដល់​ទីណាហើយក៏មិនដឹង ។ សូម្បីតែនៅវ័យរៀនដូចគ្នា យើងបានជួបគ្នាមួយគ្រា រួច​បែក​គ្នាទៅដោយផ្លាស់ថ្នាក់ ដូរសាលា ជាដើម ។ តែក៏មានមិត្ដ​ដែល​ជាអ្នកភូមិ​ផងរបង ជាមួយ កាល ពីនៅក្មេងៗ ក៏មានលក្ខណៈ​មិន​សូវខុស​គ្នាពីមិត្ដ​ភក្ដិនៅសាលាដែរ ដោយ​ម្នាក់​ៗមានគ្រួសារ ហើយ ខ្លះ ក៏ទៅនៅតាមខេត្ត ខ្លះ​ក៏​ប្តូរ​ទី​លំនៅ​ទៅតាមសមត្ថភាពរបស់ក្រុមគ្រួសាររបស់គេ ។ មិត្ដភក្ដិ ថ្មីនា បច្ចុប្បន្នភាគច្រើនជាអ្នកថ្មី គឺអ្នកដែលមិនមែនជាអ្នកភូមិផងរបង​ជាមួយគ្នា មិនមែន ជាអ្នកដែលរៀន ជាមួយគ្នា ។ ជាពិសេសដូចខ្ញុំនេះ មក​នៅ​ស្រុក​គេនេះ មានសុទ្ធតែអ្នកថ្មីទាំងអស់ ។ ក្រៅពី​មិត្ដ​ភក្ដិ​ដែលបានម​​ក​ពីកត្ដាខាងលើ សម័យនេះយើងមាន​មិត្ដភក្ដិបន្ថែមទៀតតាម​រយៈសង្គម​អន​ឡាញ ។

អ្នកទាំងអស់ប្រៀបបាននឹងល្បើយជីវិត គឺពួកគេបានប​ន្ថែមរសជាតិ​នៃជីវិតឲ្យ​កាន់តែ មានន័យ និង កក់ ក្ដៅទ្វេឡើង ។ ខ្ញុំប្រើពាក្យល្បើយជីវិតនៅក្នុងន័យនេះ ចង់​ប្រៀបប្រដូចទៅនឹងការហូបនំបញ្ចុក ។ សម្រាប់ខ្ញុំនំបញ្ចុក​ជាអាហារ​ពិសេសដែលខ្ញុំចូលចិត្ដ ។ កាលណាគ្មានល្បើយ ខ្ញុំហូបមិនឆ្ងាញ់ទេ ។

នៅក្នុងភូមិ​វើដប្រេសនេះ ខ្ញុំអាចបញ្ចេញ​រឿងរ៉ាវ​ផ្សេង ៗ ​ដែលបានកប់ក្នុង​ចិត្ត​ស្ទើរតែកាយ​មិនចេញ យក​មក​រៀបរាប់ និង​បញ្ចេញ​មក​ស្ទើរ​តែ​ទាំងអស់ ដែលពេលខ្លះ​អាចប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ភូមិមួយចំនួន​ផង​ដែរ តែពួកគាត់​នៅតែផ្តល់​គំនិត​យោបល់ និង បញ្ចេញ​ជាគំនិត​ថ្មី ៗ​ដែល​ខ្លួនខ្ញុំ​ផ្ទាល់​នឹកមិនឃើញ ។ អរគុណអ្នកភូមិ​ទាំងអស់​ដែលជួយ​ជាកំឡាំងចិត្ត​គ្រប់​ពេល​វេលា​ និង​គ្រប់កាលៈទេសៈ ។

ការបាត់បង់សមាជិកគ្រួសារនាពេលនេះ ធ្វើឲ្យគ្រួសារយើងមានទុក្ខ ។ ទុក្ខព្រោះស្ដាយស្រណោះ ។ ទុក្ខទាំង​នេះ​បាន​រសាយ​មួយ​ភាគ​ធំ​ដោយ​សារ​អ្នក​ទាំង​អស់ដែលជាញាតិមិត្ដ ។ នោះគឺមិត្ដដែលមកចូលរួមបុណ្យ និង​មិត្ដ​ដែល​ចូល​រួមរំលែកទុក្ខតាមរយៈសង្គមអនឡាញ ។ កំសួល​នៃ​ក្ដីទុក្ខ​បាន​ថយ​មួយ​ចំណែកក្រោយពីបានអានសាររបស់ញាតិវើតប្រេស ។

នាឱកាសនេះ ខ្ញុំសូមរំលែកមគ្គផលកុសលដល់ញាតិទាំងអស់ និង​សូម​ទេវតា​ជួយ​ផ្ចុងរក្សា អ្នកទាំង អស់គ្នាឱ្យជួបតែក្ដីសុខចម្រើនរាងរហូតទៅ ។

សក់សជូនដំណើរសក់ខ្មៅ

រាល់ថ្ងៃពេលដែល​ខ្ញុំ​លេងហ្វេសប៊ុក ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹងអាចទទួល​បានព័ត៌មាន​ថ្មី ៗ ពីមិត្តភក្តិ​ក៏ដូចជា ក្រុមគ្រួសារ​របស់ខ្ញុំ ។ ពេលឃើញ​គេដាក់រូបពីសកម្មភាព​ និង ដំណើរ​កំសាន្ត​ប្រកប​ដោយ​ទឹក​មុខ​រីក​រាយ ខ្ញុំ​ក៏សប្បាយរីករាយ​តាម​គេដែរ​ ។ ថ្វីត្បិត​តែខ្ញុំ​ចង់​ដឹង​ពី​ព័ត៌មានពីក្រុម​គ្រួសារ​របស់​ខ្ញុំ​តាមប្រព័ន្ធ​ហ្វេស​​ប៊ុក​នេះ​ក៏ដោយ តែខ្ញុំ​ចង់ទទួល​តែព័ត៌មាន​ណាដែល​ល្អ ៗ ប៉ុណ្ណោះ ខ្ញុំ​មិន​ចង់​ដឹង ​មិន​ចង់​ឮ​នូវ​រឿង​​រ៉ាវ​អាក្រក់ទេ ខ្ញុំមិនចូលចិត្តទេ ។ តែអ្វី​ដែល​ខ្ញុំ​បាន​ជួប​នៅថ្ងៃនេះ គឺជា​រឿង​ហួសវិស័យ ដែលគួរ​ឱ្យ​ជឿ ខ្ញុំ​មិនជឿ ខ្ញុំ​ពិតជាមិនជឿទេថា មានរឿង​បែប​នេះកើត​ឡើ​ង​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​តែងតែ​ពោល​ជាញឹកញាប់ ថា ខ្ញុំ​នឹកផ្ទះ ហើយ​អ្វី​ដែលធ្វើ​ឱ្យ​ខ្ញុំ​បារម្ភនិង​នឹក​រលឹក​ជាង​គេនោះ គឺអ្នក​ម្តាយ​ចំណាស់ ដែល​រស់​នៅក្នុង​ផ្ទះ​ជាងអ្នកផ្សេងទៀត ព្រោះខ្ញុំជឿជាក់​ថា ពួកគាត់មានសុខភាព​រឹងមាំ និង មាន​​អ្នក​មើល​ថែ​ច្រើន ជាង​អ្នក​ម៉ាក់របស់ខ្ញុំ ព្រោះម្នាក់​ៗ ក្រោយ​ពេលមានគូស្រករហើយ គេក៏បែកផ្ទះ​រៀង​ៗ ខ្លួន ។ ក្រុមគ្រួសាររបស់​ខ្ញុំ មានសមាជិកទាំ​ងអស់ ប្រាំ​បី​នាក់ ខ្ញុំជាកូនទី ៦ក្នុង​គ្រួសារ​ដែល​មាន​សមា​ជិក ៨ នាក់ ។ ​ កាលពីយប់ម្សិល​មិញ ខ្ញុំ​បានយល់​សប្តិ​​ឃើញ​ប្អូនប្រុសទី ៧ របស់ខ្ញុំ ស្ថិតក្នុង​សភាព​​ស្លេកស្លាំង ស្គមស្គាំង ប្រៀបដូចជា មនុស្ស​ដែលមានជម្ងឺប្រចាំកាយ​ដូច្នេះដែរ ។ ចាស់ ៗ តែង​តែ​ប្រាប់ថា កាលណាយើង​យល់សប្តិ​ឃើញ​គេ ស្គម មានន័យ​ថាគេមានសុខភាពមាំទាំ តែបើយល់សប្តិ​ឃើញ​​គេធាត់វិញ គេនោះពិតជា​ឈឺ​ជាមិនខាន ។​ដោយ​ធ្លាប់ឮដូច្នេះ ខ្ញុំ​ក៏មិនគិតអ្វីច្រើនដែរ ហើយ​គិត​ថា​អ្វី​ដែលខ្ញុំ​បានឃើញ​នោះជា​រឿង​ល្អ ទៅចុះ ។

​ព្រឹកនេះ​បើក​ហ្វេសប៊ុក​លេង​តាមធម្មតា ស្រាប់​តែប្អូនប្រុសពៅ​របស់​ខ្ញុំ​ប្រាប់​ថា ប្អូនទី​៧ ស្លាប់​បាត់ហើយ ។ ខ្ញុំមិនជឿអ្វីដែល​ខ្ញុំ​បានឃើញ​នោះទេ ខ្ញុំគិតថា ជាការស្រវាំងភ្នែក ខ្ញុំ​មិនជឿទេ។ ខ្ញុំព្យាយាម​​តាំងស្មារតីខ្លួនឯង ហើយ​តេទៅរក អ្នក​ផ្ទះ ព្រោះ​ចង់ដឹង​ថាជាការពិត​មែនឬអត់ ? ចម្លើយ ដែល ខ្ញុំ​បានទទួលគឺជាការ​ពិត គេស្លាប់​ដោយ​សារតែពស់ចឹកនៅពេលដែលគេចូលទៅ​ក្នុងព្រៃ នាខេត្តក្រចេះ ។ វាជារឿង​មួយ​ដែលមិនគួរ​ឱ្យជឿសោះ គ្រាន់​តែពស់ចឹកសោះ​អាច​បណ្តាល​ឱ្យ​មនុស្សស្លាប់បាន ។

​ ខ្ញុំចាំបានថា ថ្ងៃចុង​ក្រោយ​ដែល​ខ្ញុំ​បានជួបគេគឺនៅថ្ងៃភ្ជុំបិណ្ឌ ពេលដែល​ខ្ញុំ​ទៅលេង​ផ្ទះ ហើយ​គេក៏មក​លេង​​ម៉ាក់ យើង​ក៏បានជួបគ្នា ។ គេជាមនុស្ស​ដែល​មិនសូវ​មាត់កទេ ពេលណា​គេមានការទើប​គេ​និយាយ តែថ្ងៃចុង​ក្រោយ​ដែល​យើង​បានជួបគ្នានោះ យើង​បានអង្គុយ​ជជែកគ្នា ជាមួយម៉ាក់ រហូត​ជាង​បី​ម៉ោង ។ គេនិយាយ​ពីអ្វី​ដែល​មានក្នុងចិត្តគេប្រាប់ម៉ាក់ និង ខ្ញុំ ។ គេអង្គុយ​រៀបរាប់ពីទុក្ខលំបាកដែលគេ​បាន​ជួប កាលគេទៅ​ធ្វើការនៅកំពង់ធំ ។ ម៉ាក់ និង ខ្ញុំអួលដើមក​គ្រប់គ្នា នៅពេលដឹង​ថាគេ​មាន​បញ្ហាដូច្នេះ តែយើង​នៅតែលួង​លោមគេឱ្យ​តស៊ូ​ដើម្បី​អនាគត​កូន ៗ ។ ក្នុង​ចំណោម​បងប្អូន​ទាំង​ ៨ ក្រុម​គ្រួសារ​គេជួបប្រទះបញ្ហាខាង​ជីវភាពជាងគេ ហើយ​ខ្ញុំ​ក៏​មិនសូវ​បាន​ដឹង​ពីបញ្ហាទាំងនោះ​ដែរ ។ ក្នុង​នាម​ជាមេ​គ្រួសារម្នាក់ ត្រូវ​តែតស៊ូដើម្បីកូន ៗ សុខចិត្ត​លំបាកវេទនា ព្រាត់ប្រាស​កូនប្រពន្ធ​ដើម្បី​តែលុយ ។ តើខ្ញុំ​​មិនចេះស្រឡាញ់​ប្រពន្ធ ​កូនមែនទេ ? នេះជាពាក្យសំដីចុង​ក្រោយ​ដែលគេនិយាយជាមួយខ្ញុំ ។

​ ថ្ងៃនេះខ្ញុំបានបាត់បង់​ប្អូនប្រុសម្នាក់ទៀតហើយ ខ្ញុំនឹងបាត់គេរហូតហើយ​ក៏​គ្មាន​ថ្ងៃបាន​ជួបគេវិញ​ដែរ ។ សូមឱ្យ​វិញ្ញាណក្ខ័ន្ធរបស់ប្អូន​ទៅកាន់សុគតិភព និង សូមខមាទោសពីចម្ងាយនៅ​កំហុស​ឆ្គង និង ពាក្យ​សំដី​​ធ្ងន់ស្រាល​ដែល​បងធ្លាប់​មានចំពោះប្អូន ។ សូមប្អូន​ទៅឱ្យ​បានសុខ បើមានជាតិក្រោយ​មែនសុំ​កុំ​ឱ្យ​ប្អូន​​មានអាយុខ្លី​បែបនេះទៀត ។

រូបថតទី១ ប្អូនថតកាលពីបុណ្យ​គម្រប់១០០ថ្ងៃប៉ា  ចំណែករូបទី២ ថត​ពីថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃរបស់ប៉ា តែពេល​នេះ ប្អូន​ទៅចោលពួកយើងហើយ ទៅដោយ​គ្មាន​ផ្តាំលា​សូម្បី​តែមួយម៉ាត់ ។ ហេតុអី​បានជា​ប្អូនប្រុស​​បងពិតជាចិត្ត​ដាច់យ៉ាងនេះ ។

DSC00165aPIC_2775ា

ក្តីស្រម៉ៃ

ជារៀង​រាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យគឺជាថ្ងៃ​ដែល​ខ្ញុំ​មានឱកាស​បានគេង​ដល់ម៉ោងប្រាំបីកន្លះ ព្រោះ​បើ​ថ្ងៃដែលកូន​ៗ រៀនវិញ ត្រូវងើបពីព្រលឹម៉ោង ៦ ដើម្បី​រៀបចំអាហារពេលព្រឹក​ដើម្បីពួកគេ ។ ព្រឹក​​នេះងើបឡើងទ្រេតទ្រោត​ដូចជាមនុស្ស​គេងមិនឆ្អែត តែ​ក៏ត្រូវខ្ញុំចាប់ផ្តើម​ធ្វើការងារប្រចាំថ្ងៃរបស់​ខ្ញុំ​តាម​ទម្លាប់ដែលមេផ្ទះ​គ្រប់រូបត្រូវ​បំពេញ ។

​ អាហារពេលព្រឹកបានបញ្ចប់ ម្នាក់​ៗ ស្រវាចាប់​ការងាររៀង​ៗ​ខ្លួន ដោយ​រាយគ្នា​ម្នាក់អង្គុយ​ទីនេះទីនោះ រាយ​ប៉ាយ​ពេញបន្ទប់ ។ ចំណែកខ្ញុំវិញអង្គុយ​មិនសុខសោះហាក់ដូចជាមានអ្វីនៅក្នុង​ចិត្ត ពោល​គឺ​គ្មាន​អារម្មណ៍​​នឹង​ធ្វើ​ការឱ្យពេញ​ដៃពេញជើង​នោះទេ ។ ស្រាប់​តែមានគំនិត​មួយ​ផុសចេញ​ភ្លែត ដើម្បី​កុំឱ្យ​រំខាន​​អ្នក​ក្បែរខាង ខ្ញុំ​ក៏ទាញ​កេះតុមករើ​កកាយ កាដូកាលពីឆ្នាំចាស់ដែល​ស្វាមី​របស់​ខ្ញុំ​គាត់​បាន​ទទួល​ពី​មិត្ត​ភក្តិ និង ខ្លះទៀត​បានមកពី​កន្លែង​ផ្សេង ៗ ដែល​គេអញ្ជើញ​គាត់ឱ្យទៅជាវាលគ្មិន​ ។ ដើម្បី​រើវា​មក​សរសេរ​ឈ្មោះដាក់លើ​កាដូ​គ្រាន់រំលឹក​ដល់ម្ចាស់ដើម្បីកុំឱ្យភ្លេច ។ ប្រហែលជាមានអ្នកខ្លះ​ឆ្ងល់ហើយ​មែន​ទេ ធ្វើអញ្ចឹងធ្វើអី ? មកពីចាំមិនបាន​ថា របស់ណា​មកពីណាខ្លះ ដូច្នេះមានតែធ្វើអញ្ចឹង​ទេ ទើប​ចាំ​បាន​ទាំងអស់ ។

​ រើចុះរើឡើង​ក្នុង​គំនរវត្ថុអនុស្សាវរីយ៍ទាំងនោះ ស្រាប់តែឃើញ​កាតទូរស័ព្ទ​ក្រៅប្រទេស​មួយសន្លឹក​ដែល​មិន​ទាន់​ប្រើ កាតទូរស័ព្ទ​នោះមានតម្លៃ ១០ ០០០ វ៉ុន ។ កាតទូរស័ព្ទ​នោះគឺជាកាត​ដែលគេឱ្យ​គាត់​ក្នុង​ពេល​ដែល​គាត់​ទៅធ្វើជាវាលគ្មិន​នៅប្រទេស​កូរ៉េ ។ គាត់ប្រាប់ថានៅពេលដែលទៅដល់ទីនោះភ្លាម​គេបានផ្តល់នូវ​កាត​ទូរស័ព្ទនេះព្រមទាំងលុយ​មួយចំនួន​សម្រាប់ទិញឥវ៉ាន់​នៅពេល​ដែលគេនាំ​ទៅលេង​ផ្សារ និង​កន្លែង​ទេសចរណ៍​មួយចំនួន​នៅទីនោះ ។ ដោយ​ឃើញ​កាតមិនទាន់ប្រើ​ដូច្នេះ ខ្ញុំដូចជាមាន​អារម្មណ៍​ស្តាយ ព្រោះគេ​ឱ្យ​មក​ហើយ​ម៉េចមិ​នប្រើទុក​ចោលឥតប្រយោជន៍ ។ តែមានអញ្ចឹង​ឯណា មើល​ចុះ​មើលឡើង នៅ​ពីរ​ឆ្នាំទៀត​ឯណោះ​ទើប​ផុតកំណត់ ។ ខ្ញុំគិត​ថា បើសំណាង​ខ្ញុំ​មាន​ ខ្ញុំពិត​ជាបាន​យក​វាទៅ​ប្រើ​ជា​មិន​ខានទេ ។ ខ្ញុំចង់ទៅលេងពេលមានព្រិលធ្លាក់ ព្រោះកូន ៗ​ចង់លេងព្រិល ឯម៉ាក់​វាក៏​ចង់​​ស្គាល់​​រស​ជាតិ​ព្រិ​ល​ដែរ ។ឌីជួយប្រាប់​ផង​បានទេថា តើព្រិលធ្លាក់​នៅខែណា​ដែរ ?

​ អង្គុយ​មើល​រូបថត​ទាំងនោះ មានរូបថតមួយចំនួន​ដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ហើយ​នឹកដល់​ស្រុក​ខ្មែរ​យើង គឺរូបថតទី ១ ។ អ្នក​ដែលរស់​នៅខេត្ត​តាកែវ ឬ ធ្លាប់​បាន​ទៅលេងនៅខេត្ត​នោះ ពិត​ជា​មិនគួរ​រំលង កន្លែង​​មួយនេះទេ ។ នោះគឺផ្ទះតាម៉ុក ដែលស្ថិតនៅទីរួមខេត្ត​តាកែវ ។ ខ្ញុំ​មិនធ្លាប់បានចូលទៅទីនោះទេ តែ​ខ្ញុំ​​ធ្លាប់​អង្គុយ​មើលពីចម្ងាយ ហើយ​​បានឮគេនិយាយថា កាលពីតាម៉ុក​គាត់​នៅទីនោះ គាត់​បាន​ចិញ្ចឹម​ឆ្កែជាច្រើន​សម្រាប់​ការពារ​ផ្ទះរបស់គាត់ ។

​ ចំណែករូបទី ២ វិញ គឺជារូបភាពនៅភូមិ​វប្បធម៌ រូបទី ៣ គឺនៅព្រះបរមរាជវាំង ឯរូបទី ៤គឺជា​រូបអូរ​ (មិនចាំឈ្មោះ)​នៅជាប់​នឹង​ភូមិ​វប្បធម៌ រីឯរូបទី ៥ គឺនៅក្នុងទីក្រុង​សេអ៊ូល ឯទី ៦គឺកាតទូរស័ព្ទ​ដែល​មិន​ប្រើ ។

KoreaVillage Culture

Korea Royal PalaceKorea view

Seoul city1International card

ព្រះអាទិត្យ ព្រះច័ន្ទ និង ស្រមោច

​ខ្ញុំមានមិត្តភក្តិម្នាក់ដែលអាចចាត់ទុកបានថា គាត់គឺជាមនុស្សជិតស្នឹទ្ធបំផុត របស់ ខ្ញុំក្នុង ចំណោម មិត្ត រួម ការងារដទៃទៀត ។ គាត់តែងតែនៅក្បែរខ្ញុំ ជួយលើកទឹកចិត្ត ជាពិសេសនោះគឺតែង តែចាំ ស្តាប់ នូវ រឿងរ៉ាវទាំងឡាយរបស់ខ្ញុំទាំងរឿងសប្បាយ និង កើតទុក្ខ ដោយមិនចេះនឿយណាយ ។

ដោយសារតែភារកិច្ច និង តម្រូវ ការរបស់មនុស្សគ្មានឈប់ឈរ បានបង្ខំឱ្យគាត់និងខ្ញុំបែកគ្នា ដោយ​គាត់​​ត្រូវផ្លាស់ទៅធ្វើការនៅ កន្លែងថ្មី ។ ថ្ងៃដែលផ្លាស់ទៅនោះខ្ញុំមិនបានទៅជូនដំណើរគាត់ទេ ហើយ​ក៏​មិន ធ្លាប់ បាន ទៅសួរ សុខទុក្ខគាត់ម្តងណាដែរ ។ ពោលគឺអ្វី ៗ ត្រូវកាត់​ផ្តាច់​ក្នុង​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ។ ខ្ញុំតែងតែស្រមៃថា ពេលណាដែលខ្ញុំត្រឡប់ទៅនៅផ្ទះឯស្រុកកំណើតខ្ញុំវិញ ខ្ញុំនឹងនាំគាត់​ទៅនៅ​ជាមួយ​ហើយខ្ញុំជឿជាក់ថា គាត់ក៏ពេញចិត្តនិងរស់នៅក្រោមដំបូលផ្ទះរបស់ខ្ញុំដែរ ។ តែពេលនេះ​ខ្ញុំ​បែរ​ជាមិនរវល់ មិនអើពើ ពីសុខ ទុក្ខរបស់មនុស្សម្នាក់នោះសោះ ព្រោះខ្ញុំគិតថា កន្លែងថ្មី​នឹង​ផ្តល់​នូវ​សេចក្តី​សុខដល់គាត់ជាមិនខាន ខ្ញុំជា មនុស្សចិត្តដាច់ណាស់មែនទេ? មិនដល់ថ្នាក់នោះទេ ខ្ញុំតែង​តែ​លួច​សួរមិត្តភក្តិពីសុខទុក្ខរបស់គាត់ ហើយព្យាយាមស៊ើបសួរព័ត៌មានផ្សេង ៗ ពីអ្នក​រួម​ការងារ​របស់​​ខ្ញុំ​ដែល ឧស្សាហ៍ចេញចូល កន្លែងគាត់ ធ្វើការថ្មី គ្រាន់តែមិនឱ្យម្ចាស់ខ្លួនគាត់ដឹងប៉ុណ្ណោះ ។

តែ​គ្រប់​យ៉ាង​មិន​ដូចជាខ្ញុំគិតនោះទេ ថ្ងៃនេះខ្ញុំបែរ ជាជួបនូវហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយ ដែលខ្ញុំមិន​ធ្លាប់​សូម្បី​តែ​គិត​បន្តិចសោះក៏គ្មាន ។ សំឡេង សម្រិបជើងបានដើរមកឈប់នៅមាត់ទ្វារបន្ទប់ ខ្ញុំក៏​ក្រោក​ឡើង​​ទៅ​បើក​ទ្វារ​ស្រាប់តែឃើញ មិត្តជាទី ស្រឡាញ់របស់ខ្ញុំស្ថិតក្នុងសភាពដុនដាប ប្រៀប​ដូច​​ជា​មនុស្ស​​​ដែល​រង់​ចាំ​តែ​ថ្ងៃចុងក្រោយប៉ុណ្ណោះ ។ សំឡេង​ក្តុកក្តួល​បាន​លាន់រងំ​ពេញ​ក្នុងបេះដូង​របស់​ខ្ញុំ ខ្ញុំ​ញ័រ​ដៃ​ញ័រ​ជើង​ធ្វើអ្វី​លែងត្រូវ ។ ខ្ញុំក្រឡេក មើលទៅសភាពដុនដាបរបស់គាត់ ដោយអារម្មណ៍ក្តុកក្តួល ហើយ​ព្យាយាម គិត​ពីមូលហេតុ ដែល ធ្វើឱ្យគាត់ធ្លាក់ខ្លួននេះ ។ ខ្ញុំមិននឹកស្មានសោះថា នៅលើលោក នេះ​មានមនុស្សអមនុស្ស ធម៌បែបនេះ សោះ មិត្តភក្តិរបស់ខ្ញុំក្លាយជាបែបនេះគឺដោយសារតែ មាន​មនុស្ស​​ព្យាបាទគាត់ ។ សូមកុំ ភ្លេច ឱ្យ សោះ ថា នៅលើលោកនេះកម្មពៀរពិតជាមានពិតមែន នេះជា​ជំនឿ​របស់ពុទ្ធសាសនិកជន តែខ្ញុំមិនដឹងទេថា អ្នកកាន់សាសនាអ្វីទើបបានជាមិនដឹងនូវជំនឿទាំងនេះ? ពៀររំងាប់ដោយការមិនចងពៀរ តែបើ សិនជា មិត្តភក្តិខ្ញុំមានបញ្ហាអ្វីនោះ ខ្ញុំនឹងចងចាំទុកក្នុងចិត្ត ហើយ​នឹងរង់​ចាំមើលកម្មដែលអ្នកបានសាងនោះ វា​នឹង​ទៅរកអ្នកវិញជាមិនខាន ។

រឿងនេះ​ធ្វើឱ្យខ្ញុំ​នឹកដល់ព្រះអាទិត្យ ព្រះច័ន្ទ និង ស្រមោច ។ មនុស្ស ម្នាក់​ៗ ប្រាថា្នឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដើម្បី​ឱ្យគេកោតសរសើរ ចង់ក្លាយជាស្តេចនៃមនុស្ស ។ តែគាត់ មិន បាន​គិតទេថា កាន់តែ​ខ្ពស់កាន់តែ​ឯកា នេះជាក្រិត្យក្រមធម្មជាតិ ។ ព្រះអាទិត្យ ព្រះច័ន្ទ​ដែល​មនុស្ស​​លោកប្រាថ្នា ហើយតែង​តែសរសើរ​ពីសម្រស់​របស់ភពទាំងពីរនេះ តែអ្វីដែ​លមនុ​ស្ស​លោក​ឃើញ​​នោះវា​គ្រាន់​តែជារូបភាព​ពីចម្ងាយ​ដែល​ស្ថិត​នៅរាប់រយលានគីឡូប៉ុណ្ណោះ វាមិនមែនជារូប​ភាព​ពិត​ដែល​អ្នក​នៅ​ក្បែរខាងបានជួបនោះទេ ។ ព្រោះ​ព្រះអាទិត្យគ្រាន់តែជាដុំភ្លើងមួយដុំ ដែល​គ្មាននរណា​ម្នាក់​ចង់​នៅ​ក្បែរ ចំណែកឯដួងខែ​គ្រាន់តែ​ជា​ភ​ព​ដែលគ្មានជីជាតិ សូម្បីតែរុក្ខជាតិមួយដើមក៏គ្មានដុះផង ។ ខ្ញុំ​សូម​រស់ និង មានជីវិត​បែប​សាមញ្ញ​ដូចសត្វ​ស្រមោច ដែលមានរូបរាងតូចល្អិតតែពោរពេញ​ទៅ​ដោយ​សាមគ្គី​ភាព មិត្តភាព និង ភាពតស៊ូ ដែល​ទាំងបីយ៉ាងនេះ​ជាលក្ខណៈ​ទូទៅ​របស់សត្វ​ដ៏តូច​មួយ​ដែល​មនុស្ស​មើល​រំលង ។

 ant ants

moon moon1

 Sun (1)  Sun1

 

ATM កាតអេធីអ៊េមរបស់ខ្ញុំ

​ កាត អេធីអ៊េម (ATM)​ ជាកាតសម្រាប់បើកប្រាក់ពីធនាគារ​ដែលងាយស្រួលដាក់តាម​ខ្លួន ដោយ​មិន​ចាំបាច់វិចលុយ ឬ​ ដាក់លុយ​ក្នុង​កាបូបទៅតាម​ខ្លួន ដែលជាការប្រថុយ​ប្រថានទៅនឹង​គ្រោះ​ថ្នាក់​ដែល​កើត​​ឡើង​ជាយថាហេតុ​ដោយ​សារតែ​ញើសឈាមខ្លួន​ឯងនេះ ។ សម្រាប់​មនុស្សសម័យ​ថ្មី កាល​បើ​និយាយ​ពីកាត​អេធីអ៊េមភ្លាម​ កម្រមានអ្នកដែលមិនស្គាល់​វាណាស់ តែបើទៅ​និយាយ​ជាមនុស្ស​ចាស់​វិញ គាត់ពិតជាសួរ​ដេញ​ដោល សួរនេះសួរ​នោះ​ជាមិនខាន ហើយ​ពេលខ្លះ​គាត់ក៏សួរ​ផង​ដែរ​ថា ចុះ​យើង​​​នឹង​ទៅស្គាល់គ្នាជាមួយ​គេតាំងពីអង្កាល់​បានជាជឿទុកចិត្តគេ រហូត​ដល់ថ្នាក់​យកលុយ​ទៅផ្ញើ​នឹង​គេច្រើន​បែប​នេះ ? សូម្បីតែបងប្អូនបង្កើត​ហ្នឹង​ទុកចិត្ត​មិនបានផងទៅទុកចិត្ត​អីអាធនាគារហ្នឹងទៅវិញ ?

​ ចូលដល់រឿង​ខ្ញុំវិញម្តង ខ្ញុំមិនដឹង​ថាចុង​ឆ្នាំ២០១២ ជារឿង​ស៊យ ឬ ជារឿង​ហេង​របស់ខ្ញុំនោះ ទេ ? តាម​ទម្លាប់​របស់ខ្ញុំ គឺខ្ញុំបើកលុយ​ល្មម​តែមួយចាយ សម្រាប់បី ឬ បួន​ថ្ងៃប៉ុណ្ណោះ ហើ​យបើត្រូវការ​ទិញ​នេះ​ទិញ​នោះ ខ្ញុំក៏ទៅ​បើ​ក​បន្ថែមទៀត ព្រោះនៅទីនេះ​មានទូអេធីអ៊េមជាច្រើនដែលងាយស្រួល​សម្រាប់​ដក ឬ​ ដាក់​​លុយ​ចូល​ទៅ​ក្នុង​គណនីផ្ទាល់ខ្លួន ។ ចំណែកឯនៅផ្សារឯណោះវិញ មានទូអេធីអ៊េម​តម្រៀប​គ្នា​រង់​ចាំស្វាគមន៍អ្នកដែលចូលចិត្តទិញឥវ៉ាន់ ឬ ចាយ​លុយ​បានដោយ​គ្មានខ្វល់ខ្វាយ ។ ចៃដន្យ ឬ ជា​សំណាង​អាក្រក់​របស់ខ្ញុំបានដល់ កាលពីថ្ងៃអាទិត្យទី៣០នេះ ក្រុមគ្រួសារ​យើង​បាននាំគ្នាទៅលេង​ផ្សារនិងទិញ​របស់របរប្រើប្រាស់សម្រាប់ឆ្នាំថ្មីខ្លះ ៗផងដែរ ។ ក្រោយពីដកលុយរួច ខ្ញុំក៏​បាន​យក​កាត​ទៅ​ទុក​​​ក្នុង​​ហោប៉ៅខោ ព្រោះថ្ងៃនោះមិនបានយក​កាបូបទៅទេ ពេលទៅពីផ្ទះ​​ផ្ញើវាជាមួយកូនីតា ។ ក្រោយ​ពេល​ទិញឥវ៉ាន់ហើយអស់ ពួក​យើងក៏ទៅរកញ៉ាំអាហារពេលល្ងាចហើយក៏ត្រឡប់មកផ្ទះវិញ ។

​ ថ្ងៃច័ន្ទទី៣១ជាថ្ងៃដាច់ឆ្នាំ ម្នាក់ ៗ ស្លៀកពាក់ស្អាតបាតត្រៀមខ្លួន ដើម្បីទៅលេង Central Plaza នៅឯ​ខេត្តខនកេន ដែលជាប់នឹងខេត្ត​ដែលយើងរស់នៅ ក្នុង​គោលបំណង​ទៅលេង និងទៅរក​ទិញ​ឥវ៉ាន់ខ្លះ ៗ ព្រោះចុងឆ្នាំពិតជាមានការបញ្ចុះតម្លៃមិនខានទេ ។ បីនាក់ឪពុកកូនគេត្រៀមខ្លួនរួចរាល់ហើយ នៅសល់តែខ្ញុំនៅរេរា ៗ ចាប់នេះចាប់នោះមិនជាប់ ដូចជាកំពុង​រកអ្វីមួយ ។ ដោយ​ចាំខ្ញុំ​មួយ​ស្របក់ កូន​នីតា​សួរថា​ ម៉ាក់រកអីហ្នឹង ? ម៉ាក់រកកាតអេធីអ៊េម ដោយ​សំឡេង​ខ្សិប​ៗ ខ្លាចលោកប្តី​ឮ តែមាន​លាក់​ជិត​ឯណា គាត់ដឹង​ថាខ្ញុំបាត់កាត​អេធីអ៊េម គាត់ក៏មិនថាអ្វីដែរដោយ​គ្រាន់តែនិយាយថាមកពីខ្ញុំ​ប្រហែស​ទើប​បាត់​អញ្ចឹង ។ កាតរបស់ខ្ញុំបាត់ តែវាមិនបាន​ធ្វើ​ឱ្យ​គម្រោង​ដើរលេង​របស់យើង​ខកខាននោះទេ យើង​នៅ​តែ​បន្ត​ដដែល ។ ខ្ញុំព្យាយាមរកក្នុង​កាបូបគ្មានសល់​ប្រឡោះប្រហោង តែទីបំផុត​រកមិនឃើញសោះ ឃើញ​តែលុយនៅក្នុង​កាបូប​ដែលសល់ពីម្សិលមិញ៧៨០បាទប៉ុណ្ណោះ ។ ជិះឡានបណ្តើរគិតបណ្តើរថា ចុះ​បើ​មានគេរើសបានហើយគេសាក​ចុចយកលុយរបស់ខ្ញុំអស់ទៅ តើខ្ញុំនឹងទៅជាយ៉ាងណាទៅ ? ធ្វើ​យ៉ាង​​ម៉េចទាក់ទង​ធនាគារឱ្យគេបិទកាត​អេធីអ៊េមមិនឱ្យ​បើកលុយបានទៅ បើ​ថ្ងៃនេះ​ជាថ្ងៃ​សម្រាក​ហើយ​​ទម្រាំតែគេចូលវិញនៅបីថ្ងៃទៀតឯណោះ ! ហើយ​តើខ្ញុំ​បានលុយឯណាចាយទៅ បងប្អូនអើយ​ជួយ​គិតមើល….

​ ទៅដល់គោលដៅ​ដែលបានកំណត់ ខ្ញុំក្រលេកមើលជុំវិញខ្លួនខ្ញុំគេម្នាក់ ៗ ដើរប្រកប​ដោយ​ទឹក​មុខ​សប្បាយ ខ្លះយួរឥវ៉ាន់ជ្រែកដៃ ។ ស្រាប់តែឡើងដល់ជាន់ទីពីរឃើញធនាគារនៅទីនោះគេធ្វើ​ការ​តែ​ខ្ញុំបែរ​ជា​មិនយក​សៀវភៅ​ធនាគារមកតាមខ្លួន ពិតជាស៊យជាន់ស៊យមែនខ្ញុំ !!! បើខ្ញុំយកមក​ខ្ញុំ​នឹង​បើក​លុយទាំងអស់មិនឱ្យសល់មួយកាក់មួយសេនទេ ហើយបើអ្នកដែលរើសបាននោះចង់បើក ក៏គ្មាន​លុយ​បើក​ដែរ ។ តែវាគ្រាន់ជាការស្រម៉ៃប៉ុណ្ណោះ ។

​ ជិះឡានមកវិញកូន ៗ នាំគ្នាលួង​ថា​ចាំមកដល់ផ្ទះវិញ ចាំកូនជួយរក តែដូចជាគ្មានសង្ឃឹមទេ ព្រោះ​កាល​​ពី​ព្រឹកនេះ ខ្ញុំរកឡើងសោះខ្យល់ទៅហើយ ។ មកដល់ផ្ទះវិញម្នាក់ ៗអស់កម្លាំងរៀង​ៗ ខ្លួន កូន ៗ នាំ​គ្នាងូតទឹក ហើយញ៉ាំបាយ តែពួកគេក៏មិនភ្លេចសន្យាដែរ គឺគេព្យាយាម​រកកាត​របស់ខ្ញុំ​តែនៅ​តែរកមិនឃើញដដែល ។ ជិត​ដល់ម៉ោង​ចូលគេង​ស្រាប់តែកូននីតាស្ទុះភ្លែតទៅយកថង់ដែលគេប្តូរ​រង្វាន់​ពី​BigC មក ស្រាប់តែឃើញកាតនៅទីនោះ អូទេវតាពិតជាមានភ្នែកជួយមនុស្សល្អដូចជាខ្ញុំមែន ។ តែអ្វី​ដែលគួរ​ឱ្យស្តាយនោះ បើសិនជារកឃើញ​មុនពេលទៅខនកេនវិញ មិនដឹងជាខ្ញុំចាយអស់ប៉ុន្មាន​ហើយ​ទេពេលនេះ ព្រោះកាលពីព្រឹកនោះដើរមើលឥវ៉ាន់ដោយ​ធ្វើចិត្តធ្វើថ្លើមខ្លាំងណាស់ ព្រោះ​លុយ នៅក្នុង ដៃវាមិនគ្រប់ ។

​ សូមឱ្យឆ្នាំថ្មីមានតែរឿងល្អ ៗ កើតឡើងចំពោះអ្នករាល់គ្នា ជាពិសេសជូនពរឱ្យខ្លួនឯងមានកំឡាំងចិត្ត​តស៊ូជាមួយឧបសគ្គទាំងឡាយ ដោយ​ចិត្តអត់ធ្មត់បំផុត ។

នេះគឺជារូបភាពខ្លះៗនៅCentral Plaza

ManethNidat at CentralPlaza1Neth NIda3Neth NIda2

​ ​